តុលាការ​ខេត្ត​បន្ទាយមានជ័យហៅ​សាច់​ញាតិ​សាកសួរ​ក្នុង​បណ្ដឹង​មន្ត្រី​អាវុធហត្ថ​វាយ​ពលរដ្ឋ​ធ្លាយ​ពោះវៀន

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ដីកា​កោះ​នេះ ​ថា ជា​សញ្ញា​មួយ​ល្អ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ហើយ​ជន​ប្រព្រឹត្តិ​នឹង​ទទួល​ទោស​តាម​ផ្លូវច្បាប់។ បងប្រុស​ជនរងគ្រោះ​នៅ​ភូមិ​បាលិលេយ្យ ២ សង្កាត់​ប៉ោយប៉ែត លោក សាន គឹមសែន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មីនា​ថា មូលហេតុ​ដែល​លោក​ប្ដឹង​រក​យុត្តិធម៌​លើ​សំណុំ​រឿង​នេះ ដោយសារ​អត់ទ្រាំ​នឹង​ការ​គំរាមកំហែង​​​និយាយ​ឌឺដង​ដល់​ក្រុម​គ្រួសារ​លោក ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត។ លោក​អះអាង​ទៀត​ថា លោក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ចូល​ទៅ​បំភ្លឺ​ដល់​តំណាង​អយ្យការ នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ តាម​ដីកា​កោះហៅ​នៅ​ថ្ងៃ​ទី​២០ មីនា៖ «ខ្ញុំ​ចង់​ឲ្យ​ជន​ប្រព្រឹត្តិ​មាន​ភាព​ទទួល​ខុស​ត្រូវ​លើ​ប្អូន​របស់​ខ្ញុំ ព្រោះ​អី​ប្អូន​ខ្ញុំ​ឥឡូវ​ធ្វើ​ការ​មិន​កើត​ទេ ហើយ​គ្រួសារ​ម្ដាយ​ខ្ញុំ​មាន​តែ​ប្អូន​ខ្ញុំ ដែល​រងគ្រោះ​នេះ​ឯង គ្រាន់​ជួយ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ហើយ​ដល់​ពេល​ប្អូន​ខ្ញុំ​ត្រូវ​របួស​ធ្ងន់​មក គឺ​ម្ដាយ​ខ្ញុំ​មិន​មាន​ប្រាក់​ចំណូល​ដូច​មុន​ទេ »

លោក សាន គឹម​សែន រៀបរាប់​ឲ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២១ មករា មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​រូប​លោក និង​ក្រុម​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​របស់​ស្រាបៀ​កម្ពុជា​នៅ​ក្នុង​ប៉ោយប៉ែត ដោយសារ​តែ​ការ​យល់​ច្រឡំ​គ្នា។ លោក​បន្ថែម​ទៀត​ថា ក្រោយ​មក​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ប្រមាណ ១០​នាក់ ក៏​បាន​ចូល​មក​ទៅ​បង្ក្រាប ដោយ​សមត្ថកិច្ច​បាន​វាយ​រូប​លោក​រហូត​ដួល​សន្លប់ ហើយ​ភ្លាមៗ នោះ ប្អូន​របស់​លោក​ឈ្មោះ សាន គឹមសាន អាយុ ២៣​ឆ្នាំ ក៏​មក​ជួយ​ឃាត់ ស្រាប់​តែ​មន្ត្រី​កងរាជអាវុធហត្ថ​ក៏​បាន​ចាប់​ប្អូន​លោក​ទាត់​ធាក់​ហើយ​ឈូស​នឹង​ស្បែក​ជើង​ជា​ច្រើន​ជើង បណ្ដាល​ឲ្យ​ដាច់​​ពោះវៀន​ធ្លាយ​ជា ៣​កំណាត់។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​លោក នួន នីណារ៉ូ ធ្លាប់​បាន​បដិសេធ​ថាមន្ត្រី​អាវុធហត្ថ​មិន​បាន​វាយ​ធ្វើ​បាប​ទៅ​លើ​ប្រជា​ពលរដ្ឋ​បណ្ដាល​ឲ្យ​រង​របួស​ដាច់​ពោះវៀន​នោះ​ទេ។ លោក​អះអាង​ទៀត​ថា ប្រសិន​បើ​ខាង​មន្ត្រី​របស់​លោក​ពិត​ជា​បាន​វាយ​ទាត់​ធាក់​ជន​រងគ្រោះ​មែន គឺ​ខាង​លោក​នឹង​ទទួល​ខុស​ត្រូវ​តាំង​ពី​យូរ​ណាស់​ទៅ​ហើយ៖ «ភាគី​ម្ខាង​ទៀត ដែល​ថា​ធ្លាយ​ពោះ​វៀន​ហ្នឹង គឺ​ខាង​ខ្ញុំ​អត់​បាន​ប៉ះពាល់​គាត់​ទេ​បង ហើយ​ណា​មួយ​ក្នុង​កន្លែង​កើត​ហេតុ​ហ្នឹង ពួក​ខ្ញុំ​ក៏​មិន​ដឹង​ថា មាន​គាត់​នៅ​ក្នុង​ហ្នឹង​ដែរ។ ម្យ៉ាង​ទៀត​ពេល​កើត​ហេតុ​នោះ មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់ ហើយ​ហេតុ​អី​បាន​ជា​មិន​ឃើញ​ពួក​គាត់​បង្ហោះ​ក្នុងហ្វេសប៊ុក (Face Book) ហើយ​ទើបតែ​មាន​ព័ត៌មាន​ពេល​នេះ​ទៅ​វិញ »

តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក សុក កែវ​បណ្ឌិត បាន​កោះ​ហៅ​លោក សាន គឹម​សែន លោក សាន គឹម​ស៊ីម និង​ឈ្មោះ សាន គឹម​សេង ឲ្យ​ចូល​បំភ្លឺ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មីនា ក្នុង​សំណុំ​រឿង​ដែល​ប្ដឹង​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ពី​បទ​ហិង្សា​ដោយចេតនា​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា សាទរ​នឹង​ដីកា​កោះ​ដោយ​តំណាង​អយ្យកា​នេះ​ថា នេះ​ជា​ពន្លឺ​មួយ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​គួរ​ភាគី​ទាំង​សង្ខាង ក៏ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ឲ្យ​មន្ត្រី​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ​ធ្វើ​ឡើង​ដោយ សុក្រឹត យុត្តិធម៌ និង​ដោយ​​តម្លាភាព៖ «ព្រោះ​ដោយសារ​ប្រជាពលរដ្ឋ​ពឹង​ទៅ​លើ​ស្ថាប័ន​មួយ​នេះ ធ្វើ​ឲ្យ​មាន​ភាព​កក់​ក្ដៅ។ ប៉ុន្តែ​បើ​សិន​ជា​ការ​ប្ដឹង​ណា​មួយ មិន​បាន​យុត្តិធម៌ ពួកគាត់​នឹង​ឈឺចាប់​ ហើយ​ពួកគេ​នឹង​​រិះគន់​ដល់​ស្ថាប័ន​តុលាការ។ ដូច្នេះ វា​អាស្រ័យ​ទៅ​លើ​តុលាការ​ខ្លួន​ឯង ព្រោះ​បទល្មើស​កើត​ហើយ គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ទៀត គឺ​ហាក់​ដូច​ជា​សុវត្ថិភាព នៃ​ការ​ផ្ដល់​យុត្តិធម៌​វា​អត់​មាន »

ទោះ​ជា​យ៉ាង​ណា​លោក ស៊ុំ ច័ន្ទគា អះអាង​​ថា លោក​នឹង​តាម​លើ​សំណុំ​រឿង​នេះ​បន្ត​ទៀត ហើយ​លោក​ក៏​បាន​ស្នើ​ទៅ​ខាង​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ដើម្បី​រក​មេធាវី​ជួយ​ការពារ​ក្ដី​ដល់​ជនរងគ្រោះ ដើម្បី​ទទួល​បាន​យុត្តិធម៌​ស្មើភាព​គ្នា​ ព្រោះ​ជនរងគ្រោះ​ជា​ប្រជាពលរដ្ឋ​​ក្រីក្រ ចំណែក​ឯ​ភាគី​ម្ខាង​ទៀត ជា​សមត្ថកិច្ច​មាន​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។