Opens in new windowមន្ត្រីជាន់ខ្ពស់ប្រចាំនៅខេត្តតាកែវ របស់គណបក្សសង្គ្រោះជាតិ អះអាងថា អនុប្រធានគណៈកម្មការប្រតិបត្តិស្រុកព្រៃកប្បាស ត្រូវបានស្នងការខេត្តនេះឃុំខ្លួន ក្រោមបទចោទថា ចែកចាយឯកសារខុសច្បាប់ ទាក់ទងនឹងប្រទេសវៀតណាម។
នេះជាការចាប់ខ្លួនថ្មីមួយទៀត ដែលធ្វើដោយអាជ្ញាធរនៃរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងមន្ត្រី ឬសកម្មជនគណបក្សប្រឆាំង។ អង្គការសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនចំណេញអ្វីទាល់តែសោះពីការចាប់ខ្លួននេះ។
ប្រធានគណៈកម្មការប្រតិបត្តិខេត្តតាកែវ របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គិតមកដល់ពេលនេះ លោក ឈា តាំងស៊ន ដែលជាអនុប្រធានគណៈកម្មការប្រតិបត្តិស្រុកព្រៃកប្បាស ត្រូវបានឃុំខ្លួនក្នុងស្នងការដ្ឋាននគរបាលខេត្តនៅឡើយ ក្រោយពីហៅសាកសួររួច។
លោក ម៉ៅ សុផល ប្រធានគណៈកម្មការប្រតិបត្តិខេត្តតាកែវ របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី៥ កញ្ញា ថា ការចាប់ខ្លួន គឺធ្វើឡើងក្រោមហេតុផលនយោបាយ។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ ទាមទារឲ្យសមត្ថកិច្ចត្រូវដោះលែងមន្ត្រីរបស់ខ្លួនឲ្យមានសេរីភាពវិញ។ លោកបន្តថា «បញ្ហាចាប់ខ្លួន គឺជាការពិត ប៉ុន្តែព្រឹកមិញគេសាកសួរនៅអធិការស្រុកព្រៃកប្បាស។ ឥឡូវនេះគេបញ្ជូនមកស្នងការខេត្តហើយ»។
លោក ឈា តាំងស៊ន អនុប្រធានគណៈកម្មការប្រតិបត្តិស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៥ កញ្ញា មុនបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋានខេត្តតាកែវ។ មន្ត្រីដែលស្និទ្ធនឹង លោក ឈា តាំងស៊ន បញ្ជាក់ថា មូលហេតុដែលនាំឲ្យសមត្ថកិច្ចចាប់ខ្លួននេះ បន្ទាប់ពី លោក ឈា តាំងស៊ន យកឯកសារចេញពីបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលនិយាយអំពីយុទ្ធសាស្ត្រ ២០ចំណុចរបស់វៀតណាម ហើយចែកចាយឲ្យសកម្មជនរបស់ខ្លួនមើលកាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅ។
អធិការស្រុកព្រៃកប្បាស លោក ជុំ ឈឿន ថ្លែងថា ការចាប់ខ្លួននេះ ដោយសារ លោក ឈា តាំងស៊ន បានផ្សព្វផ្សាយឯកសារដែលខ្លួនរកឃើញពីបណ្ដាញសង្គម ហើយចែកចាយបន្តដល់សកម្មជនរបស់ខ្លួន។ លោកចាត់ទុកថា សកម្មភាពនេះអាចនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម។ បើទោះជាបែបណា លោក ជុំ ឈឿន នៅមិនទាន់អាចប្រាកដនៅឡើយទេថា តើសំណុំរឿងនេះនឹងបញ្ជូនទៅដល់ដៃតុលាការនៅពេលណាដែរ ព្រោះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ។ លោកបន្តថា «ឥតទាន់បានដឹងថាយ៉ាងណាដែរ ប៉ុន្តែតែថាតាមគោលការណ៍ដែលខ្ញុំស្ដាប់បាន គោលការណ៍ខាងលើគាត់ចង់សួរបញ្ជាក់អំពីហេតុផល ដូចថាគាត់ស្រង់អត្ថបទហ្នឹងចេញពីណាទៅណា និងធ្វើម៉េចអីធ្វើម៉េច»។
គិតមកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ចំនួន ១៦នាក់ ហើយដែលត្រូវចាប់ឃុំខ្លួន។ យុទ្ធនាការចាប់ខ្លួននេះ ស្របពេលស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងឡើងកម្ដៅ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសប្បាយចិត្តចំពោះគណបក្សសង្គ្រោះជាតិ ដែលបន្តកកូរកកាយរឿងផែនទី និងព្រំដែនរវាងកម្ពុជា និងវៀតណាម។
អង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកថា ការបន្តចេញបញ្ជាឲ្យចាប់ខ្លួនអ្នកដែលហ៊ានរិះគន់ពីបញ្ហាផែនទី ជាពិសេសទាក់ទងនឹងវៀតណាម នេះ នឹងរុញច្រានឲ្យស្ថានការណ៍នយោបាយកាន់តែបន្តមានភាពតានតឹងឡើងៗ។ ម្យ៉ាងវិញទៀត អ្នកដែលខាត គឺរដ្ឋាភិបាល ហើយអ្នកដែលចំណេញ គឺគណបក្សប្រឆាំងទៅវិញទេ។
លោក ណៃ វ៉ង់ដា មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) យល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាលដែលបន្តចាប់ខ្លួនសកម្មជន និងមន្ត្រីបក្សប្រឆាំងនេះ គឺជាការរំលោភធ្ងន់ធ្ងរទៅលើសិទ្ធិទទួលបានព័ត៌មាន ដែលធានាដោយច្បាប់។ ក្រៅពីនេះ កម្ពុជា នៅតែពុំទាន់មានភាពចាស់ទុំផ្នែកនយោបាយដដែល។ លោកបន្តថា «សិទ្ធិក្នុងការទទួលបាននូវព័ត៌មាន សិទ្ធិក្នុងការចែកចាយនូវព័ត៌មាន បើអ្នកនោះមិនដើរផ្សព្វផ្សាយថានែក ព័ត៌មានហ្នឹងវាពិតអ៊ីចេះៗ ហើយព័ត៌មានដែលមិនពិត បានជារឿងមួយដែលបញ្ហា ប៉ុន្តែគ្រាន់តែចែកគ្នា ខ្ញុំគិតថាវាមិនមានបញ្ហាទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមអ្នកដែលហ៊ានរិះគន់ថា ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ក្នុងការកំណត់ព្រំដែនជាមួយវៀតណាម សព្វថ្ងៃ ជាផែនទីដែលក្លែងក្លាយ នឹងត្រូវចាប់ខ្លួន។ យុទ្ធនាការកណ្ដាប់ដៃដែករបស់លោកនាយករដ្ឋមន្ត្រី ប្រឆាំងសកម្មជនឈឺឆ្អាលរឿងព្រំដែននេះ ត្រូវបានអង្គការមិនមែនរដ្ឋាភិបាល ហៅថាជាការដឹកនាំប្រទេសតាមបែបយោធានិយម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
