ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន ប្រមាណ៣០នាក់ នៅព្រឹកថ្ងៃទី២៥ តុលា បានប្រមូលផ្ដុំ គ្នានៅមុខសាលាដំបូងខេត្ត ក្រោយពីពួកគាត់ដឹងថា សមត្ថកិច្ចបានបញ្ជូនខ្លួនក្រុមប្រឹក្សាឃុំរបស់គណបក្សម្នាក់ ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែតុលា ទៅសាកសួរនៅតុលាការនោះ។ ប៉ុន្តែការជួបជុំគ្នានេះ សមត្ថកិច្ចពុំអនុញ្ញាតឲ្យពួកគាត់ជួបក្រុមប្រឹក្សារូបនោះនៅឡើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន បានដាក់លិខិតស្នើទៅអភិបាលខេត្តនេះ ដើម្បីឲ្យជួយអន្តរាគមន៍ដោះលែងក្រុមប្រឹក្សាឃុំស្ទឹងកាច់ភ្លាមៗ ក្រោយពីបានជួបជុំគ្នានៅមុខសាលាដំបូងខេត្តអស់ជាច្រើនម៉ោងដោយគ្មានដំណោះស្រាយ។
អនុប្រធានគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន លោក ឃឹម ប៉ុន ឲ្យដឹងនៅរសៀលថ្ងៃទី២៥ តុលា ថា មន្ត្រីសាលាខេត្តប៉ៃលិនបានទទួលលិខិតសុំអន្តរាគមន៍ឲ្យដោះលែង លោក ឈុន សិទ្ធី ក្រុមប្រឹក្សាឃុំស្ទឹងកាច់រួចហើយ កាលពីរសៀលថ្ងៃទី២៥ ខែតុលា។ លោកអះអាងថា មូលហេតុដែលពួកគាត់សរសេរស្នើទៅអភិបាលខេត្តមួយនេះ ដោយយល់ឃើញថា ក្រុមប្រឹក្សាឃុំរូបនេះគ្មានកំហុសនោះទេ៖ «អត់មានកំហុសផង ដល់មកចាប់ដូច្នោះវាហាក់ដូចជាការបង្កធ្វើឲ្យការបំពេញការងារ នៅក្នុងមូលដ្ឋានរវាងមន្ត្រីគណបក្សទាំង២ មើលមុខគ្នាមិនចំ។ ដូច្នេះទេ បានជាយើងខ្ញុំសុំឲ្យអភិបាលខេត្តយោគយល់បញ្ហានេះ ហើយធ្វើការដោះលែង»។
លោក ឃឹម ប៉ុន បន្ថែមទៀតថា សមត្ថកិច្ចចាប់ក្រុមប្រឹក្សាឃុំ ដោយគ្មានដីកាពីតុលាការ និងពុំបានបញ្ជាក់ពីអំពីមូលហេតុ នៃការចាប់ខ្លួននោះ ដើម្បីឲ្យសាច់ញាតិបានដឹងនៅឡើយទេ។
មន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្រែល (Comfrel) លោក យឿង សុធារ៉ា មានប្រសាសន៍ថា ការចាប់ខ្លួនជនណាម្នាក់ត្រូវមានដីកាពីតុលាការ លើកលែងតែបទល្មើសជាក់ស្ដែង ដែលជននោះកំពុងប្រព្រឹត្តិ ខុស និងឃើញផ្ទាល់ភ្នែក ដែលគេកំពុងដេញដេញប្រផាប់ចាប់ប្រភីង ទើបសមត្ថកិច្ចចាប់ជននោះដោយពុំចាំបាច់មានដីកា៖ «ហើយអាជ្ញាធរមានសមត្ថកិច្ចក៏ត្រូវតែបង្ហាញពីមូលហេតុ និងបង្ហាញពីដីកាដែលត្រូវចាប់ខ្លួននេះ ព្រោះមូលហេតុគេចែងក្នុងដីកានោះហើយ មូលហេតុដែលចាប់ខ្លួនបណ្ដាលមកពីអ្វី ? មិនមែនគ្រប់បទល្មើសចេះតែចាប់ខ្លួនបានទេ ដូច្នេះបើសិនជាខុសពីអ្វីដែលមានចែងក្នុងនីតិវិធីបែបនេះ វាជាការបំពានច្បាប់ និងការរំលោភសិទ្ធជនជាប់ចោទ ឬថារំលោភច្បាប់ទាំងស្រុង»។
ក្រុមប្រឹក្សាឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិនលោក ឈុន សិទ្ធី ត្រូវបានប៉ូលិសនៃស្នងការនគរបាលខេត្តប៉ៃលិន ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៤ តុលា។ ការចាប់ខ្លួននេះ គឺសមត្ថកិច្ចពុំបញ្ជាក់ពីទោសកំហុសអ្វីនៅឡើយទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន លោក ឃឹម ប៉ុន អះអាងថា ការចាប់នេះទំនងដោយសារ លោក ឈុន សិទ្ធី បានបង្ហោះវីដេអូឃ្លីប១ កាលពីថ្ងៃទី២៣ ខែតុលា ដោយបានផ្ដាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គាត់មិនចង់បានប្រាក់ខែ ៥៧ម៉ឺនរៀល (៥៧០,០០០) នោះទេ ហើយបើទោះបីជាប្រាក់ខែរាប់លានដុល្លារអាមេរិកក៏លោកមិនលក់ឧត្ដមគតិដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។