គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានបង្កើតគណៈកម្មការជំនាញដើម្បីសិក្សាគម្រោងការបង្កើតច្បាប់ការពារផលប្រយោជន៍កម្មករ និងម្ចាស់ផ្ទះជួល។ ប៉ុន្តែអ្នកវិភាគនយោបាយ និងអ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា ច្បាប់នេះហាក់បម្រើផលប្រយោជន៍នយោបាយជាជាងបង្កើតឡើងសម្រាប់ជួយលើកកម្ពស់ជីវភាពកម្មករពិតប្រាកដ។
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជា គួរតែមានច្បាប់ស្ដីពីកិច្ចសន្យាជួលផ្ទះ ដើម្បីទប់ស្កាត់ការតម្លៃថ្លៃឈ្នួលផ្ទះតាមតែអំពើចិត្តនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៥ កុម្ភៈ បានបង្កើតក្រុមការងាររួចជាស្រេចដើម្បីសិក្សាសេចក្ដីព្រាងច្បាប់នេះ។
ក្រុមការងារមកពីគណបក្សសង្គ្រោះជាតិ ដឹកនាំដោយអ្នកស្រី កែ សុវណ្ណរតន៍ និងក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ប៉ែន បញ្ញា។ ច្បាប់នេះ នឹងអនុម័តបន្ទាប់ពីក្រុមការងាររបស់គណបក្សទាំងពីរនេះ បានរៀបចំតាក់តែង និងឆ្លងការពិភាក្សាជាមួយគ្នារួចហើយ។
ផ្ទុយទៅវិញ អ្នកវិភាគមួយចំនួនយល់ឃើញថា សកម្មភាពរបស់គណបក្សទាំងពីរនេះ ហាក់គ្មានប្រយោជន៍ដោយសារតែសកម្មភាពទាំងនេះ ធ្វើឡើងដើម្បីទាញការគាំទ្រពីកម្មករជាជាងបង្កើតឡើងដើម្បីផលប្រយោជន៍ជាតិពិតប្រាកដ។
អ្នកវិភាគនយោបាយលោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា លោកចង់ឲ្យមេដឹកនាំគណបក្សទាំងពីរ គួរគិតផលប្រយោជន៍ជាតិជាធំ ដោយសារតែកម្លាំងពលកម្ម គឺជាកម្លាំងស្នូលលើកស្ទួយដល់ការអភិវឌ្ឍជាតិ និងចូលរួមដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ម៉្យាងវិញទៀត មេដឹកនាំគណបក្សនយោបាយ មិនត្រូវកេងប្រយោជន៍កម្មករច្រើនពេកនោះទេ៖ «ខ្ញុំគិតថា វាល្មមគ្រប់គ្រាន់សម្រាប់គណបក្សនយោបាយដែលត្រូវគិតប្រយោជន៍ជាតិជាធំ»។
បន្ថែមលើនេះ អ្នកវិភាគសេដ្ឋកិច្ច លោក ស្រី ចន្ធី មានប្រសាសន៍ថា ច្បាប់ស្ដីពីកិច្ចសន្យាជួលផ្ទះនេះ ហាក់ផ្ដល់ផលប្រយោជន៍ដល់កម្មករតិចតួច។ ប្រសិនបើគណបក្សទាំងពីរចង់លើកកម្ពស់ជីវភាពកម្មករពិតប្រាកដនោះ គួរផ្ដោតច្បាប់ស្ដីពីអតិផរណាជាដើម៖ «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណា គឺជាកត្តាចាំបាច់ជួយលើកកម្ពស់ជីវភាពកម្មករ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា លោក ប៉ែន បញ្ញា បានទេ នៅថ្ងៃទី១៥ កុម្ភៈ ប៉ុន្តែប្រធានក្រុមការងារមកពីគណបក្សសង្គ្រោះជាតិ អ្នកស្រី កែ សុវណ្ណរតន៍ មានប្រសាសន៍ថា ការបង្កើតច្បាប់ស្ដីពីកិច្ចសន្យាជួលផ្ទះរួមគ្នានេះ ដើម្បីការពារផលប្រយោជន៍ទាំងកម្មករ និងម្ចាស់ផ្ទះ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគនយោបាយ និងអ្នកសេដ្ឋកិច្ចទាំងនោះ យល់ឃើញទៀតថា ខ្លឹមសារនៃការបង្កើតច្បាប់នោះ ហាក់មិនទាន់ស្រាវជ្រាវជាក់លាក់នៅឡើយ ដោយគ្រាន់តែធ្វើឡើងដើម្បី ទាក់ទាញការគាំទ្រពីសំណាក់កម្មករដែលមានប្រមាណ ៦០ម៉ឺននាក់ប៉ុណ្ណោះ។
ក្រុមអ្នកវិភាគនិយាយថា ការបង្កើតច្បាប់ដែលជួយលើកកម្ពស់ជីវភាពកម្មករពិតប្រាកដ គឺមានដូចជាច្បាប់ការពារមិនឲ្យទំនិញឡើងថ្លៃ ឬច្បាប់ការពារមិនឲ្យថ្លៃឈ្នួលឡានឡើងថ្លៃ តាមតែអំពើចិត្ត នៅពេលដល់ពេលបុណ្យប្រពៃណីជាតិកើតឡើងម្ដងៗជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។