សហជីព​និង​សង្គម​ស៊ីវិល​ចំនួន​២១​ស្នើសុំ​ពេលវេលា​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព

0:00 / 0:00

ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​តស៊ូ​មតិ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ស្នើ​ឲ្យ​រដ្ឋសភា ផ្ដល់​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការ​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នោះ បន្ទាប់​ពី​រដ្ឋសភា គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​រយៈពេល​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ខាង​មុខ។ ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​សមាជិក​ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​កាន់​អំណាច បដិសេធ​ភ្លាមៗ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២១ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា លើក​ឡើង​ថា សិក្ខាសាលា​រយៈពេល​មួយ​ព្រឹក​ដែល​រដ្ឋសភា​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​៩ មីនា ខាង​មុខ ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នោះ មិន​គ្រប់គ្រាន់​សម្រាប់​ការ​ពិភាក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​មាត្រា​មួយ​ចំនួន ដែល​ជា​កង្វល់​របស់​ក្រុម​សហជីព​នោះ​ទេ។

សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ការងារ​ទាំង​នោះ លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព បើ​សិន​មិន​មាន​ការ​កែប្រែ​ទេ នឹង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កម្មករ​និយោជិក សេរីភាព​ខាង​ការ​បង្កើត​សមាគម ការ​ចរចា​ជា​សមូហភាព ការ​ប្រមូល​ផ្ដុំ និង​ការ​បញ្ចេញ​មតិ ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា លើក​ឡើង​ថា សិក្ខាសាលា​ពិគ្រោះ​យោបល់​ដែល​រដ្ឋសភា​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ខាង​មុខ ហាក់​ដូចជា​មិន​មាន​អត្ថន័យ​ជា​ការ​ពិគ្រោះ​យោបល់​ទាល់​តែ​សោះ៖ « ច្បាប់​មួយ​យើង​ប្រើប្រាស់​ពេលវេលា​ពិគ្រោះ​យោបល់​ត្រឹម​តែ​កន្លះ​ម៉ោង​សម្រាប់​ភាគី​ពាក់ព័ន្ធ វា​ហាក់​ដូចជា​មាន គេ​ហៅ​ថា ចេតនា​មួយ​ដូច​មិន​ចង់​ឲ្យ​មាន​ការ​ជជែក​ដេញដោល​ជុំវិញ​អ្វី​ដែល​ជា​កង្វល់​របស់​សហជីព ដែល​យើង​មើល​ឃើញ​ថា វា​ជា​បញ្ហា​ប្រឈម​នៅ​ពេល​ដែល​ច្បាប់​ត្រូវ​បាន​អនុម័ត។ អ៊ីចឹង​មាន​ន័យ​ថា សិទ្ធិ​សេរីភាព ក៏ដូចជា​ការ​ប្រព្រឹត្ត​ទៅ​នៃ​កិច្ច​ដំណើរ​ការ​ទាំង​មូល​របស់​អង្គការ​សហជីព រួម​ទាំង​សិទ្ធិ​សេរីភាព​របស់​កម្មករ នឹង​ត្រូវ​បាន​ដើរ​ថយ​ក្រោយ »

សមាជិក​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បដិសេធ​នឹង​សំណើ​របស់​ក្រុម​សហជីព។ លោក​អះអាង​ថា កន្លង​ទៅ សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ឆ្លង​កាត់​ការ​ពិភាក្សា​ដេញដោល​ច្រើន ហើយ​ក៏​បាន​កែប្រែ​ត្រង់​មាត្រា​មួយ​ចំនួន​រួច​ហើយ​ដែរ៖ « វា​សំខាន់​លើ​ខ្លឹមសារ​ទេ វា​មិន​សំខាន់​លើ​ការ​ជជែក​គ្នា​ទេ ព្រោះ​ជជែក​គ្នា យោបល់​វា​ផ្សេង​គ្នា។ យក​ចំណុច​រួមៗ​ទាំងអស់​មក អា​ហ្នឹង​យើង​ធ្វើ​ឆាប់​ទេ តាម​ខ្ញុំ​យល់។ ចុះ​បើ​គាត់​មួយ​លើក​ឆ្វេង មួយ​លើក​ស្ដាំ​ទៅ ជជែក​ប្រាំ​ថ្ងៃ​ប្រាំ​យប់ ក៏​នៅ​តែ​មិន​ដល់​ចំណុច​រួម​ដែរ។ កន្លង​ទៅ គណៈកម្មការ​ចំពោះ​កិច្ច​បាន​ប្រជុំ​វា​ច្រើន​លើក​ច្រើន​សា​ដែរ​ហើយ។ អ៊ីចឹង​ទេ វា​ដូចជា​សឹង​តែ​គ្រប់គ្រាន់​ដែរ​ហើយ »

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដែល​មាន ១៧​ជំពូក និង ១០០​មាត្រា ត្រូវ​បាន​ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើក​យក​មក​ពិភាក្សា និង​ផ្ដល់​យោបល់ និង​កែប្រែ​ទៅ​លើ​មាត្រា​មួយ​ចំនួន។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា យល់​ថា ការ​ពិភាក្សា​ជាច្រើន​លើក​ច្រើន​សា​រវាង​ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កន្លង​ទៅ មិន​ឃើញ​មាន​ការ​កែប្រែ​អ្វី​ជា​ដុំ​កំភួន​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​នោះ​ទេ៖ « ហើយ​បើ​យើង​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ចុង​ក្រោយ​ហ្នឹង​ទៅ​ទៀត គឺ​នៅ​តែ​មាន​បញ្ហា​ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស ជាពិសេស​បញ្ហា​ដែល​មាន​នៅ​ក្នុង​សេចក្ដី​ព្រាង​ហ្នឹង គឺ​ធ្វើ​ឲ្យ​ធាក់​ថយ​នូវ​សិទ្ធិ​របស់​កម្មករ​និយោជិត​ក្នុង​ការ​បង្កើត ក្នុង​ការ​អនុវត្ត​សហជីព ហើយ​ក៏​ដូចជា​សិទ្ធិ​ក្នុង​ការ​ចរចា​ជា​សមូហភាព ហើយ​ជាពិសេស​ទៅ​ទៀត​នោះ គឺ​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។ សិទ្ធិ​ទាំងអស់​ហ្នឹង ត្រូវ​បាន​រឹតត្បិត ហើយ​និង​មិន​អាច​អនុវត្ត​សិទ្ធិ​ទាំងអស់​ហ្នឹង​បាន​ពេញលេញ​ទេ »

ពាក់ព័ន្ធ​នឹង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​សហជីព​នេះ តំណាង​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ពួក​គេ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​ក្រោយ​សិក្ខាសាលា​ពិគ្រោះ​យោបល់ នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ខាង​មុខ ប្រសិន​បើ​រដ្ឋសភា​នៅ​តែ​មិន​អើពើ​នឹង​សំណើ​របស់​ពួក​គេ ហើយ​និង​នៅ​តែ​ធ្វើ​សកម្មភាព​តស៊ូ​មតិ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ​ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។