អ្នកស្រី សៀង ចាន់ហេង ថា​ការ​ផ្ដន្ទាទោស​លើ​អ្នកស្រី​ជា​សិទ្ធិ​របស់​តុលាការ

0:00 / 0:00

នាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង ចាត់​ទុក​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់​ទោស​ឲ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ក្នុង​រឿង​ជម្លោះ​ដីធ្លី​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង ថា​ជា​សិទ្ធិ​របស់​តុលាការ។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ថា ក្រុម​មេធាវី​របស់​អ្នកស្រី​នឹង​ចាត់​ការ​រឿង​នេះ​បន្ត។

​រឿង​ក្ដីក្ដាំ​ជម្លោះ​ដីធ្លី​រវាង​អ្នក​មាន​ទ្រព្យធន​ដូច​គ្នា​រហូត​ឈាន​ដល់​តុលាការ​សម្រេច​ផ្ដន្ទាទោស​ភាគី​ចុង​ចោទ​ជា​ម្ចាស់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែល​គេ​ដឹង​ថា ជា​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​មាន​ងារ​ជា​ឧកញ៉ា​ទៀត​នោះ បាន​ធ្វើ​ឲ្យ​ខ្ទរខ្ទារ​លើ​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី សៀង ចាន់ហេង ឬ​ដែល​គេ​តែង​ហៅ​ថា ជំទាវ​ហេង​នោះ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ​ដី​ជិត ២០០​ហិកតារ​នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​ប្រើប្រាស់​ឯកសារ​ដី​ក្លែង​នោះ​លក់​ដី​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត បើ​ទោះ​ជា​ដី​នោះ អ្នកស្រី សៀង ចាន់ហេង បាន​លក់​ទៅ​ឲ្យ​ដើម​បណ្ដឹង​គឺ​អ្នកស្រី លឹម ឃី រួច​ហើយ​តាំង​ពី​ឆ្នាំ​១៩៩៤ ក្ដី។

​ថ្លែង​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ប្រទេស​ចិន កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា អ្នកស្រី សៀង ចាន់ហេង និយាយ​ដោយ​ខ្លី​ថា ការ​ផ្ដន្ទាទោស​លើ​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ នៅ​ក្នុង​រឿង​ដីធ្លី​នេះ​វា​ជា​សិទ្ធិ​សម្រេច​របស់​តុលាការ។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​សង្កត់ធ្ងន់​ថា ការ​ពិត​វា​នៅ​តែ​ជា​ការ​ពិត ហើយ​ក្រុម​មេធាវី​របស់​អ្នកស្រី​នឹង​ចាត់ការ​រឿង​នេះ​បន្ត​ទៀត៖ «តុលាការ​កាត់​អី​កាត់​ទៅ​ជា​សិទ្ធិ​របស់​តុលាការ ឲ្យ​តែ​ការពិត ការពិត​វា​នៅ​តែ​ការពិត​ដដែល យើង​ឲ្យ​មេធាវី​ចាត់​ការ​រឿង​យើង ព្រោះ​យើង​ជាប់​នៅ​ឆ្ងាយ ចង់​មាន​ការ​អី​ទាក់ទង​មេធាវី​យើង»

​កន្លង​ទៅ​គេ​តែង​ឮ​ថា ជម្លោះដីធ្លី​ដែល​ប្ដឹង​ទៅ​កាន់​តុលាការ​ភាគ​ច្រើន​កើត​ឡើង​រវាង​អ្នក​មាន​ទ្រព្យធន អ្នក​មាន​អំណាច ជាមួយ​ពលរដ្ឋ​ក្រីក្រ​ដែល​ត្រូវ​បាន​អ្នក​មាន​អំណាច ឬ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្ដម្ភ​រឹប​អូស​យក​ធ្វើ​ជា​ទ្រព្យសម្បត្តិ​របស់​ខ្លួន ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​លើក​គ្នា​តវ៉ា ឬ​នាំ​គ្នា​ប្ដឹង​ទៅ​តុលាការ។ ប៉ុន្តែ​ករណី​ពេល​នេះ ជា​រឿង​ដែល​គេ​កម្រ​ជួប​ប្រទះ​កន្លង​មក ហើយ​វា​រឹត​តែ​កម្រ​ទៀត​នោះ គឺ​នៅ​ត្រង់​ថា អ្នក​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ និង​បង់​ប្រាក់ ៤០០​លាន​រៀល​ទៅ​ឲ្យ​ដើម​បណ្ដឹង គឺ​ជា​មនុស្ស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្ដម្ភ ហើយ​ថែម​ទាំង​មាន​មិត្តភ័ក្ដិ​មាន​អំណាច​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​ផង។

