ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានបញ្ជាឲ្យមន្ត្រីអនុរក្សពន្ធនាគារ នាំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូបទៅកាន់តុលាការជាថ្មីទៀតនៅព្រឹកថ្ងៃទី២៧ ខែតុលា។ ក្នុងការកោះហៅដោយស្ងាត់ៗនេះ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអ្នកទាំង ៥នាក់បន្តរយៈពេលកន្លះឆ្នាំទៀត ក្រោយពេលបានឃុំខ្លួនពួកគេប្រមាណ ៦ខែរួចមកហើយ។
សហមេធាវីការពារក្តីឲ្យមន្ត្រីការពារសិទ្ធិមនុស្សទាំងនេះ ប្រតិកម្មចំពោះការព្យាយាមពន្យារពេលក្នុងការឃុំខ្លួនលើសនីតិវិធីដែលមានកំណត់ដោយច្បាប់។
ថ្លែងក្រោយចេញពីបន្ទប់សាកសួរកាលពីព្រឹកថ្ងៃទី២៧ ខែតុលា លោក សំ សុគង់ ឲ្យដឹងថា នៅដើមសប្ដាហ៍ទីពីរខែវិច្ឆិកា ខាងមុខនេះ ក្រុមមេធាវីនឹងដាក់បណ្ដឹងឧទ្ធរណ៍ប្រឆាំងសេចក្ដីសម្រេចនៅពេលនេះរបស់ចៅក្រមស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ។ គម្រោងនៃការដាក់លិខិតដែលមិនទាន់កំណត់ថ្ងៃនេះ ត្រូវបានមេធាវីការពារក្តី លោក សំ សុគង់ ចាត់ទុកថានេះជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ព្រោះជាការឃុំខ្លួនលើសពី ៦ខែ ដែលមានបញ្ញត្តិដោយច្បាប់នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
លោកមេធាវី សំ សុគង់ បន្តថា « ខ្ញុំយល់ឃើញថារឿងនេះបើយើងពិនិត្យទៅលើនីតិវិធីច្បាប់ គឺមិនមានលក្ខណៈត្រឹមត្រូវទេ ដោយសារបទចោទក៏ដូចជាបទល្មើសនេះ មិនមានភាពស្មុគស្មាញ ហើយក៏មិនមានឧបសគ្គអ្វីដែលពាក់ព័ន្ធដល់ការស៊ើបសួររបស់ចៅក្រមដែរ។ អ៊ីចឹងរយៈពេល ៦ខែនៃការឃុំខ្លួននេះ គឺថាគ្រប់គ្រាន់ដែលចៅក្រមស៊ើបសួរអាចរកភស្តុតាងដាក់បន្ទុក ឬដោះបន្ទុកបាន »។
គិតពីថ្ងៃចាប់ខ្លួនកាលពីខែមេសា គឺមានរយៈពេលប្រមាណ ៦ខែហើយ ដែលដល់ពេលល្មមអាចឲ្យតុលាការមានលទ្ធភាពបើកការជំនុំជម្រះក្នុងសំណុំរឿងសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំង ៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅក្នុងអង្គភាពនេះដើម្បីសួរនាំរយៈពេល ២ថ្ងៃពេញ ក្នុងខែមេសា មុនបញ្ជូនទៅតុលាការដើម្បីចោទប្រកាន់។
បើទោះជាបែបណា ក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា២០៨ ចែងថា ការឃុំខ្លួនមិនអាចឲ្យលើសពី ៦ខែបានឡើយ។ ការពន្យារពេលរបស់ចៅក្រម មិនអាចធ្វើឡើងច្រើនជាងពីរដងទេ។ ប៉ុន្តែបើផុតរយៈពេលនៃការឃុំខ្លួននេះ ហើយចៅក្រមចង់ពន្យារពេលទៀត អាចធ្វើទៅបានលុះត្រាមានសំអាងហេតុត្រឹមត្រូវ។
លោក សំ សុគង់ ឲ្យដឹងថា មូលហេតុដែលចៅក្រមស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ លើកពេលក្នុងការឃុំខ្លួនបន្តទៀតនេះ ដោយសារចៅក្រមត្រូវការពេលវេលាស៊ើបអង្កេតសំណុំរឿងនេះបន្ថែម។
