លោក ឈាង វុន ប្រកាស​រៀបចំ​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត​ឲ្យ​បាន​ក្នុង​អាណត្តិ​ទី​៥

0:00 / 0:00

លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ឬ​ហៅ​ថា គណៈកម្មការ​ទី​៥​រដ្ឋសភា ប្រកាស​រៀបចំ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត (Cyber Crime Law or Internet Law) ឲ្យ​បាន​នៅ​ក្នុង​សភា​អាណត្តិ​ទី​៥​នេះ។

ប្រធាន​គណៈកម្មការ​ទី​៥​រដ្ឋសភា ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី​២៥ កញ្ញា ថា ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អ៊ីនធឺណិត មាន​ភាព​ចាំបាច់​ដើម្បី​ទប់ស្កាត់​បទល្មើស​សង្គម និង​រាំង​ស្កាត់​ការ​ផ្សាយ​ព័ត៌មាន​គ្មាន​ការ​ពិត​តាម​អ៊ីនធឺណិត។

លោក ឈាង វុន លើក​ឡើង​ថា ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​មាន​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត​នេះ​ជា​យូរ​មក​ហើយ និង​លោក​យល់​ថា ច្បាប់​នេះ​មាន​សារប្រយោជន៍​ក្នុង​ការ​ទប់ស្កាត់​ការ​ផ្សាយ​ព័ត៌មាន​អាសអាភាស ប៉ះពាល់​យុវវ័យ​ក្នុង​សង្គម។

លោក ឈាង វុន៖ «ស្រុក​ណា​ក៏​មាន​ច្បាប់​នេះ​ដែរ គ្រាន់​តែ​ថា យើង​សរសេរ​យ៉ាង​ម៉េច​អោយ​ត្រឹមត្រូវ។ ឧបមា​ថា​ឥឡូវ​នេះ គេ​សរសេរ​ស្អី​មួយ​ល្អ អា​ពាក្យ​សរសេរ​ល្អ​នេះ​មិន​បាន​ន័យ​ថា គេ​សរសេរ​មាន​ន័យ​អាក្រក់​ទេ អា​គេ​ទិតៀន​នេះ​ក៏​ល្អ​ដែរ។ អា​នេះ​យើង​ត្រូវ​កោត​សរសើរ​គេ។ ត្រូវ​លើក​សរសើរ​អ្នក​សរសេរ​ហ្នឹង។ ក៏ប៉ុន្តែ​បើ​គេ​និយាយ​ពី​រឿង​ជ្រូក រឿង​អី យី​ពិបាក​ទទួល​ដែរ​ណា ខ្ញុំ​មាន​កូន​តូចៗ​មាន​ចៅ​ដែរ​ហ្នឹង។ ទទួល​យក​ម៉េច​បាន អា​រឿង​អ៊ីចឹងៗ អា​នេះ​ត្រូវ​មាន​ច្បាប់​គ្រប់គ្រង​ហើយ។ យើង​បង្ហោះ​ព័ត៌មាន​ផ្ដេសផ្ដាស ដូចជា យក​រូប​ថ្នាក់​ដឹក​នាំ​ម្នាក់ យក​ខ្លួន​ឆ្កែ ក្បាល​មនុស្ស​ទៅ​ដាក់ អា​នេះ​មិន​មែន​ព័ត៌មាន​ទេ។ ត្រូវ​ចែក​ឲ្យ​ដាច់​ស្អី​ហៅ​ថា​ព័ត៌មាន ស្អី​មិន​មែន​ព័ត៌មាន»

បច្ចុប្បន្ន ប្រទេស​កម្ពុជា គ្មាន​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត​ទេ ហើយ​បទល្មើស​ដែល​កើត​ឡើង​ទាក់ទង​ការ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត ដូចជា​ការ​ជំរិត​យក​ប្រាក់ បាន​កើត​មាន​ជាច្រើន​ករណី ជាពិសេស​មាន​ជនជាតិ​ចិន ប្រព្រឹត្ត​បទល្មើស​នេះ​នៅ​កម្ពុជា។ លោក ឈាង វុន មាន​ប្រសាសន៍​ថា ដោយសារ​ប្រទេស​កម្ពុជា គ្មាន​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត​នេះ​ហើយ នៅ​ពេល​មាន​បទល្មើស​កើត​ឡើង អាជ្ញាធរ និង​ចៅក្រម​តុលាការ បាន​ប្រើ​ក្រម​ព្រហ្មទណ្ឌ ដើម្បី​ផ្ដន្ទាទោស​ជន​ល្មើស​ទៅ​វិញ។

