អតីតអ្នកបើកបររថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូល (CAPITOL) ២នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី៨ កុម្ភៈ។
ការចោទប្រកាន់ និងឃុំខ្លួននេះ ត្រូវបានអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស យល់ឃើញថា អ្នកដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងនោះ ត្រូវតែផ្ដល់សេរីភាពឲ្យពួកគេឡើងវិញ ព្រោះរកពុំឃើញមានធាតុផ្សំណាមួយដែលឈានទៅរកការចោទប្រកាន់នោះទេ។
ក្រោយពីបញ្ចប់ការសាកសួរស្ទើរពេញមួយថ្ងៃនៅថ្ងៃទី៨ កុម្ភៈ មន្ត្រីសហជីពចំនួន ៤នាក់បន្ថែមទៀត ត្រូវបានមន្ត្រីតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ចំនួន ៣បទល្មើសដូចគ្នា។
ការសម្រេចចោទប្រកាន់ប្រឆាំងមន្ត្រីសហជីពចំនួន ៤នាក់បន្ថែមទៀតនេះ បានធ្វើឲ្យចំនួនអ្នកដែលត្រូវចោទប្រកាន់ក្នុងសំណុំរឿងតែមួយ បានកើនឡើងរហូតដល់ ៦នាក់ហើយ។
ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក រស់ ច័ន្ទពិសិដ្ឋ សម្រេចចោទប្រកាន់អ្នកទាំង ៦នាក់នោះចំនួន ៣បទល្មើសក្នុងសំណុំរឿងដូចគ្នា នៃក្រមព្រហ្មទណ្ឌ និងច្បាប់ចរាចរណ៍ គឺទី១ បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ ទី២ ប្រឆាំងអ្នករាជការ មានស្ថានទម្ងន់ទោស និងបទចោទទី៣ បង្កឧបសគ្គរារាំងដល់សណ្ដាប់ធ្នាប់សាធារណៈ។ នៅពេលបញ្ចប់ការសាកសួរ អតីតអ្នកបើកបររថយន្តក្រុងទាំង ២នាក់ គឺលោក រស់ ស៊ីថៃ និងលោក ម៉ន វណ្ណា ត្រូវបានគេបញ្ជូនទៅឃុំខ្លួនភ្លាមៗនៅពន្ធនាគារព្រៃស ខណៈមន្ត្រីសហជីពទាំង ៤រូប កំពុងស្ថិតក្នុងដំណាក់កាលនៃការចោទប្រកាន់នៅឡើយ។
បើទោះជាបែបណា ការប្រមូលផ្តុំនៅព្រឹកថ្ងៃទី៤ កុម្ភៈ ក្រុមអ្នកតវ៉ាសូមឲ្យតុលាការ ពិចារណាលើការដោះលែងអតីតអ្នកបើកបរឡាន ២នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងសូមឲ្យអាជ្ញាធររកក្រុមអ្នកបង្កអំពើហិង្សា យកមកផ្ដន្ទាទោស។ ទាំងនេះ គឺជាសារដែលក្រុមអ្នកតវ៉ាប្រមាណ ៥០នាក់ ស្រែកទាមទារដ៏កងរំពងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ កុម្ភៈ៖ «សូមតុលាការដោះលែងទៅ សូមតុលាការដោះលែងទៅ»។
ការស្រែកតវ៉ានៅខាងក្រៅរបងតុលាការរបស់ក្រុមអ្នកតវ៉ានេះ ស្របពេលអតីតអ្នកបើកបរឲ្យរថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល ២នាក់ ត្រូវបានព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ លោក ស្រី ម៉ាកនី បន្តសាកសួរពេញមួយព្រឹកនៅថ្ងៃទី៨ កុម្ភៈ ជុំវិញអំពើហិង្សានៅក្បែរផ្សារអូរឫស្សី។
អតីតអ្នកបើកបររថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូល លោក មុំ ប៊ុនធឿន បញ្ជាក់ថា ពួកគេនៅតែរក្សាជំហរក្នុងការតវ៉ាមិនកែប្រែឡើយ។ ការទាមទាររបស់ពួកគេនេះ គឺដើម្បីឲ្យក្រុមហ៊ុនព្រមទទួលអ្នកបើកបររថយន្តទាំងអស់ បានចូលបម្រើការឡើងវិញ។ លោកបន្តថា «ខ្ញុំនៅតែទាមទារតវ៉ាចូលបើកឡានវិញ ឲ្យតែបាន។ អត់ទេ ខ្ញុំទាមទារនេះ គឺទាមទារដើម្បីចូលធ្វើការកន្លែងដើមវិញ»។
