Opens in new windowប្រជាពលរដ្ឋ និងសមាជិកនៃអង្គការចលនាមាតាធម្មជាតិបានបន្តប្រមូលផ្តុំគ្នាដើរហែក្បួន និងលើកបដាតវ៉ាដើម្បីទាមទារឲ្យតុលាការខេត្តកោះកុង ដោះលែងយុវជន ៣នាក់ ដែលតុលាការខេត្តនេះចាប់ដាក់ពន្ធនាគារ ដោយសារហ៊ានចេញមុខតវ៉ាការពារសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន។
ទន្ទឹមគ្នានេះ អាជ្ញាធរខេត្តកោះកុង ក៏បានចេញលិខិតជាលើកទី៣ តម្រូវឲ្យពលរដ្ឋមកពីស្រុកចំនួន ៥ នាមូលដ្ឋានខេត្តជាប់មាត់សមុទ្រមួយនេះ បំបែកការប្រមូលផ្តុំ និងរំសាយការតវ៉ាចេញពីមុខតុលាការសាលាដំបូងខេត្តកោះកុង ជាដាច់ខាតនៅល្ងាចម៉ោង ៥ ថ្ងៃពុធ ទី២ ខែកញ្ញា។
តំណាងប្រជាពលរដ្ឋមកពី ៥ស្រុក នាខេត្តកោះកុង និងសហគមន៍ដែលមានជម្លោះដីធ្លីពីរាជធានីភ្នំពេញផង បានប្រមូលផ្តុំលើកបដាដើរហែក្បួននៅតាមផ្លូវសំខាន់នានា ក្នុងទីប្រជុំជនខេត្តកោះកុង ដើម្បីទាមទារឲ្យតុលាការខេត្តនេះដោះលែងសមាជិករបស់អង្គការចលនាមាតាធម្មជាតិ ៣នាក់ ដែលត្រូវតុលាការចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី១៧ ខែសីហា។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក អ៊ិន គង់ជិត មានប្រសាសន៍ថា សកម្មភាពតវ៉ានេះ គឺធ្វើឡើងនៅក្រោមភ្លៀងជាប់មកមិនដាច់ ហើយគិតមកដល់ថ្ងៃអង្គារ ទី១ ខែកញ្ញា មានរយៈពេល ១៤ថ្ងៃហើយ៖ «ស្នើឲ្យអាជ្ញាធរខេត្តកោះកុង ពិនិត្យមើលឥរិយាបថរបស់គាត់ឡើងវិញ ដែលបានចេញប្រកាសកន្លងមក ហើយក៏ស្នើដល់តុលាការពិចារណាអំពីវិធានការតាមផ្លូវច្បាប់របស់ខ្លួន ដើម្បីឈានដល់ពិនិត្យដោះលែង និងលើកលែងការចោទប្រកាន់យុវជនការពារបរិស្ថានទាំង ៣នាក់ ឲ្យមានសេរីភាពវិញ»។
កាលពីថ្ងៃទី១៧ ខែសីហា តុលាការបានចាប់ខ្លួនសកម្មជនការពារបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិទាំង ៣នាក់ ដោយចោទពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ ខណៈពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋក្នុងឃុំកណ្ដោល និងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ កាលពីថ្ងៃទី១៧ ខែសីហា ដើម្បីប្រឆាំងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន។ យុវជនទាំង ៣នាក់មានឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ឹម សំណាង។
ទាក់ទងបញ្ហានេះ កាលពីថ្ងៃទី៣១ ខែសីហា សាលាដំបូងខេត្តកោះកុង ក៏បានចេញដីកាសម្រេចមិនឲ្យសកម្មជនបរិស្ថានដែលជាសមាជិកចលនាមាតាធម្មជាតិ បាននៅក្រៅឃុំទៅតាមលិខិតមេធាវីការពារក្តីរបស់យុវជនទាំង ៣នាក់ទេ។ ត្រង់ចំណុចនេះ តុលាការខេត្តកោះកុង បានលើកហេតុផលចំនួន ៣ចំណុច ដែលសម្រេចមិនឲ្យយុវជនទាំង ៣នាក់បាននៅក្រៅឃុំ។ ហេតុផលទី១ គឺដើម្បីរក្សាជនត្រូវចោទទុកឲ្យតុលាការដំណើរការតាមនីតិវិធីច្បាប់។ ហេតុផលទី២ ដើម្បីបញ្ចប់បទល្មើស និងហេតុផលទី៣ បង្ការទប់ស្កាត់បទល្មើសកុំឲ្យកើតឡើងជាថ្មី។
