ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ ឲ្យដឹងថា នៅរសៀលថ្ងៃច័ន្ទ ទី១២ ឧសភា នេះ រូបលោកបានដាក់ប្រាក់តម្កល់ចំនួន ២៥.០០០ដុល្លារអាមេរិកជូនតុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធានាខ្លួននៅក្រៅមន្ទីរឃុំឃាំង។
លោក អាត់ ធន់ ដែលជាប្រធានសហភាពការងារកម្ពុជា ផងនោះ ថ្លែងថា ប្រាក់តម្កល់ទាំងនេះរូបលោកបានទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជន ក្រុមកម្មករ និងសហជីពអន្តរជាតិ ជាអ្នកជួយទំនុកបម្រុង។ លោកបន្តថា ការដាក់ប្រាក់តម្កល់ពេលនេះ ធ្វើឡើងតាមសេចក្តីសម្រេចរបស់សាលាដំបូង ដែលតម្រូវឲ្យដាក់ប្រាក់តម្កល់ក្នុងរយៈពេល ១ខែ គិតត្រឹមថ្ងៃទី១៩ ខែឧសភា ខាងមុខ។
លោក អាត់ ធន់៖ «សំណុំរឿងរោងចក្រ អែស.អិល គឺជាសំណុំរឿងមួយដែលបានបញ្ចប់កាលពីឆ្នាំ២០១៣ ក្រោយពីក្រុមកម្មករធ្វើកូដកម្មរយៈពេលជាង ៣ខែ ដោយបញ្ចប់ទៅវិញ ដោយការទទួលយកនូវលក្ខខណ្ឌកិច្ចព្រមព្រៀងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ ហើយមានអន្តរាគមន៍ពីរដ្ឋាភិបាល និងមាន ស.ជ.ណ. ចំនួន ២ ហើយក្នុងនោះក្រុមហ៊ុនបញ្ឈប់ការប្ដឹងផ្ដល់អ្វីទាំងអស់ និងព្រមទទួលយកនូវលក្ខខណ្ឌផ្សេងៗ»។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចបង្គាប់ឲ្យលោក អាត់ ធន់ ដាក់ប្រាក់តម្កល់ចំនួន ២៥.០០០ដុល្លារ នៅសាលាដំបូងក្នុងរយៈពេលមួយខែ។ បន្ថែមលើនេះ តុលាការក៏បានបង្គាប់លោក អាត់ ធន់ មិនឲ្យចេញមុខជួបកម្មករ-និយោជិត និងបុគ្គលមួយចំនួននៅតាមទីសាធារណៈថែមទៀត។
លោក អាត់ ធន់ ត្រូវថៅកែ និងកម្មកររោងចក្រ អែស.អិល ប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៤ ដោយចោទពីបទញុះញង់កម្មកររោងចក្រ អែស.អិល ឲ្យប្រព្រឹត្តអំពើហិង្សា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅម្តុំមុខវត្តស្ទឹងមានជ័យ ក្រុងភ្នំពេញ។
លោក អាត់ ធន់ ចាត់ទុកបណ្ដឹង និងការសម្រេចរបស់សាលាដំបូងមកលើរូបលោកថា ជាការគំរាមកំហែង និងបង្កើតជាឧបសគ្គរារាំងមិនឲ្យលោកចូលរួមជួយទាមទារសិទ្ធិ និងផលប្រយោជន៍ៗ របស់កម្មករនាថ្ងៃអនាគត៖ «តុលាការគឺជាតំណាង ដូចអាទិទេពមួយ និងជាតំណាងឲ្យប្រជាពលរដ្ឋ និងព្រះមហាក្សត្រ។ អ៊ីចឹងមុននឹងធ្វើកិច្ចការអីមួយគួរតែពិនិត្យមើលច្បាប់ និងពិនិត្យមើលអង្គហេតុឲ្យបានច្បាស់។ បើសិនជារកឃើញចំណុចខ្វះខាត ហើយចំណុចទាំងអស់ហ្នឹងរកឃើញដោយគ្មានការវិភាគ ខ្ញុំគិតថា វាមិនមែនជាតុលាការប្រជាជន ឬជាតុលាការតំណាងឲ្យព្រះមហាក្សត្រតទៅទៀតទេ»។
សម្រាប់មន្ត្រីសង្គមស៊ីវិលមួយចំនួនបានចាត់ទុកសំណុំរឿងប្ដឹងផ្ដល់លោក អាត់ ធន់ ថា ជាការរឹតត្បិតលើសិទ្ធិសេរីភាពសហជីពក្នុងសកម្មភាពជួយទាមទារសិទ្ធិផ្សេងៗជូនកម្មករ។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតអង្គការលីកាដូ (Licadho) បានស្នើដល់ក្រសួងការងារ និងតុលាការសាលាដំបូង ត្រូវគោរពចំពោះកិច្ចព្រមព្រៀងរវាងសហជីពស៊ីខាវឌូ និងក្រុមហ៊ុន អែស.អិល បានចុះកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមក។ ជាងនេះ តុលាការក៏ត្រូវកាត់ក្តីឲ្យមានយុត្តិធម៌ និងឈរលើវិជ្ជាជីវៈដ៏ត្រឹមត្រូវរបស់ខ្លួន។
លោក អំ សំអាត៖ «លុយ ២ម៉ឺន ៥ពាន់ដុល្លារអាមេរិក មិនមែនជាលុយតិចតួចទេ ហើយនេះ គឺជាការដាក់សម្ពាធមួយដ៏ធ្ងន់ធ្ងរសម្រាប់លោក អាត់ ធន់ ហើយមួយទៀត គឺបានហាមមិនឲ្យលោក អាត់ ធន់ បង្ហាញវត្តមានតាមទីសាធារណៈជាមួយកម្មករទៀត។ អានេះគឺជាការកម្រិតសិទ្ធិយ៉ាងទាបមែនទែននៅក្នុងកាលៈទេសៈនេះ ឬស្ទើរតែបាត់សិទ្ធិក្នុងនាមថ្នាក់ដឹកនាំសហជីពទៅហើយ។ អ្វីដែលយើងឃើញថា ជាការឆ្លើយតប ការគាំទ្រទៅលើលោក អាត់ ធន់ មកវិញនោះ ឃើញថា លុយ ២ម៉ឺន ៥ពាន់ដុល្លារនេះ ត្រូវបានចេញពីញើសឈាមរបស់ក្រុមកម្មករសុទ្ធសាធ ដែលកម្មករបានប្រមូលគ្នាដើម្បីជួយទៅលោក អាត់ ធន់»។
សហជីពស៊ីខាវឌូ និងរោងចក្រ អែស.អិល កាលពីថ្ងៃ៣ ខែធ្នូ ឆ្នាំ២០១៣ បានចុះកិច្ចព្រមព្រៀងជាមួយគ្នាដោយធានាមិនឲ្យមានការគុំកួន ឬរើសអើងសហជីព និងមិនប្ដឹងតំណាងសហជីពទៅតុលាការទេ។ ក៏ប៉ុន្តែកាលពីខែមីនា កន្លងមកនេះ ថៅកែរោងចក្រ អែស.អិល បានសើរើសំណុំរឿងនេះ និងដាក់ពាក្យប្ដឹងមេដឹកនាំសហជីពស៊ីខាវឌូ ទៅកាន់តុលាការសាលាដំបូងដែលលោក អាត់ ធន់ ពិពណ៌នាថា បានរំលោភទៅលើកិច្ចព្រមព្រៀងដែលបានយល់ព្រមជាមួយគ្នាកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
