“សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​រឹតត្បិត​សិទ្ធិ​សហជីព​មិន​ឲ្យ​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល”

0:00 / 0:00

សហជីព​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិន​ត្រូវ​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​ទៅ​រដ្ឋសភា​អនុម័ត​លឿន​ពេក​ទេ ដោយសារ​ច្បាប់​នេះ​នឹង​រឹតត្បិត​សិទ្ធិ​សេរី​មេ​សហជីព និង​អ្នក​នយោបាយ មិន​ឲ្យ​បញ្ចេញ​មតិ​រិះគន់ ឬ​តវ៉ា​ជុំវិញ​ការ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ឡើយ។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ការងារ បញ្ជាក់​ថា ការ​អនុម័ត​ច្បាប់​នេះ​មិន​អាច​កែ​តម្រូវ​តាម​ការ​ចង់​បាន​របស់​មតិ​យោបល់​ទាំងអស់​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា នឹង​ដាក់​ឲ្យ​រដ្ឋសភា​អនុម័ត​ឲ្យ​បាន​មុន​ឆ្នាំ​២០១៨ គឺ​មុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់ ហើយ​ច្បាប់​នេះ​នឹង​អាច​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​ហ៊ាន​យក​រឿង​ប្រាក់​ឈ្នួល​របស់​កម្មករ​មក​ធ្វើ​ជា​រឿង​នយោបាយ ដូច​កាល​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ កន្លង​ទៅ។

ទោះ​ជា​យ៉ាង​ណា សហជីព​បាន​ស្នើ​ឲ្យ​ពន្យារ​អនុម័ត​ច្បាប់​នេះ​មួយ​រយៈពេល​សិន និង​គួរ​អនុញ្ញាត​ឲ្យ​ក្រុម​ឯករាជ្យ​មក​ពី​សហជីព​សិក្សា​ស្រាវជ្រាវ​លើ​ច្បាប់​នេះ ដើម្បី​ឲ្យ​ការ​បង្កើត​ច្បាប់​មួយ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ស្តង់ដារ​ត្រឹមត្រូវ។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ព្រួយ​បារម្ភ​ថា ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​ដែល​ត្រៀម​អនុម័ត​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ នឹង​ប្រើប្រាស់​សម្រាប់​ផាក​ពិន័យ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មេ​សហជីព ឬ​ប្រធាន​អង្គការ​ណា​ដែល​ហ៊ាន​ជំទាស់​ទៅ​នឹង​ការ​កំណត់​ប្រាក់​ឈ្នួល​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​សម្លៀកបំពាក់​នា​ពេល​ខាង​មុខ។ លោក​បន្ត​ថា ការ​រក​ឃើញ​កំហុស​ដែល​សហជីព និង​អង្គការ​បាន​ប្រព្រឹត្ត​ដោយសារ​ជំទាស់​ចំពោះ​ការ​កំណត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​នេះ នឹង​អាច​ទាញ​ចូល​ទៅ​ក្នុង​ច្បាប់​ស្ដីពី​អង្គការ និង​សហជីព ដែល​រដ្ឋាភិបាល​មាន​សិទ្ធិ​ផ្អាក ឬ​ព្យួរ​ការងារ​របស់​សហជីព និង​អង្គការ​ទាំងនោះ​បាន៖ « អ៊ីចឹង​មាន​ន័យ​ថា រាល់​ការ​សម្រេច យើង​ត្រូវ​តែ​ឯកភាព និង​យល់ស្រប »

លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា ដើម្បី​ឲ្យ​ច្បាប់​នេះ​ធ្វើ​ឡើង​តាម​ស្តង់ដារ គួរ​ឲ្យ​សហជីព​មាន​សិទ្ធិ​ដូច​ក្រសួង​ការងារ និង​និយោជក ក្នុង​ការ​បង្កើត​ក្រុម​ឯករាជ្យ​ផ្ទាល់​ខ្លួន​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​វាយ​តម្លៃ​អំពី​ច្បាប់​នេះ។

នៅ​ក្នុង​មាត្រា​២ នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​បាន​កំណត់​ថា បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​ជា​យន្តការ​ត្រីភាគី​សម្រាប់​សិក្សា​ស្រាវជ្រាវ និង​ផ្ដល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេងៗ​របស់​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ។ រីឯ​មាត្រា​៥ ក៏​បាន​កំណត់​ថា ប្រាក់​ឈ្នួល​យ៉ាង​តិច​ណាស់​ក៏​ត្រូវ​ឲ្យ​ស្មើ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ជា​ប្រាក់​ឈ្នួល​កម្រិត​ទាប​បំផុត​ស្រប​ច្បាប់ និង​ត្រូវ​បាន​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ។

ប៉ុន្តែ​លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា សូម្បី​តែ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល ប្រហែល​មិន​អាច​ជំទាស់​ការ​កំណត់​ប្រាក់​ឈ្នួល​របស់​កម្មករ​ដែរ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​ចេញ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២២ សីហា នេះ​ដែរ​ថា ថ្វីត្បិតតែ​មាន​ការ​កែ​សម្រួល​មាត្រា​មួយ​ចំនួន​ឲ្យ​មាន​ភាព​ច្បាស់លាស់​ក្ដី ប៉ុន្តែ​បាន​ស្នើ​ឲ្យ​ការ​ពិនិត្យ​សាឡើងវិញ​តាម​រយៈ​ការ​ពិភាក្សា​បន្ត និង​កិច្ច​សន្ទនា​ត្រីភាគី មាត្រា​១០ ១២ ១៦ ជាដើម ព្រោះ​បទប្បញ្ញត្តិ​ទាំងនេះ​ធ្វើ​ឲ្យ​មាន​ការ​រឹតត្បិត និង​ប៉ះពាល់​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​តស៊ូ​មតិ​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា។ បន្ថែម​ពី​ហានិភ័យ​ទាំងនេះ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​ដំណើរការ​ពិគ្រោះ​យោបល់ និង​ផ្ទុយ​ពី​បទដ្ឋាន​សិទ្ធិ​សេរីភាព​សមាគម។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ (RFA)