លោក ឈាង វុន៖ «ប៉ុន្តែ​ច្បាប់​ព្រហ្មទណ្ឌ​នេះ​និយាយ​អត់​ចំ CYBER CRIME នេះ​ទេ។ បទឧក្រិដ្ឋ​ពី​អ៊ីនធឺណិត​នេះ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ទីក្រុង​ហ្សឺណែវ គេ​មាន​បង្កើត​អង្គការ​មួយ​ហៅ​ថា អាយធីយូ (ITU) ហើយ​គាត់​ទទួល​ខុស​ត្រូវ​លើ​សកលលោក​តែ​ម្តង។ គាត់​បាន​អញ្ជើញ​ខ្ញុំ​ទៅ ហើយ​គាត់​ថា ឯកឧត្តម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខាង​គណៈកម្មការ​ព័ត៌មាន​របស់​រដ្ឋសភា ដូច្នេះ​ឯកឧត្តម​ត្រូវ​ជំរុញ​យ៉ាង​ណា​ឲ្យ​បង្កើត​ច្បាប់​នេះ​ជា​បន្ទាន់ គឺ​ការ​គ្មាន​ច្បាប់​គ្រប់គ្រង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​សង្គម​ខូច​ទៅ​ថ្ងៃ​ក្រោយ ហើយ​យុវជន​យើង​អត់​មាន​អនាគត។ នៅ​ក្នុង​អ៊ីនធឺណិត កុន​កូន​ជ្រូក​មាន​ពាស​វាល​ពាស​កាល នៅ​ស្រុក​គេ​អត់​បាន​ទេ​អា​ហ្នឹង»

គម្រោង​រៀបចំ​ឲ្យ​មាន​ច្បាប់​ស្ដីពី​គ្រប់គ្រង​អ៊ីនធឺណិត​នេះ តែង​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​អង្គការ​មិន​មែន​រដ្ឋាភិបាល ដោយសារ​ច្បាប់​នេះ​អាច​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ក្នុង​ការ​ទទួល​ព័ត៌មាន។

ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​រៀបចំ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អ៊ីនធឺណិត​នេះ​ទេ ពីព្រោះ​នៅ​ប្រទេស​កម្ពុជា មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ មាន​ចែង​អំពី​ការ​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្តិ​បទល្មើស​តាម​អ៊ីនធឺណិត​បាន​ហើយ៖ «ហើយ​បើ​យើង​មើល​ពី​ខ្លឹមសារ​នោះ គឺ​យើង​មាន​ការ​ព្រួយ​បារម្ភ​មែន​ទែន។ វា​អាច​ទាក់ទង​ជាមួយ​សេរីភាព​បញ្ចេញ​មតិ​ដែរ។ ហើយ​អាច​មាន​ការ​ជំរុញ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​យុវជន​យើង ដែល​ថ្មីៗ​ទើប​ទទួល​បាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​អ៊ីនធឺណិត។ ហើយ​បើ​តាម​ច្បាប់​ព្រហ្មទណ្ឌ​វិញ អ្វី​ដែល​ខុស​ច្បាប់ ប្រទេស​កម្ពុជា យើង គឺ​មាន​ចែង​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ទៅ​ហើយ។ បើ​ច្បាប់​ព្រហ្មទណ្ឌ​ចែង​ហើយ យើង​មិន​ចាំបាច់​មាន​ច្បាប់​ពិសេស ដែល​ផ្ដោត​ទៅ​លើ​ការ​សម្ដែង​មតិ​តាម​អ៊ីនធឺណិត​ទេ»

ការ​ប្រើប្រាស់​អ៊ីនធឺណិត​កំពុង​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា ហើយ​ដោយសារ​ប្រជាពលរដ្ឋ ជាពិសេស​យុវវ័យ និយម​ប្រើ​បណ្ដាញ​សង្គម ដូចជា ហ្វេសប៊ុក (facebook) ជាដើម ដើម្បី​ចែក​ចាយ​ព័ត៌មាន​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មាន​ការ​ប្រែប្រួល​លទ្ធផល គឺ​គណបក្ស​ប្រឆាំង​បាន​ទទួល​អាសនៈ​៥៥​នៅ​ក្នុង​អាសនៈ​១២៣​របស់​រដ្ឋសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។