ទាក់ទងសំណុំរឿងដ៏រសើបនេះ បានបង្ខំចិត្តឲ្យប្រធានសមាគមអាដហុក ម្នាក់ទៀត ត្រូវនិរទេសខ្លួនទៅក្រៅប្រទេស គេចចេញពីការគំរាមចាប់ខ្លួនរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ប្រាប់កាសែតក្នុងស្រុកកាលពីថ្ងៃទី២៦ តុលា លោក ធន សារាយ ចោទប្រកាន់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលគ្រប់គ្រងដោយលោក ឱម យ៉ិនទៀង បានគំរាមចាប់ខ្លួនលោកទៀត ប្រសិនបើលោកនៅតែជាឆ្អឹងទទឹងកក្នុងរឿងក្ដីនេះទៀត។
ជុំវិញភាពចម្រូងចម្រាសនេះ សហមេធាវីការពារក្ដីឲ្យអ្នកទាំង ៥នាក់ ធ្លាប់ធ្វើបណ្ដឹងឧទ្ធរណ៍ម្ដងរួចហើយ ដោយចោទប្រកាន់ថា អង្គភាពប្រឆាំងអំពើពុករលួយ ឃុំខ្លួនលើសពី ៤៨ម៉ោងចំពោះអ្នកទាំង ៥រូប ប៉ុន្តែត្រូវបានសភាស៊ើបសួរនេះទាត់ចោល។
កំពុងធ្វើដំណើរចេញពីបន្ទប់សាកសួរ ដោយដៃជាប់ខ្នោះផង លោក ណៃ វ៉ង់ដា ពុំប្រតិកម្មអ្វីឡើយចំពោះការសម្រេចឃុំខ្លួននៅពេលនេះរបស់ចៅក្រម លោក ធាម ច័ន្ទពិសិដ្ឋ ក៏ប៉ុន្តែមន្ត្រីការពារសិទ្ធិមនុស្សរូបនេះ បែរជាបង្វែរការងារដ៏ចាំបាច់នេះទៅអំពាវនាវឲ្យពលរដ្ឋ ត្រូវទៅចុះឈ្មោះបោះឆ្នោតទៅវិញ។ លោកបន្តថា « សំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេសហ្នឹង ទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា។ ត្រូវតស៊ូ ហើយប្រឹងប្រែងឡើងដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន »។
មន្ត្រីនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក លី សុផាណា ឲ្យដឹងតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) ថា ការតម្រូវឲ្យមន្ត្រីការពារសិទ្ធិមនុស្សទាំង ៤រូប និងលោក នី ចរិយា មកកាន់តុលាការទៀតនេះ គឺចៅក្រមស៊ើបសួរបន្តនីតិវិធីទាក់ទងការឃុំខ្លួនបណ្ដោះអាសន្នក្នុងរឿងក្ដីសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។
ក្រោយការឃាត់ខ្លួន និងចោទប្រកាន់ពីតុលាការក្រុងភ្នំពេញប្រឆាំងលោក នី ចរិយា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងលោក នី សុខា ក្នុងរឿងក្តីពាក់ព័ន្ធរវាងប្រធានស្ដីទីគណបក្សប្រឆាំង លោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ នេះ មានប្រតិកម្មជាបន្តបន្ទាប់ពីក្រុមអង្គការមិនមែនរដ្ឋាភិបាល ដោយចាត់ទុកថា នេះជាវិធីសាស្ត្រយកនុយស្ទូចត្រីយ៉ាងមានប្រសិទ្ធភាព ក្នុងការបំបិទសំឡេងអ្នកប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។ រឿងក្តីព្រហ្មទណ្ឌនេះ មានមនុស្សសំខាន់ៗជាច្រើននាក់ត្រូវចោទប្រកាន់តាមផ្លូវតុលាការ និងឃុំខ្លួននៅក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។