តុលាការ​ក្រុង​បដិសេធ​មិន​ឲ្យ​ជន​ជាប់​ចោទ​២២​នាក់​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ឲ្យ​ជន​ជាប់​ចោទ​ចំនួន ២២​នាក់​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នោះ​ទេ។ កាល​ពី​ថ្ងៃ​ទី​១៦ មករា ក្រុម​មេធាវី​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៦ បាន​ដាក់​ពាក្យ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ជន​ជាប់​ចោទ​ចំនួន ២២​នាក់ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ ពួក​គេ​ពាក់ព័ន្ធ​ក្នុង​រឿង​បង្ក​ហិង្សា​នៅ​រោងចក្រ យ៉ាក ជីន ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង។

ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​នោះ ដោយ​យោង​លើ​ស្ថានភាព​សុខភាព​ដែល​រង​របួស​ពេល​បង្ក្រាប ពួក​គេ​មាន​ការងារ និង​មុខ​របរ​ច្បាស់​លាស់​ដែល​មាន​ការ​ធានា​ពី​មេធាវី មិន​ប៉ះពាល់​ដល់​នីតិវិធី​តុលាការ ហើយ​ក្នុង​ចំណោម ២២​នាក់​នោះ មាន​ម្នាក់​ជា​អនីតិជន​ផង។

អ្នក​គ្រប់គ្រង​បច្ចេកទេស​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២១ មករា ថា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចំនួន ៣​រូប គឺ​លោកស្រី សែម សក្តិកូឡា ចៅក្រម ជា សុខហៀង និង​ចៅក្រម ភូ ពៅស៊ុន នៅ​ថ្ងៃ​ដដែល​នេះ បាន​ចេញ​ដីកា​បដិសេធ​មក​ក្រុម​មេធាវី មិន​អនុញ្ញាត​ជន​ឲ្យ​ជាប់​ចោទ​ទាំង ២២​នាក់​នៅ​ក្រៅ​ឃុំ​ទេ។ លោក អំ សំអាត ចាត់​ទុក​ថា ការ​សម្រេច​នេះ គឺ​បង្ហាញ​ពី​តុលាការ​ពុំ​ទាន់​ឯករាជ្យ​នៅ​ឡើយ ពីព្រោះ​សំណុំ​រឿង​នេះ គឺ​បាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

លោក អំ សំអាត៖ «បើ​សិន​ជា​តុលាការ​ឯករាជ្យ​មិន​អី​ទេ ការ​ពិចារណា​មិន​ខ្វល់​ទេ រឿង​នយោបាយ​មិន​នយោបាយ។ ប៉ុន្តែ​បើ​តុលាការ​យើង​មិន​មាន​ឯករាជ្យ​ហ្នឹង ត្រូវ​តែ​ពិចារណា​ហើយ ហើយ​បើ​សិន​ជា​មិន​មាន​សញ្ញា​ណា​មួយ​ទេ ក៏​តុលាការ​គាត់​មិន​ហ៊ាន​សម្រេច​លើ​ករណី​ហ្នឹង​ដែរ។ បើ​យើង​ពិនិត្យ​ទិដ្ឋភាព​ស្ថានភាព​ទូទៅ អ្នក​ទាំងអស់​ហ្នឹង​ភាគ​ច្រើន​មិន​ពាក់ព័ន្ធ ហើយ​ក៏​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ហ្នឹង​ដែរ»

លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​២២ មករា ក្រុម​មេធាវី​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ជំទាស់​ការ​សម្រេច​របស់​ចៅក្រម​សាលា​ដំបូង។

កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា ជន​សង្ស័យ​ទាំង ២៣​នាក់​នោះ ត្រូវ​កង​កម្លាំង​ចម្រុះ​ចាប់​ខ្លួន នៅ​ពេល​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៦០​ដុល្លារ។ បច្ចុប្បន្ន ពួក​គេ​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ក្រោម​បទ​ចោទ​មួយ​ចំនួន ដូច​ជា បទ​ប្រើប្រាស់​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បទ​បិទ​ផ្លូវ​សាធារណៈ​បង្ក​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ និង​បទ​ប្រមាថ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។