មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបញ្ចេញរបាយការណ៍វិភាគផ្លូវច្បាប់មួយបង្ហាញថា តុលាការខេត្តកោះកុង គ្មានភស្តុតាងស៊ីសង្វាក់ក្នុងការចោទប្រកាន់ទៅលើសកម្មជន ៣រូបនៃអង្គការមាតាធម្មជាតិដែលកំពុងជាប់ឃុំ និងការចោទប្រកាន់ស្ថាបនិកនៃអង្គការនេះដែលកំពុងនៅក្រៅស្រុក។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលច្រានចោលការរកឃើញនេះ និងព្រមានចាត់វិធានការលើអង្គការសង្គមស៊ីវិលមួយនេះ។
គិតមកទល់ពេលនេះ ១០ខែហើយដែលសកម្មជនការពារបរិស្ថានទាំង ៣នាក់ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង ត្រូវជាប់ឃុំបណ្ដោះអាសន្នដោយមិនទាន់បានជំនុំជម្រះ។
ពួកគេត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ កាលពីថ្ងៃទី៣១ ខែសីហា តុលាការបដិសេធសំណើនៅក្រៅឃុំរបស់ពួកគេ។ សាលាដំបូងខេត្តកោះកុង នឹងជំនុំជម្រះក្តីអ្នកទាំងបីនៅថ្ងៃទី២៧ ខែមិថុនា ខាងមុខ។
លោកមេធាវី ហុង គឹមសួន ជាសមាជិកនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីខាងដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម ថាការចោទប្រកាន់នេះជាបទមជ្ឈិម។ ដូច្នេះ តុលាការអាចឃុំជនជាប់ចោទបណ្ដោះអាសន្នយ៉ាងយូរបំផុតរយៈពេល ៨ខែ៖ «ឃុំខ្លួនម្ដង៤ ម្ដង ៤ខែទៀត ប៉ុន្តែតុលាការត្រូវរកឲ្យឃើញថា ខ្លួនជាប់ជំពាក់ជំពិនស្មុគស្មាញដល់ខ្លួនរួច ប៉ុន្តែគ្មានហេតុ លិខិតស្នាមបញ្ជាក់ត្រឹមត្រូវទេ តុលាការធ្វើខុសនីតិវិធីហើយ»។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះផ្សាយថ្ងៃទី២១ ខែមិថុនា បង្ហាញថា សកម្មជនទាំងបីរូបមិនបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិ គំរាមកំហែង ថានឹងដុតសាឡង់បូមខ្សាច់ទេ។
តុលាការខេត្តកោះកុង ចោទសកម្មជនការពារបរិស្ថានទាំងបីរូបពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។
ចំណែកស្ថាបនិកនៃអង្គការនេះ គឺលោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន បណ្ដេញចេញមិនឲ្យនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នោះ ក៏ត្រូវតុលាការចោទប្រកាន់ថា ជាអ្នកផ្សំគំនិតទាក់ទងការប្រព្រឹត្តរបស់ក្រុមយុវជន។
អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ឈុន លី បញ្ជាក់បន្ថែមលើការវិភាគនេះថា ការវិភាគនេះមិនមែនជាការជ្រៀតជ្រែកលើកិច្ចការតុលាការទេ។ ប៉ុន្តែជាការសិក្សាស្រាវជ្រាវទាំងអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តរបស់សកម្មជននៃអង្គការមាតាធម្មជាតិ ហើយបានរកឃើញការចោទរបស់តុលាការមិនត្រឹមត្រូវ។ អ្នកស្រីរំពឹងថា តុលាការ និងអ្នកពាក់ព័ន្ធ នឹងពិចារណាឡើងវិញលើការសម្រេចរបស់ខ្លួន បន្ទាប់ពីបានឃើញការវិភាគនេះ៖ «ចំពោះយើងនេះមិនមែនជាការជ្រៀតជ្រែកលើកិច្ចការតុលាការទេ សំខាន់រឿងនេះជាបញ្ហាសិទ្ធិមនុស្ស ចង់និយាយថា ការចោទប្រកាន់នេះមិនសមស្របទេ ដូច្នេះទើបយើងវិភាគឲ្យដឹងថា រឿងហ្នឹងហើយ និងបទចោទនោះយ៉ាងម៉េច?»។
ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថាការវិភាគនេះជាការរំលោភច្បាប់។ លោកព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការក្នុងពេលណាមួយទៅលើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖«មិនមែនយកមជ្ឈមណ្ឌលសិទ្ធិមនុស្សជាផ្លាក ជាមួកមកពាក់ ហើយធ្វើអ្វីខុសនឹងច្បាប់បានទេ ប៉ុន្តែរដ្ឋាភិបាលខន្តី ទុកឲ្យគេរៀន ទុកគេយល់ច្បាស់ពីច្បាប់ខ្មែរ ថ្ងៃណាមួយយើងនឹងចាត់វិធានការ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីព្រះរាជអាជ្ញា ឬចៅក្រមតុលាការខេត្តកោះកុង ដែលកាន់សំណុំរឿងនេះ ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ និងការឃុំខ្លួនសកម្មជននៃអង្គការមាតាធម្មជាតិ។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញថា លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង តែងតែសម្របសម្រួលពលរដ្ឋដែលប្រឆាំងការបូមខ្សាច់មិនឲ្យផ្ទុះហិង្សា។ ចំណែកលោក អាឡិកហាន់ដ្រូ ពេលមានការតវ៉ា លោកក៏តែងតែសរសេរនៅហ្វេសប៊ុក (Facebook) ឲ្យអ្នកទាំងនោះដោះស្រាយដោយរក្សាជំហរសន្តិវិធី។
ផ្ទុយទៅវិញ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញថា ក្រុមហ៊ុនបូមខ្សាច់ បានជួលមនុស្សមួយក្រុមផ្សេង បន្លំធ្វើអ្នកភូមិមកតវ៉ា ដែលបង្កជម្លោះជាមួយក្រុមហ៊ុនបូមខ្សាច់។
របាយការណ៍ដដែលមិនបានបង្ហាញឈ្មោះសាក្សីទេ ប៉ុន្តែបញ្ជាក់ថា សាក្សីភាគច្រើននិយាយក្នុងពេលផ្ទុះការទាមទារខ្លាំងនៅថ្ងៃទី២៨ ខែកក្កដា និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ អ្នកទាំងបីរូបមិនបាននៅជុំគ្នានៅកន្លែងកើតហេតុទេ។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ថា នេះជាសិទ្ធិសេរីភាពរបស់បុគ្គល ឬអង្គការសង្គម ព្រោះជនណាក៏អាចធ្វើការវិភាគលើផ្លូវច្បាប់បានដែរ។ ប៉ុន្តែលោកថា មានតែតុលាការទេដែលជាអ្នកមានសិទ្ធិសម្រេច៖ «មានតែតុលាការទេ ដែលអាចសម្រេចថា អ្នកណាមានទោស ឬក៏មិនមាន ហើយត្រូវចោទឬក៏មិនត្រូវចោទ។ មូលដ្ឋាននៃការស្រាវជ្រាវរបស់គាត់ហ្នឹង គឺមិនមានឥទ្ធិពលអ្វីទៅលើតុលាការទេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ថា ប្រសិនបើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា វិភាគឃើញថា សកម្មភាពការពារបរិស្ថានគ្មានទោស គួរតែរកមេធាវីការពារក្តីយកការវិភាគនេះទុកប្រើតតាំងក្នុងដំណើរក្តីសំណុំរឿងនេះទើបជាការល្អ។
ភរិយារបស់លោក ស៊ីម សំណាង គឺលោកស្រី ថា សុភា ឲ្យវិទ្យុអាស៊ីសេរី ដឹងថា ពេលនេះលោកស្រីកំពុងជួបការលំបាកនៅពេលស្វាមីរបស់លោកស្រីជាប់ឃុំដូចនេះ។ លោកស្រីនៅតែអះអាងថា សកម្មភាពស្វាមីរបស់លោកស្រីហាមឃាត់ការបូមខ្សាច់របស់ក្រុមហ៊ុនបូមខ្សាច់ មិនមែនជាសកម្មភាពល្មើសច្បាប់ទេ ប៉ុន្តែការឃុំខ្លួនស្វាមីលោកស្រីរយៈពេល ១០ខែ មិនជំនុំជម្រះ ទើបជាការអនុវត្តខុសនីតិវិធី៖ «ជួបបញ្ហាលំបាក ដោយសារតែគ្មានអ្នកបង្គោលក្នុងគ្រួសារ ព្រោះស្វាមីខ្ញុំជាអ្នកផ្គត់ផ្គង់ក្នុងគ្រួសារ ហើយម៉្យាងទៀតម្ដាយខ្ញុំពិការ។ នៅពេលអ៊ីចឹងទៅធ្វើឲ្យគ្រួសារខ្ញុំកាន់តែលំបាក»។
ស្ថិតិរបស់រដ្ឋាភិបាលឲ្យដឹងថា ត្រឹមពាក់កណ្ដាលឆ្នាំ២០១៤ ការឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ បានកើនឡើងពី ២៥% ទៅ ៣០%។ អ្នកសង្កេតការណ៍អន្តរជាតិកត់សម្គាល់ឃើញថា អ្នកដែលរងការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលវែង ភាគច្រើនជាអ្នកការពារសិទ្ធិមនុស្ស។
ការវិភាគរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្នើទៅតុលាការឲ្យទម្លាក់បទចោទទៅលើសកម្មជនទាំងនោះ និងដោះលែងឲ្យមានសេរីភាព។ ភរិយារបស់លោក ស៊ីម សំណាង គឺលោកស្រី ថា សុភា បន្តថា នៅពេលស្វាមីលោកស្រីមានសេរីភាពឡើងវិញ លោកស្រីនៅតែគាំទ្រការសម្រេចចិត្តរបស់ស្វាមីលោកស្រី ទោះស្វាមីបន្តធ្វើការងារសង្គមដដែល ឬប្រកបការងារធម្មតាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។