ថ្វីត្បិតតែ​យ៉ាង​នេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា នៅ​ឯ​សណ្ឋាគារ​ភ្នំពេញ​ថា ការ​បង្កើត​ច្បាប់​មួយ​មិន​អាច​បំពេញ​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ឡើយ។ លោក​អះអាង​ថា ច្បាប់​នេះ គឺ​ប្រើ​ដើម្បី​តាមដាន និង​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ហ្មត់ចត់​នូវ​ការ​កំណត់​ប្រាក់​ឈ្នួល និង​មាន​បំណង​លើក​កម្ពស់​ជីវភាព​សមរម្យ​ជូន​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង និង​ជំរុញ​ឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា កាន់​តែ​ល្អ​ប្រសើរ​ឡើង៖ « ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក ប្រាក់​ឈ្នួល​អប្បបរមា ត្រូវ​តវ៉ា​លាយឡំ​ជាមួយ​រឿង​នយោបាយ។ អ៊ីចឹង​ទេ តាំង​ពី​ហ្នឹង​មក យើង​បាន​បង្កើត​ឲ្យ​មាន​នីតិវិធី និង​យុទ្ធនាការ​សម្រាប់​ដោះស្រាយ​អប្បបរមា​នេះ »

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា មុន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវ​ដាក់​ឲ្យ​ពិគ្រោះ​យោបល់​ក្នុង​សិក្ខាសាលា​លើក​ទី​ពីរ នៅ​ថ្ងៃ​ទី​២២ សីហា នេះ ក្រសួង​ការងារ សហការ​ជាមួយ​ក្រសួង​ផែនការ ចុះ​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​ផ្ទាល់​ពី​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង​ចំនួន ១.៥០០​នាក់​ពី​រោងចក្រ​ទាំង ៧៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ព្រម​ទាំង​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ជា​បន្តបន្ទាប់​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក្ដី រយៈពេល​កន្លង​ទៅ សហជីព​តែង​តវ៉ា និង​រិះគន់​ចំពោះ​ការ​កំណត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​របស់​រដ្ឋាភិបាល ថា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ហើយ​ប្រាក់​ឈ្នួល​នេះ​មិន​អាច​ផ្គត់ផ្គង់​លើ​ការ​ចំណាយ​របស់​កម្មករ ស្រប​ពេល​ពួក​គេ​កំពុង​ប្រឈម​នឹង​ទំនិញ​គ្រប់​មុខ​ឡើង​ថ្លៃ។ សហជីព​ជាច្រើន​សង្ស័យ​ទៀត​ថា ប្រាក់​ឈ្នួល​ក្នុង​កម្រិត​ទាប​នេះ បាន​បង្ខំ​ឲ្យ​មាន​ការ​បំពេញ​ការងារ​ថែម​ម៉ោង​ជ្រុល បូក​ផ្សំ​ទាំង​បរិយាកាស និង​បញ្ហា​អនាម័យ​មិន​សូវ​ល្អ​ក្នុង​រោងចក្រ​ខ្លះ ហើយ​ការ​ហូប​ចុក​អាហារ​មិន​មាន​សុខភាព​ផង គឺ​ជា​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ និង​បាន​ធ្វើ​ឲ្យ​កម្មករ​ជាច្រើន​ត្រូវ​ដួល​សន្លប់​បាត់​ស្មារតី និង​កម្មករ​ខ្លះ​ទៀត​ដួល​ស្លាប់​ភ្លាមៗ​ពេល​កំពុង​បំពេញ​ការងារ ជាដើម។

ផ្ទុយ​ទៅ​វិញ សហជីព​គាំទ្រ​រដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហជីព​ជាតិ​កម្ពុជា លោក សោម អូន យល់​ថា ច្បាប់​កំណត់​ប្រាក់​ឈ្នួល​នេះ​មិន​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរី​ឡើយ ព្រោះ​លោក​ថា សហជីព​ក៏​មាន​សិទ្ធិ​និយាយ​អំពី​ប្រាក់​ឈ្នួល​ដែរ ប្រសិន​បើ​មាន​ការ​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ។ លោក សោម អូន បញ្ជាក់​ថា ច្បាប់​នេះ​នឹង​ជួយ​ឲ្យ​ការ​និយាយ​អំពី​ប្រាក់​ឈ្នួល​ធ្វើ​ឡើង​តាម​បច្ចេកទេស​សុទ្ធសាធ និង​មិន​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទៀត​ទេ។

នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ថ្ងៃ​ទី​២២ សីហា អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក យ៉ាន ធី ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ កំណត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​សំណង់​ដែល​ជា​វិស័យ​សំខាន់​ទី​ពីរ ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ ដូច​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង​ដែរ។ លោក​ថា កម្មករ​សំណង់​ប្រហែល ២០​ម៉ឺន​នាក់​ដែល​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​មិន​ទទួល​បាន​លក្ខខណ្ឌ​ការងារ​នេះ ត្រូវ​ថៅកែ​បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង​គ្មាន​ប្រាក់​បន្ថែម ហើយ​ថែម​ទាំង​មិន​បាន​ការ​គិតគូរ​អំពី​សុខភាព និង​សុវត្ថិភាព​ការងារ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។