ប្រធានសហភាពការងារកម្ពុជា ហៅកាត់ថា ស៊ី.អិល.ស៊ី (CLC) លោក អាត់ ធន់ អះអាងថា ដោយសារប្រព័ន្ធតុលាការ អាជ្ញាធរ និងម្ចាស់ក្រុមហ៊ុនរថយន្តក្រុងកាពីតូល មានសម្ពន្ធភាពដ៏ជិតស្និទ្ធ និងជាសាច់ញាតិផងនោះ ហេតុនេះការរំពឹងទទួលបានយុត្តិធម៌ពីការជំនុំជម្រះនេះ គឺតិចតួចណាស់។ មិនតែប៉ុណ្ណោះ អ្នកប្រព្រឹត្តិបទល្មើសប្រឆាំងអ្នកតវ៉ាដោយសន្តិវិធី ក្រុមសមត្ថកិច្ចមិនចាប់ខ្លួន បែរជាបណ្ដោយឲ្យមានអំពើហិង្សាកើតឡើងហើយ ថែមទាំងចាប់ខ្លួនអ្នកតវ៉ាដែលជាអតីតអ្នកបើកបររថយន្តរបស់ក្រុមហ៊ុននេះ និងពុំមានអ្វីនៅក្នុងដៃទៅវិញថែមទៀតផង។ លោកបន្តថា «ការចាប់ខ្លួន ឬក៏ការចោទប្រកាន់ដោយរឿងហ្នឹង គឺវាអយុត្តិធម៌។ វាគ្មានភាពយុត្តិធម៌ទេនៅក្នុងប្រទេសកម្ពុជា នោះ ជាពិសេសសាលាក្រុង ឬក៏រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬក៏នាយករដ្ឋមន្ត្រី ត្រូវពិនិត្យមើលសំណុំរឿងហ្នឹងវិញ តើអាជ្ញាធរខណ្ឌ ហើយនិងអាជ្ញាធរបឹងព្រលិត ហ្នឹង ហើយនិងក្រុមហ៊ុនកាពីតូល ហ្នឹង ឃុបឃិតជាមួយយ៉ាងម៉េចបានជាឥតមានការចោទប្រកាន់ចាប់ខ្លួនអ្នកដែលប្រព្រឹត្តបទល្មើសសោះ»។
ក្រោយពីកើតហេតុភ្លាម ក្រុមអង្គការមិនមែនរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយថ្កោលទោសការប្រើហិង្សាប្រឆាំងអ្នកតវ៉ា។ សេចក្ដីថ្លែងការណ៍រួមដែលមានស្ថាប័នជាង ៣០ស្ថាប័ន បានហៅការប្រើអំពើហិង្សាកាលពីថ្ងៃទី៦ កុម្ភៈ ពីក្រុមសមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.ឌី.អេ (CCDA) របស់ លោក ឯ សុភាស់ ទៅលើអតីតអ្នកបើកបររថយន្តក្រុង។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺបានភ្លាមទេពីម្ចាស់ក្រុមហ៊ុនកាពីតូល និងប្រធានសមាគមរ៉ឺម៉កកង់បី ហៅកាត់ថា ស៊ី.ស៊ី.ឌី.អេ នៅថ្ងៃទី៨ កុម្ភៈ។
មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត ដែលឃ្លាំមើលក្នុងពេលធ្វើកូដកម្មនេះ ចាត់ទុកថា ផ្អែកលើអង្គហេតុ ក្រុមអ្នកបើកបរឲ្យរថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល ពុំមានធាតុផ្សំណាមួយនៃបទល្មើស ដែលឈានទៅចោទប្រកាន់ទេ។ ផ្ទុយទៅវិញ អ្នកដែលសមត្ថកិច្ចត្រូវចាប់ខ្លួន និងតុលាការត្រូវចោទប្រកាន់នោះ គឺអ្នកបង្កអំពើហិង្សារបស់ភាគីម្ខាងទៀតទៅវិញទេ ទើបត្រូវ។ លោកបន្តថា «ទិដ្ឋភាពជាក់ស្ដែងទាំងយើងឃើញនៅក្នុងរូបវីដេអូ និងទិដ្ឋភាពជាក់ស្ដែង សួរថាអ្នកណាដែលប្រើដំបងប្រើញញួរ ដើម្បីប្រើហិង្សា ហើយទិដ្ឋភាពភ្លាមហ្នឹង សមត្ថកិច្ចគាត់ឃើញហើយ ប៉ុន្តែហេតុបានជាមិនចាប់ខ្លួនអ្នកប្រើប្រាស់អំពើហិង្សាពិតប្រាកដ»។
រហូតមកដល់ពេលនេះ បុគ្គលិកបម្រើការផ្នែកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូល ប្រមាណ ៤០នាក់ហើយ ត្រូវបានភាគីក្រុមហ៊ុនបញ្ឈប់ ក្រោមហេតុផលព្រោះតែបុគ្គលិកព្យាយាមបង្កើតសហជីពនៅក្នុងក្រុមហ៊ុន។ សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ដែលឃ្លាំមើលអំពើហិង្សា យល់ឃើញថា អាជ្ញាធរ និងភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ក្រុមហ៊ុនផ្ទាល់ ត្រូវបើកផ្លូវឲ្យមានដំណោះស្រាយ ជាជាងបង្កើតបញ្ហា ពីព្រោះថា អតីតអ្នកបើកបររថយន្តក្រុងកាពីតូលនេះ គឺទាមទារសុំបើកបរឡើងវិញ នៅក្រោយពេលអតីតអ្នកបើកបរទាំងនេះ បានមកបង្កើតសហជីពអ្នកបើកបរនោះ។
ដោយឡែកក្រុមសហជីពវិញ អះអាងថា ដោយសារម្ចាស់ក្រុមហ៊ុនកាពីតូល មានកូនជាព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ ថែមទាំងមានសាច់ញាតិជាម្ចាស់ផ្សារអូរឫស្សី ផង ទើបក្រុមហ៊ុននេះមានឥទ្ធិពលលើតុលាការបែបនេះ។ លោក អាត់ ធន់ ចាត់ទុកថា នេះជាមូលហេតុរំលោភទៅលើសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាធរកណ្ដាល ដែលតម្រូវឲ្យក្រុមហ៊ុនព្រមទទួលយកអ្នកបើកបរទាំងនោះ ចូលធ្វើការឡើងវិញ។ ផ្ទុយទៅវិញ បញ្ហានេះបានរុញច្រានឲ្យសេចក្ដីបង្គាប់នេះ លែងមានប្រសិទ្ធភាពថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។