មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកសភាស៊ើបសួរសាលាឧទ្ធរណ៍សម្រេចឲ្យមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា មិនឲ្យនៅក្រៅឃុំតាមការស្នើសុំរបស់ក្រុមមេធាវីនោះ ថាជាការសម្រេចពាក់ព័ន្ធនឹងរឿងនយោបាយ។
ការលើកឡើងនេះ ធ្វើឡើងភ្លាមៗក្រោយពេលក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំនៅព្រឹកថ្ងៃទី១៣ មិថុនា។
អង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថា មូលហេតុដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃុន លាងម៉េង បដិសេធបណ្ដឹងសារទុក្ខលើសំណុំរឿងសុំនៅក្រៅឃុំនេះ បញ្ហាចម្បងនោះគឺដោយសារសំណុំរឿងនេះមានជាប់ទាក់ទិនរឿងនយោបាយ។ ហេតុនេះ បើទោះជាមានភស្តុតាងដោះបន្ទុក ដែលមានធាតុផ្សំគ្រប់គ្រាន់ ក៏មិនអាចទៅរួចដែរ។
ថ្លែងក្រោយបញ្ចប់សវនាការ លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសនៃការិយាល័យស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ចាត់ទុកសេចក្ដីសម្រេចនេះថា ប្រសិនបើមិនមានការលូកដៃផ្នែកនយោបាយទេ នោះមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប អាចមានសេរីភាពទៅតាមការស្នើសុំបានហើយ។ ម្យ៉ាងវិញទៀត ក្នុងស្ថានភាពនយោបាយបន្តអាប់អួបែបនេះ បើទោះរកឃើញថាពុំមានធាតុផ្សំនៃបទល្មើស ក៏មិនអាចទៅរួចដែរ ព្រោះវាជារឿងនយោបាយ។ លោកបន្តថា « ខ្ញុំសង្ឃឹមថារឿងនេះបើសិនជាយើងនិយាយពីផ្លូវច្បាប់ គាត់មានលក្ខខណ្ឌគ្រប់គ្រាន់ហើយក្នុងការធានាឲ្យនៅក្រៅឃុំ។ ប៉ុន្តែអ្វីដែលពិបាក គឺស្ថានភាពនយោបាយ »។
មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក ៤រូប និងលោក នី ចរិយា មន្ត្រី គ.ជ.ប ម្នាក់ផង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន និងចោទប្រកាន់ពីបទសូក និងសមគំនិតសូកប៉ាន់សាក្សីកាលពីខែឧសភា។
ការចំណាយពេលជំនុំជម្រះប្រមាណ ៥ម៉ោង កាលពីព្រឹកថ្ងៃទី១៣ មិថុនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃុន លាងម៉េង បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញ ទុកជាបានការ។ មូលហេតុនៃការសម្រេចបែបនេះ ដោយសារក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថា ខ្លាចប៉ះពាល់ដល់ដំណើរការស៊ើបអង្កេតរបស់តុលាការ និងខ្លាចជនជាប់ចោទទាំងនោះ មិនសហការជាមួយតុលាការ ជាពិសេសព្រួយបារម្ភប៉ះពាល់ដល់សុវត្ថិភាពរបស់ជនជាប់ចោទ ជាដើម។
មេធាវីការពារក្ដីលោក សំ សុគង់ ថ្លែងថា ការសម្រេចបែបនេះរបស់ក្រុមប្រឹក្សាជំនុំជម្រះ ហាក់មិនទំនងទាល់តែសោះ ដោយហេតុថា កូនក្ដីរបស់ខ្លួនបង្ហាញឆន្ទៈរួចហើយក្នុងកិច្ចសហការជានិច្ច ទាំងជាមួយសមត្ថកិច្ច និងតុលាការ។ មិនតែប៉ុណ្ណោះ ពួកគេរហូតហ៊ានសម្រេចតម្កល់ប្រាក់ធានានៅក្រៅឃុំថែមទៀតផង។ លោកបន្តថា បើផ្អែកលើសំណុំរឿងនេះ កូនក្ដីរបស់លោកអាចមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបាននៅក្រៅឃុំដូចការស្នើសុំ។ លោកបន្តថា « ខ្ញុំគិតថាបើយើងនិយាយពីការសម្រេចរបស់តុលាការសាលាឧទ្ធរណ៍នេះ យើងឃើញថាមិនទាន់មានលក្ខណៈមួយត្រឹមត្រូវនៅឡើយទេ ដោយសារយើងបង្ហាញលក្ខខណ្ឌគ្រប់គ្រាន់ហើយ តុលាការមិនបានពិចារណាអំពីអ្វីដែលយើងបានលើកឡើង ហើយនិងផ្លូវច្បាប់ទៅតុលាការ »។
ស្ថិតនៅផ្នែកខាងមុខសាលាឧទ្ធរណ៍វិញ គេសង្កេតឃើញមានក្រុមអ្នកគាំទ្រមួយចំនួន បានដាក់បដា និងស្រែកទាមទារឲ្យតុលាការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក និងលោក នី ចរិយា។ ដំណាលគ្នានៃសវនាការកំពុងដំណើរការ មានស្ត្រីម្នាក់ជាសកម្មជនតស៊ូមតិក្នុងរឿងដីធ្លីនៅបុរីកីឡា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមហេតុផលចោទប្រកាន់ថា ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។
នៅពេលបញ្ជូនចេញពីបន្ទប់សវនាការត្រឡប់ទៅកាន់ពន្ធនាគារវិញ ទាំងលោក នី ចរិយា លោក យី សុខសាន្ត និងលោក ណៃ វ៉ង់ដា សុទ្ធតែបានអះអាងថា ប្រសិនបើតុលាការមានភាពឯករាជ្យ ប្រហែលជាពួកគេអាចបាននៅក្រៅឃុំ។ បន្ថែមពីលើនេះ ក្នុងពេលមន្ត្រីការពារសិទ្ធិមនុស្សទាំងនេះត្រូវគេបញ្ជូនចូលរថយន្តវិញ បានស្រែកចេញពីចម្រឹងបង្អួចរថយន្តថា យុទ្ធនាការដែលពលរដ្ឋតែងរៀបចំនៅរាល់ថ្ងៃច័ន្ទ គឺជាយុទ្ធនាការដែលត្រឹមត្រូវ។ លោកបន្តថា « យើងគិតថាការឃុំខ្លួនដល់យើងខ្ញុំជាសង្គមស៊ីវិល វាមិនគួរជាប្រទេសមួយដែលមាននីតិរដ្ឋទេ។ ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលទម្លាក់ចោលរាល់ការចោទប្រកាន់ដល់ពួកយើងខ្ញុំ។ អរគុណអ្នកទាំងអស់គ្នា។ ខ្ញុំគាំទ្រថ្ងៃច័ន្ទពណ៌ខ្មៅ »។
ក្រោយបិទបញ្ចប់សវនាការ មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤រូប ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញ ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ មេធាវីការពារក្តីឲ្យជនជាប់ចោទទាំងនេះបញ្ជាក់ជំហរថា ខ្លួននឹងរៀបចំបណ្ដឹងសារទុក្ខទៅតុលាការកំពូលបន្តទៀតប្រឆាំងសេចក្ដីសម្រេចនៅពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។