សាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ទុកមិនចាត់ការចំពោះពាក្យបណ្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ករណីបាត់ដីកោះត្រល់ និងកោះក្រចកសេះ។
លិខិតជូនដំណឹងរបស់សាលាដំបូងចុះហត្ថលេខាដោយព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ ដែលប្រគល់អោយដើមបណ្ដឹងនៅព្រឹកថ្ងៃទី២៥ ខែមីនា បានបញ្ជាក់ដោយខ្លីថា តុលាការតម្កល់រឿងនេះទុកមិនចាត់ការ ប៉ុន្តែពុំបានបញ្ជាក់ហេតុផលណាមួយឡើយ។
ដើមបណ្ដឹង លោក នាង សុឃុន ដែលជាប្រធានសហព័ន្ធយុវជនខ្មែរអ្នកស្នេហាជាតិ មានប្រសាសន៍នៅក្រោយពេលទៅទទួលលិខិតជូនដំណឹងនោះថា លោកពុំសុខចិត្តនឹងការសម្រេចនេះទេ។ លោកគ្រោងនឹងប្ដឹងឧទ្ធរណ៍បន្តទៀត៖ «ខ្ញុំយល់ឃើញថា តុលាការគឺជាឧបករណ៍របស់អ្នកកាន់អំណាច និយាយអោយចំជាឧបករណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេ ហើយខុសច្បាប់ផងដែរ។ មិនត្រឹមតែខ្ញុំមិនសុខចិត្តទេ និយាយទៅពលរដ្ឋខ្មែរទាំងអស់ គឺគេមិនសុខចិត្តចំពោះការមិនមានចំណាត់ការលើរឿងនេះ»។
លោក នាង សុឃុន បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងកាលពីថ្ងៃ ទី៣ ខែកុម្ភៈ ដោយប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទកាត់ដីកោះត្រល់ និងកោះក្រចកសេះ ទៅអោយយួនដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
