អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​ប្ដឹង​ប៉ូលិស​ស្រុក​សាលាក្រៅ​ចោទ​ពី​បទ​គំរាម​សម្លាប់

0:00 / 0:00

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ក្នុង​ស្រុក​មួយ​នៅ​ខេត្ត​ប៉ៃលិន កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​តែ​រូប​គេ​ត្រូវ​បាន​មន្ត្រី​នគរបាល​ស្រុក​សាលាក្រៅ គំរាម​សម្លាប់​រឿង​មិន​ឲ្យ​ចុះ​ផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ប៉ូលិស​បាញ់​បោះ​គំរាម​កំហែង​ផ្ទះ​ប្រជាពលរដ្ឋ កាល​ពី​ថ្ងៃ​ទី​៤ មេសា។

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​កម្ពុជា​អភិវឌ្ឍន៍ បាន​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ប៉ូលិស​មួយ​រូប​ពី​បទ​គំរាម​សំម្លាប់ ទៅ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ឲ្យ​តុលាការ​រក​យុត្តិធម៌​តាម​ច្បាប់។

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​កម្ពុជា​អភិវឌ្ឍន៍ លោក អ៊ុក ទូច ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១មេសា ថា ប៉ូលិស​ស្រុក​សាលាក្រៅ ឈ្មោះ ឃា សុខន ហៅ ក្ដាម នៅ​រសៀល​ថ្ងៃ​ទី​១០ មេសា បាន​យក​កាំភ្លើង​អាកា (AK) លើក​ចុះ​ឡើង​គំរាម​កំហែង​រូប​គេ​ដល់​ផ្ទះ ដើម្បី​បង្ខំ​រូប​លោក​មិន​ឲ្យ​ចេញ​ផ្សាយ​ព័ត៌មាន ដែល​ប៉ូលិស​រូប​នោះ​បាន​យក​កាំភ្លើង​អាកា (AK) បាញ់​ចំនួន ៤​គ្រាប់​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូររអិល ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ។ លោក​អះអាង​ថា ក្រោយ​មក​រូប​គេ​ក៏​បាន​ចុះ​ទៅ​សាកសួរ​ពលរដ្ឋ​ដល់​ផ្ទះ ដើម្បី​សរសេរ​ព័ត៌មាន​ពី​ការ​បាញ់​បោះ​នោះ ស្រាប់​តែ លោក ឃា សុខន ខឹងសម្បា ហើយ​មក​រក​រឿង​លោក​ដល់​ផ្ទះ​តែ​ម្ដង៖ « គេ​ថា​មេ​របស់​គេ​មិន​ថា​អី​ផង បង​ឯង​អ្នក​សារព័ត៌មាន​ចេះ​ដឹង​អី។ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ខ្ញុំ​ក៏​សម្រួល​ទៅ​វិញ​ថា ខ្ញុំ​មិន​ចេញ​ព័ត៌មាន​នេះ​ទេ អូន​ឯង​កុំ​បារម្ភ​អី »

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​សាលាក្រៅ លោក ញឹក ថុល មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​កំពុង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​ប៉ូលិស​ដែល​បាញ់​បោះ​នោះ​ហើយ៖ « ខ្ញុំ​កំពុង​ជាប់​ប្រជុំ ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប​ប្អូន​ថា ខ្ញុំ​បាន​អនុវត្ត​តាម​វិន័យ​របស់​កង​ប្រដាប់​អាវុធ​ហើយ​ជំហាន​ដំបូង ហើយ​ខ្ញុំ​ក៏​កំពុង​តែ​ចាត់​ការ​ដែរ »

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​កម្ពុជា​អភិវឌ្ឍន៍ អះអាង​ថា ក្រោយ​ពី​កើត​ហេតុ​ភ្លាមៗ រូប​គេ​បាន​ប្ដឹង​ទៅ​អធិការ​នគរបាល​ស្រុក​សាលាក្រៅ និង​ស្នងការ​ខេត្ត​ប៉ៃលិន ឲ្យ​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​ប៉ូលិស​រូប​នោះ​ដែរ តែ​ពុំ​ទទួល​បាន​លទ្ធផល។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ប៉ូលិស​មិន​ត្រូវ​យក​កាំភ្លើង​ទៅ​គំរាម​កំហែង​អ្នក​កាសែត មិន​ឲ្យ​ចេញ​ផ្សាយ​ព័ត៌មាន​ពី​ការ​បាញ់​បោះ​ដោយ​សេរី​នោះ​ទេ។ លោក​ថា ប៉ូលិស​ធ្វើ​បែប​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ និង​បិទ​សិទ្ធិ​សេរីភាព​អ្នក​យក​ព័ត៌មាន ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​តែ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្ទាន់៖ « អ៊ីចឹង​ខ្ញុំ​កត់​សម្គាល់​ឃើញ​មន្ត្រី​ខិលខូច​មួយ​ចំនួន ពួក​គេ​តែង​តែ​បិទ​ព័ត៌មាន​មិន​ចង់​ឲ្យ​ចេញ​ទៅ​ខាង​ក្រៅ​ឲ្យ​គេ​ឯង​ដឹង​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​មន្ត្រី​មាន​អំណាច​មួយ​ចំនួន យក​តួនាទី​របស់​ខ្លួន​ទៅ​បំបិទ​សិទ្ធិ​អ្នក​សារព័ត៌មាន »

លោក​បន្ថែម​ថា ការ​បាញ់​បោះ​ដោយ​សេរី​របស់​មន្ត្រី​ប៉ូលិស​ជា​អំពើ​ខុស​ច្បាប់។

ច្បាប់​អាវុធ​ជាតិ​ផ្ទុះ​មាត្រា​ទី​១៨ ចែង​ថា ជន​ណា​បាន​ដក​កាំភ្លើង​ភ្ជង់​អ្នក​ដទៃ ឬ​គំរាម​កំហែង​អ្នក​ដទៃ ឬ​បាញ់​ខ្យល់​បាញ់​ភ្លៀង​ព្យុះ ឬ​បាញ់​សាកល្បង​ក្រៅ​ពី​កន្លែង​បាញ់​សាកល្បង​ដែល​កំណត់​ដោយ​ក្រសួង​មហាផ្ទៃ ឬ​ក្រសួង​ការពារ​ជាតិ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​តាម​ច្បាប់ ស្ដីពី​ការ​កាន់​អាវុធ និង​ស្លៀកពាក់​ឯកសណ្ឋាន​ខុស​ពី​បទបញ្ជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។