ចៅក្រមសាលាឧទ្ធរណ៍បើកសវនាការកាត់ក្ដីដោយកំបាំងមុខករណីបណ្ដឹងរបស់បុរសដែលភាគច្រើនជាកម្មករចំនួន ១៣នាក់ ដែលត្រូវចាប់ខ្លួននៅក្នុងការបង្ក្រាបកម្មករតវ៉ានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម ឆាយ ច័ន្ទតារាវណ្ណ បានសម្រេចលើកពេលប្រកាសសាលដីកាសំណុំរឿងនេះទៅថ្ងៃទី៤ ខែកុម្ភៈ។ ចៅក្រមក៏បានប្រកាសអោយជនជាប់ចោទប្ដឹងសាទុក្ខអោយសាលាឧទ្ធរណ៍បើកសវនាការឡើងវិញ ប្រសិនបើពួកគេមិនពេញចិត្តនឹងការសម្រេចនោះ។
ប្រធានបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ដែលឃ្លាំមើលសវនាការលើកឡើងថា ដើម្បីអោយមានភាពយុត្តិធម៌ចៅក្រមគួរតែជ្រើសរកជម្រើសផ្សេងជាជាងការកាត់ក្ដីដោយកំបាំងមុខជនជាប់ចោទ។ លោកថា ក្នុងសវនាការមានតែមន្រ្តីនគរបាល និងកងរាជអាវុហត្ថដែលបន្តអះអាងថា ពុំបានប្រើកាំភ្លើងទេនៅពេលបង្រ្កាបការវ៉ាដំឡើងប្រាក់ឈ្នួលរបស់កម្មករ៖ «មន្រ្តីកងរាជអាវុធហត្ថបញ្ជាក់ថា ខ្លួនបើកប្រតិបត្តិការប្រើតែដំបង និងខែលអត់មានប្រើអាវុធទេ ហើយកម្លាំងនគរបាលថា ខ្លួនប្រើដំបង ខែល និងកាំភ្លើងឧស្ម័នបង្ហូរទឹកភ្នែក។ ប៉ុន្តែអ្វីដែលជាធាតុពិតនៅកន្លែងកើតហេតុឃើញថា មានមនុស្ស ៤នាក់ស្លាប់ដោយគ្រាប់កាំភ្លើង ហើយមានមនុស្សជាច្រើននាក់បានរងរបួសដោយសារគ្រាប់កាំភ្លើង។ តើគ្រាប់កាំភ្លើងនោះក្រុមណាជាអ្នកប្រើ បើការបង្រ្កាបនោះមានតែកងរាជអាវុធហត្ថ និងនគរបាល?»។
ហេតុផលមួយដែលចៅក្រមបានលើកឡើងពីការកាត់ក្ដីកំបាំងមុខ គឺមិនអាចស្វែងរកជនជាប់ចោទ។ បើទោះជាយ៉ាងណាក៏មានមេធាវីមួយចំនួនបានស្នើសុំពន្យារពេលសវនាការដែរ។
សាលាដំបូងរាជធានីភ្នំពេញ កាត់ក្ដីកាលពីខែឧសភា ឆ្នាំ២០១៤ អោយអ្នកទាំង ១៣នាក់មានទោស ប៉ុន្តែបានព្យួរទោស។ ក្នុងនោះបុរស ៣នាក់ ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចាប់ពី ១ឆ្នាំ ដល់ ៤ឆ្នាំ។ បុរស ១០នាក់ ត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចន្លោះពី ៣ឆ្នាំ ទៅ ៤ឆ្នាំ។ ពួកគេបានដាក់ពាក្យប្ដឹងទាស់ដោយសំអាងថា ពួកគេពុំមានទោស។
ក្រុមអង្គការសិទ្ធិមនុស្សរិះគន់ករណីផ្តន្ទាទោសអ្នកទាំង ១៣នាក់ថា អយុត្តិធម៌នៅពេលដែលអ្នកបាញ់សម្លាប់កម្មរចំនួន ៤នាក់ នៅថ្ងៃកើតហេតុពុំត្រូវបានវែកមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។