មន្ត្រីផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តពោធិ៍សាត់ កញ្ញា មិត្ត សាមួន បានបញ្ជាក់នៅថ្ងៃទី២៥ សីហា ថា តាមការស៊ើបអង្កេតផ្ទាល់របស់អង្គការលីកាដូ បានរកឃើញថា តុលាការបានតម្កល់រឿងទុកឥតចាត់ការក្នុងសំណុំរឿងមន្ត្រីប៉ូលិសប្រើអំពើហិង្សាលើប្រជាពលរដ្ឋចំនួន ២ករណី និងករណីថ្មីមួយទៀត គឺមន្ត្រីកងរាជអាវុធហត្ថ និងបក្សពួកជាច្រើននាក់ទៀតបានប្រើអំពើហិង្សាទៅលើយុវជនម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់កំពុងតែដំណើរការនីតិវិធីនៅតុលាការ។
កញ្ញាបន្ថែមដូច្នេះ៖ «តាមអ្វីដែលខាងខ្ញុំធ្វើការជាមួយគាត់កន្លងមកហ្នឹងឃើញថា ឲ្យនៅពេលដែលបញ្ហាកើតឡើងរវាងសមត្ថកិច្ចជាមួយប្រជាពលរដ្ឋហ្នឹង គឺតុលាការតែងតែមានចេតនាធ្វើការសម្របសម្រួល ឬក៏នៅក្នុងករណីខ្លះតុលាការចេញដីកាតម្កល់រឿងទុកឥតចាត់ការតែម្ដង»។
កញ្ញាបញ្ជាក់ថា ចំពោះករណីយុវជនរងរបួសពីការវាយដំធ្ងន់ធ្ងរ បែរជាភាគីប្រើអំពើហិង្សាឈ្មោះ គូ ឌឿន និង ផល្លី ប្ដឹងជនរងគ្រោះពីបទចោរកម្មទៅវិញ ហើយតំណាងអយ្យការនៃសាលាដំបូងខេត្តពោធិ៍សាត់ បានចេញដីកាកោះនៅថ្ងៃ១៨ សីហា ឆ្នាំ២០១៣ ឲ្យចូលខ្លួនទៅបំភ្លឺជុំវិញដំណើររឿងនេះក្នុងនាមជាជនសង្ស័យទៀតផង។
កាលពីថ្ងៃទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ យុវជនម្នាក់បានអះអាងថា ខ្លួនត្រូវបានមន្ត្រីប៉េអឹមម្នាក់ ឈ្មោះ គូ ឌឿន និងកម្មករជាច្រើននាក់ផ្សេងទៀត បានព្រួតគ្នាវាយយ៉ាងខ្លាំងតាមការបញ្ជារបស់អ្នកស្រី ផល្លី ជាថៅកែឃ្លាំងកែច្នៃឈើមួយកន្លែងស្ថិតនៅភូមិដើមច្រេស ឃុំបឹងខ្នារ ដោយចោទយុវជនរូបនោះថា បានចូលលួចសម្ភារៈក្នុងរោងចក្រ។
ជនរងគ្រោះពីការវាយធ្វើបាប លោក អេម រហូត ឲ្យដឹងថា លោកបានចូលខ្លួនទៅបំភ្លឺតាមដីកាតុលាការ និងបានរៀបរាប់អំពីដំណើររឿងរហូតដល់ចប់ ក៏ប៉ុន្តែក្រោយពីការសាកសួរតុលាការបានព្យាយាមសម្របសម្រួលករណីនេះ៖ «ខ្ញុំរៀបរាប់ពីរឿងហ្នឹង ហើយក៏គាត់និយាយថា ចង់បញ្ចប់គ្នានៅកន្លែងគាត់ហ្នឹង ឬក៏ចង់ទៅមុខទៀត។ គាត់ថាបើចង់គ្នានៅកន្លែងហ្នឹងភាគីគេខាងណោះគេបង់លុយបង់អីឲ្យ»។
លោក អេម រហូត បន្តថា ប្អូនអាចនឹងទទួលយកការសម្របសម្រួលនេះ ប្រសិនបើភាគីអ្នកស្រី ផល្លី និង គូ ឌឿន ដែលប្រើអំពើហិង្សាមកលើខ្លួន ព្រមបង់ប្រាក់ចំនួន ៥ពាន់ដុល្លារ ដើម្បីព្យាបាលខ្លួន ពីព្រោះលោកមិនចង់មានរឿងវែងឆ្ងាយ ដោយសារតែបុគ្គលនោះមានលុយនិងខ្នងបង្អែកច្រើន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក គូ ឌឿន អ្នកស្រី ផល្លី និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក តន់ សីហតិជ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅល្ងាចថ្ងៃទី២៥ សីហា។
ទោះជាយ៉ាងណា ប្រធានតុលាការខេត្តពោធិ៍សាត់ លោក ថោង អុល មានប្រសាសន៍ថា ការតម្កល់រឿងទុកឥតចាត់ការ គឺជានីតិវិធីរបស់តំណាងអយ្យការ ដូច្នេះលោកមិនបានជ្រាបច្បាស់អំពីសំណុំរឿងទាំងនោះទេ៖ «តាមលោកលើកឡើងរឿងហ្នឹងទាំងអស់នៅខាងអយ្យការ ហើយខ្ញុំអត់ដឹងទេ ហើយខ្ញុំអត់អាចធ្វើអត្ថាធិប្បាយនូវអ្វីដែលសំណុំរឿងអត់បាននៅនឹងដៃផង អត់អាចធ្វើអត្ថាធិប្បាយបានទេ»។
មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តពោធិ៍សាត់ បានចាត់ទុកសកម្មភាពប្រើអំពើហិង្សារបស់មន្ត្រីមានអំណាចទៅប្រជាពលរដ្ឋស្លូតត្រង់ គឺជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូច្នេះតុលាការត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះជនល្មើស ជាជាងធ្វើការសម្របសម្រួល ឬបន្ធូរបន្ថយទោសដល់ជនទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។