មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូនជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅយាយព្រឿង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត ក្រោយពីរកឃើញថា ឈ្មួញរូបនោះពាក់ព័ន្ធករណីចង់រំដោះឈើប្រណិតចេញពីកន្លែងរដ្ឋបាលព្រៃឈើអូរពងមាន់ កាលពីថ្ងៃទី១៣ តុលា។ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើ ចង់ឃើញតុលាការអនុវត្តច្បាប់ករណីនេះឲ្យបានត្រឹមត្រូវ និងរឹបអូសទ្រព្យសម្បត្តិឈ្មួញរូបនោះជាសម្បត្តិរដ្ឋ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ឲ្យដឹងនៅថ្ងៃទី១៦ តុលា ថា ពួកគេនៅតែព្រួយបារម្ភពីការអនុវត្តច្បាប់របស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា លើសំណុំរឿងឈ្មួញដុះស្លែនៅខេត្តស្ទឹងត្រែង ឈ្មោះ យាយព្រឿង ដែលជាប់ពាក់ព័ន្ធការជួញដូរឈើប្រណិតដោយខុសច្បាប់ច្រើនឆ្នាំ។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បារម្ភថា ឈ្មួញដុះស្លែឈ្មោះ ហេង សំនៀង ហៅយាយព្រឿង ដែលសមត្ថកិច្ចបញ្ជូនមកក្រុងភ្នំពេញកាលពីថ្ងៃទី១៤ តុលា អាចរួចផុតពីសំណាញ់ច្បាប់ ប្រសិនបើតុលាការគ្មានឆន្ទៈអនុវត្តច្បាប់ និងរងសម្ពាធពីមន្ត្រីមានឥទ្ធិពលរបស់រដ្ឋាភិបាល។ លោកថា ប្រសិនបើតុលាការមិនអនុវត្តច្បាប់ករណីនេះឲ្យបានត្រឹមត្រូវទេ មានន័យថា តុលាការបានចូលរួមចំណែកបំផ្លាញធនធានធម្មជាតិ និងធ្វើឲ្យពលរដ្ឋកាន់តែអស់ជំនឿ។
លោក អ៊ូច ឡេង ចង់ឃើញអាជ្ញាធររដ្ឋាភិបាល អនុវត្តច្បាប់ករណីនេះលើឧកញ៉ាជាប់ពាក់ព័ន្ធដឹកឈើឆ្លងដែនល្បីឈ្មោះមួយចំនួន ដែលគេស្គាល់ជាសាធារណៈដូចជា ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ឧកញ៉ា អុល និងឧកញ៉ា ទ្រី ភាព ជាដើម៖ « ខ្ញុំខ្លាចតុលាការគាត់មិនចាត់វិធានការឲ្យបានត្រឹមត្រូវតឹងរ៉ឹងទៅលើឈ្មួញយាយព្រឿងនេះ។ យាយព្រឿង បើសិនជាបញ្ជូនទៅភ្នំពេញ អាចនឹងមានខ្នងមានខ្សែរឹងមាំជួយសម្រួលវិធានការយ៉ាងណាធ្វើម៉េចឲ្យគាត់នៅក្រៅឃុំបាន »។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា មិនធ្វើអធិប្បាយពីករណីនេះទេនៅថ្ងៃទី១៦ តុលា ដោយលោកប្រាប់ថា លោកទើបត្រឡប់ពីក្រៅប្រទេស។
រីឯអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ថា មន្ត្រីអាវុធហត្ថបានស្នើសុំទៅក្រសួងយុត្តិធម៌ ដើម្បីផ្លាស់ប្ដូរសមត្ថកិច្ចពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង មកសាលាដំបូងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា មូលហេតុដែលសមត្ថកិច្ចបញ្ជូនជនជាតិវៀតណាម ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យមានការស៊ើបអង្កេតមានយុត្តិធម៌។ លោកបញ្ជាក់ថា វិធានការច្បាប់មិនថាតែបុគ្គលណាទេ ឲ្យតែប្រព្រឹត្តបទល្មើស គឺសុទ្ធតែត្រូវផ្ដន្ទាទោសតាមច្បាប់៖ « ពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីការស៊ើបអង្កេតរបស់យើងមានភាពយុត្តិធម៌ »។