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា ក្ដីក្ដាំ​របស់​អ្នកស្រី សៀង ចាន់ហេង គឺ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ និង​ការ​ប្រើប្រាស់​ឯកសារ​ក្លែង។ លោក​បញ្ជាក់​ថា តាម​ច្បាប់ ភាគី​អ្នកស្រី សៀង ចាន់ហេង មាន​រយៈពេល ១​ខែ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍ តែ​បើ​ក្នុង​មួយ​រយៈ​ពេល​នេះ​មិន​មាន​ការ​ប្ដឹង​ឧទ្ធរណ៍​ទេ​នោះ សាលក្រម​នឹង​ចប់​សព្វ​គ្រប់ ហើយ​ថា​តើ​តុលាការ​នឹង​ចាត់​វិធានការ​បែប​ណា​ចំពោះ​អ្នកស្រី សៀង ចាន់ហេង ទៀត​នោះ លោក សួស វិទ្យារ៉ាន់ឌី អះអាង​ថា ចៅក្រម​នឹង​ចាត់ការ​ទៅ​តាម​នីតិវិធី៖ «ហ្នឹង​ជា​នីតិវិធី​របស់​ចៅក្រម​ទៀត គាត់​នឹង​ចាត់ចែង​តាម​នីតិវិធី​របស់​គាត់​ទៀត»

​អ្នកស្រី សៀង ចាន់ហេង គឺ​ជា​នាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍។ ក្រុមហ៊ុន​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤ ហើយ​ធ្វើការ​វិនិយោគ​ទៅ​លើ​វិស័យ​ជា​ច្រើន ដូចជា​វិស័យ​កសិកម្ម ឧស្សាហកម្ម សហគ្រាស រោងចក្រ សំណង់ រថយន្ត ភោជនីយដ្ឋាន សណ្ឋាគារ សាលារៀន និង​សារព័ត៌មាន​ជាដើម។

គេហទំព័រ​របស់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី សៀង ចាន់ហេង។ RFA Screenshot
គេហទំព័រ​របស់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី សៀង ចាន់ហេង។ RFA Screenshot (RFA Screenshot)

​បន្ថែម​ពី​លើ​នេះ ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មាន​ដី​រាប់​រយ​ហិកតារ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់ឆ្នាំង តាកែវ កំពត និង​កោះកុង។ ក្រៅ​ពី​នេះ ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក៏​មាន​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្ទាល់​ខ្លួន ហើយ​ក៏​គ្រោង​បង្កើត​នូវ​មជ្ឈមណ្ឌល​កម្សាន្ត​អគារ​ពាណិជ្ជកម្ម ឬ​ហាង​លក់ ទំនិញ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ។

​ក្នុង​ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា អ្នកស្រី សៀង ចាន់ហេង មិន​មាន​វត្តមាន​ក្នុង​តុលាការ​ឡើយ។ មេធាវី​ការពារ​ក្តី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត​របស់​អ្នកស្រី សៀង ចាន់ហេង គឺ​លោក ម៉ៃ វណ្ណាឌី។ លោក​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា លោក​មិន​បាន​ចូលរួម​ក្នុង​ពេល​ប្រកាស​សាលក្រម​នោះ​ទេ ដោយសារ​លោក​ជាប់​រវល់។

លោក​ថា លោក​មិន​ទាន់​ដឹង​ថា តើ​កូន​ក្តី​របស់​លោក​នឹង​ធ្វើ​អ្វី​បន្ត​ទៀត​នៅ​ឡើយ ហើយ​លោក​ក៏​មិន​ទាន់​ទាក់ទង​ជាមួយ​កូន​ក្ដី​លោក​នៅ​ឡើយ​ដែរ​រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា៖ «និយាយ​ទៅ​ការ​សម្រេច​របស់​តុលាការ​ជា​គោលការណ៍​ទាំង​អស់​គ្នា​ត្រូវ​តែ​គោរព បើ​សិន​ភាគី​ណា​មួយ​មិន​ពេញ​ចិត្ត គាត់​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​មួយ​ថ្នាក់​ទៀត ហើយ​ខ្ញុំ​អត់​មាន​ទៅ​និយាយ​ថា យ៉ាង​ម៉េច​ទេ ព្រោះ​ខ្ញុំ​ការពារ​តែ​ផ្លូវ​ច្បាប់​ទេ»