សមាជិកនៃអង្គការចលនាមាតាធម្មជាតិ លោក សន ចាន់ដារ៉ា និងតំណាងសហគមន៍មួយចំនួនទៀត បានឲ្យដឹងថា ការប្រមូលផ្តុំគ្នាលើកបដាតវ៉ា ឬដើរហែក្បួនរបស់តំណាងសហគមន៍ ប្រជាពលរដ្ឋ និងសកម្មជនការពារបរិស្ថាន នៅថ្ងៃទី១ ខែកញ្ញា គឺបានដាក់ញត្តិស្នើដោះលែងយុវជនទាំង ៣នាក់ ជូនមន្ត្រីសាលាខេត្តព្រះសីហនុ និងបន្តដាក់ញត្តិជូនតុលាការខេត្តនេះទៀត នៅល្ងាចថ្ងៃទី១ ខែកញ្ញា ប៉ុន្តែមន្ត្រីតុលាការមិនទាន់ទទួលយកទេគិតត្រឹមម៉ោង ៤ល្ងាច។
លោក សន ចាន់ដារ៉ា៖ «ព្រឹកថ្ងៃទី១ ខែកញ្ញា នៅពេលប្រជាពលរដ្ឋដើរហែក្បួនចូលតាមផ្លូវទៅមុខផ្ទះលោក ប៊ុន លឺត អភិបាលខេត្តកោះកុង មានកម្លាំងសមត្ថកិច្ចជាច្រើនបានរារាំងពលរដ្ឋទាំងនោះមិនឲ្យចូលទៅទេ ហើយបានរុញច្រានគ្នាទៅវិញទៅមក ប៉ុន្តែមិនមានអំពើហិង្សាធ្ងន់ធ្ងរ និងគ្មានការចាប់ខ្លួនពលរដ្ឋទេ»។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលខេត្តកោះកុង លោក អ៊ិន គង់ជិត ថ្លែងថា ការប្រមូលផ្ដុំគ្នាតវ៉ារបស់តំណាងសហគមន៍ និងសកម្មជនការពារបរិស្ថាន មកដល់ល្ងាចថ្ងៃអង្គា ទី១ ខែកញ្ញា គឺមិនមានការប៉ះទង្គិចគ្នាធ្ងន់ធ្ងរជាមួយកម្លាំងអាជ្ញាធរទេ ទោះបីមានសកម្មភាពរុញច្រានគ្នារវាងកម្លាំងសមត្ថកិច្ចជាមួយពលរដ្ឋដែលរារាំងមិនឲ្យពលរដ្ឋដើរឆ្លងកាត់ផ្លូវចូលទៅមុខផ្ទះលោក ប៊ុន លឺត អភិបាលខេត្តកោះកុង បែបណាក្តី។
បញ្ហានេះ លោក ប៊ុន លឺត បានប្រាប់វិទ្យុអាស៊ីសេរីថា ករណីចាប់ខ្លួន និងឃុំខ្លួនយុវជនការពារបរិស្ថានទាំង ៣នាក់ គឺជាកិច្ចការរបស់តុលាការ និងមិនជាប់ពាក់ព័ន្ធការងារសាលាខេត្តត្រូវដោះស្រាយទេ។
យ៉ាងណាក៏ដោយ អាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចេញលិខិតជាលើកទី៣ កំណត់ឲ្យពលរដ្ឋរំសាយការប្រមូលផ្ដុំតវ៉ា ឬដើរហែក្បួនចេញពីមុខទីតាំងនៃវេទិកាមុខបរិវេណរបស់សាលាដំបូងខេត្តកោះកុង ត្រឹមម៉ោង ៥ ល្ងាចថ្ងៃពុធ ទី២ ខែកញ្ញា បើមិនដូច្នេះទេ អាជ្ញាធរនឹងមានវិធានការរដ្ឋបាលដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈទៅតាមច្បាប់។
ទោះយ៉ាងណា តំណាងសហគមន៍មកពី ៥ស្រុក នាមូលដ្ឋានខេត្តកោះកុង បានអះអាងថា នឹងរក្សាជំហរប្រមូលផ្ដុំតវ៉ា ដើម្បីទាមទារឲ្យតុលាការដោះលែងយុវជនទាំង ៣នាក់ ឲ្យមានសេរីភាពវិញ ទើបពួកគេរំសាយការតវ៉ាជាក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