កាលពីថ្ងៃទី១៣ ខែតុលា មន្ត្រីអាវុធហត្ថបានឃាត់ខ្លួនឈ្មួញរកស៊ីឈើល្បីឈ្មោះនៅភូមិភាគឦសាន និងបក្ខពួកជាង ១០នាក់ ដែលដឹកនាំដោយយាយព្រឿង បម្រុងចូលទៅរំដោះយកឈើប្រណិតចេញពីសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់។ ឈើប្រណិតទាំងនោះ មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីជំនាញស្រាវជ្រាវរកឃើញនៅឃុំស្រែក្រសាំង ស្រុកសៀមបូក បានប្រមូលឈើទាំងនោះមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ កាលពីថ្ងៃទី១២ ខែតុលា។
ស្រាប់តែនៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១៣ ខែតុលា ក្រុមបក្ខពួកយាយព្រឿង ជាង ១០នាក់ នាំគ្នាចូលទៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ក្នុងគោលបំណងរំដោះឈើទាំងនោះចេញ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល សន្និដ្ឋានថា សមត្ថកិច្ចបានបញ្ជូនជនជាតិវៀតណាម ឈ្មោះយាយព្រឿង ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយសារតែពួកគេអស់ជំនឿលើតុលាការខេត្តស្ទឹងត្រែង និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តនេះ។ លោករំពឹងថា តុលាការក្រុងភ្នំពេញនឹងអនុវត្តសំណុំរឿងនេះផ្អែកតាមច្បាប់ត្រឹមត្រូវ ដើម្បីបង់រំលស់ផ្លូវចិត្តពលរដ្ឋ និងសហគមន៍ដែលកំពុងរងគ្រោះដោយសារបាត់បង់ធនធានធម្មជាតិ៖ « កន្លងមកអ្នកណាមិនដឹងថា យាយព្រឿង រកស៊ីឈើមួយខេត្តស្ទឹងត្រែង ល្បីទូទាំងប្រទេស ប៉ុន្តែដោយឡែកសមត្ថកិច្ចខេត្តស្ទឹងត្រែង ឬមួយតុលាការខេត្តស្ទឹងត្រែង មិនដែលធ្វើយាយព្រឿង បាននោះទេ។ ចឹងបានខ្ញុំហ៊ានសន្និដ្ឋានថា លើកនេះបានគេយកទៅភ្នំពេញ ព្រោះគេលែងទុកចិត្តតុលាការស្ទឹងត្រែង »។
កាលពីថ្ងៃទី២០ ខែមករា មន្ត្រីអាវុធហត្ថនៃគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានឡោមព័ទ្ធឃ្លាំងស្តុកឈើរបស់យាយព្រឿង ជាជនជាតិវៀតណាម ឃ្លាំងឈើយាយបូង ក៏ជាជនជាតិវៀតណាម ឃ្លាំងឈើរបស់លោកឧកញ៉ា ទ្រី ភាព ឋិតនៅគល់ស្ពានសេកុង ឃ្លាំងស្តុកឈើនៅចំណុចវ៉ៃថ្ម ក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង និង ២កន្លែងផ្សេងទៀតឋិតនៅស្រុកសេសាន នៅចំណុចគល់ស្ពានស្រែពក និងតំបន់សម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីររបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា។
ឃ្លាំងឈើទាំងនោះ ភាគច្រើនគឺជាប្រភេទឈើប្រណិត ដូចជាធ្នង់ បេង និងមួយចំនួនជាប្រភេទឈើសុក្រំ និងគគីរ ដែលមានមុខកាត់ចាប់ពី ៣តឹកដល់ ៩តឹក និងប្រវែងចាប់ពី ២ម៉ែត្រដល់ ៩ម៉ែត្រ។ ក្រោយពីការបង្ក្រាប មន្ត្រីជំនាញរកឃើញឈើល្មើសច្បាប់មួយចំនួនរបស់ឈ្មួញទាំងនោះ តែគេពុំឃើញអាជ្ញាធរអនុវត្តច្បាប់ និងផ្ដន្ទាទោសអ្នកជួញដូរឈើទាំងនោះឡើយ បើទោះបីជាឧកញ៉ាទាំងនោះត្រូវបានគេស្គាល់ជាសាធារណៈ ថាជាមេខ្លោងជួញដូរឈើជាច្រើនឆ្នាំក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។