​មេធាវី​ការពារ​អ្នកស្រី លឹម ឃី ដែល​ជា​ដើម​បណ្ដឹង​ប្ដឹង​អ្នកស្រី សៀង ចាន់ហេង គឺ​លោក ថាន ថាវរៈ។ លោក​ប្រាប់​អាស៊ីសេរី ដោយ​សុំ​មិន​បញ្ចេញ​សំឡេង​ថា កូន​ក្ដី​លោក​ដែល​ស្គាល់​ពាណិជ្ជករ​ជនជាតិ​ចិន បាន​រក​ស៊ី​ជាមួយ​អ្នកស្រី សៀង ចាន់ហេង ជា​យូរ​ឆ្នាំ​មក​ហើយ។ លោក​ថា នៅ​ឆ្នាំ​១៩៩៤ អ្នកស្រី សៀង ចាន់ហេង បាន​លក់​ដី​ជិត ២០០​ហិកតារ​នៅ​ភូមិ​ទឹកល្អក់ ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ទៅ​ឲ្យ​កូន​ក្ដី​លោក និង​ជនជាតិ​ចិន ទាំង​នោះ ហើយ​បាន​ប្រគល់​ឯកសារ​ដី​រួចរាល់​ទៅ​ឲ្យ​ភាគី​កូន​ក្ដី​របស់​លោក។ ប៉ុន្តែ​លុះ​ដល់​ឆ្នាំ​២០១៣ នៅ​ពេល​ដែល​កូន​ក្ដី​លោក​ចុះ​ទៅ​ពិនិត្យ​ដី ស្រាប់​តែ​គេ​ប្រាប់​ថា ដី​នោះ​ត្រូវ​បាន​អ្នកស្រី សៀង ចាន់ហេង លក់​ទៅ​ឲ្យ​អ្នក​ដទៃ​ទៀត ទើប​នាំ​ឲ្យ​មាន​ការ​ប្ដឹងផ្ដល់​តាំង​ពី​ពេល​នោះ​មក។

​ជម្លោះ​ដីធ្លី​គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ដោយសារ​ការ​រឹប​អូស​យក​ដីធ្លី​ពលរដ្ឋ​ដោយ​ជន​មាន​ទ្រព្យ​សម្បត្តិ និង​មាន​អំណាច។

​កន្លង​ទៅ ករណី​ក្លែង​បន្លំ​ឯកសារ​យក​ដី គេ​ឃើញ​ភាគ​ច្រើន​កើត​ទៅ​លើ​ពលរដ្ឋ​ក្រីក្រ​ដោយសារ​អ្នក​មាន​ទ្រព្យសម្បត្តិ ឬ​អ្នក​មាន​អំណាច​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ឯកសារ​រំលោភ​យក​ដី​ពលរដ្ឋ បើ​ទោះ​ជា​ពេល​ខ្លះ​ដី​នោះ​ត្រូវ​បាន​ពលរដ្ឋ​កាន់កាប់ និង​ចូល​រស់​នៅ​ចាប់​តាំង​ពី​ក្រោយ​សម័យ​ខ្មែរ​ក្រហម​ក្តី។ ប៉ុន្តែ​ករណី​អ្នក​មាន​ហើយ ថែម​ទាំង​ជា​ដៃគូ​រក​ស៊ី​ជាមួយ​គ្នា​ក្លែង​ឯកសារ​យក​ដី​គ្នា​ឯង​ជា​រឿង​ដែល​គេ​កម្រ​ឮ​ណាស់។

​រហូត​មក​ទល់​ពេល​នេះ ករណី​ឃុបឃិត​គ្នា​រវាង​អ្នក​មាន​អំណាច អ្នក​មាន​ទ្រព្យធន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ឯកសារ ឬ​បន្លំ​ឯកសារ​យក​ដី​ពលរដ្ឋ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គ្រួសារ ត្រូវ​រង​ទឹក​ភ្នែក​ទឹក​សំបោរ ហើយ​ជា​ទូទៅ​ការ​តវ៉ា​របស់​ពួកគាត់​ពុំ​សូវ​ត្រូវ​បាន​អាជ្ញាធរ ឬ​តុលាការ​ស្វែងរក​យុត្តិធម៌​ឲ្យ​ឡើយ បើ​ទោះ​ជា​ពេល​ខ្លះ​ពួកគាត់​បាន​លើក​គ្នា​ម្ដង​ជា​ពីរ ម្ដង​មក​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ ឬ​ពី​លោក​នាយក មន្ត្រី ហ៊ុន សែន ក្ដី។

​ពេល​ខ្លះ​ដោយសារ​អស់​សង្ឃឹម​នឹង​ប្រព័ន្ធ​តុលាការ ហើយ​ដោយសារ​តែ​ភាព​ក្រីក្រ​ទៀត​នោះ ពលរដ្ឋ​រង​គ្រោះ​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា ហើយ​ក៏​ទុក​ឲ្យ​ឈ្មួញ​មាន​អំណាច​រឹបអូស​យក​ដី​របស់​ពួកគាត់​តាម​អំពើ​ចិត្ត ខណៈ​ពលរដ្ឋ​ខ្លះ​បាន​ទទួល​សំណង​ដែរ តែ​សំណង​ដែល​ឈ្មួញ​មាន​អំណាច​ប្រគល់​ឲ្យ​នោះ​មាន​តម្លៃ​ទាប​ខ្លាំង​ជាង​ទីផ្សារ​​ក៏​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។