សាលាដំបូងខេត្តកំពង់ឆ្នាំង កំពុងពិនិត្យសំណុំរឿងឃាតកម្មគិតទុកជាមុនទៅលើអ្នកកាសែត មាគ៌ាកម្ពុជា ដែលត្រូវបានគេព្រួតគ្នាវាយសម្លាប់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី កាលពីចុងខែមករា ឆ្នាំ២០១៤។ ក្រុមគ្រួសារជនរងគ្រោះ ស្នើឲ្យតុលាការពន្លឿននីតិវិធី និងចាប់យកជនល្មើសទៅផ្ដន្ទាទោសឲ្យបានឆាប់ ទើបពួកគាត់ស្ងប់ចិត្ត។
នៅគ្រាដែលក្រុមគ្រួសារ និងភរិយាជនរងគ្រោះព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ចំពោះការបង្ហាញខ្លួនជាសាធារណៈរបស់ជនសង្ស័យ ដែលសង្ស័យថាបានវាយសម្លាប់ លោក សួន ចាន់ ភ្នាក់ងារកាសែត មាគ៌ាកម្ពុជា នោះ ចៅក្រមតុលាការបានចោទប្រកាន់មនុស្សជាច្រើននាក់ពីបទឃាតកម្មគិតទុកជាមុន ក្នុងសំណុំរឿងនេះ។
ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកំពង់ឆ្នាំង លោក គឹម ហុងសាន្ត ឲ្យដឹងនៅថ្ងៃទី២២ ខែមេសា ថា លោកបានដាក់បទចោទ និងកំពុងរៀបចំសំណុំរឿងនេះបញ្ជូនទៅចៅក្រមស៊ើបសួរ ដែលអាចទៅដល់ដៃចៅក្រមក្នុងសប្ដាហ៍ទី៤ នៃខែមេសា នេះ៖ «ឥឡូវកំពុងរៀបចំបញ្ជូនទៅហើយ! នេះៗរឿងហ្នឹងខ្ញុំដាក់ហិង្សាដោយចេតនា បណ្ដាលឲ្យស្លាប់ដល់ជនរងគ្រោះ អាហ្នឹងវាបទឧក្រិដ្ឋដូចគ្នា ហើយនៅក្នុងហ្នឹងមានជនល្មើសទាំងអស់ ៦នាក់»។
ប្រធានផ្នែកបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា អង្គការលីកាដូ នឹងចេញសេចក្ដីថ្លែងការណ៍មួយទៀត ទាក់ទងនឹងករណីនេះ ដើម្បីឲ្យអាជ្ញាធរជួយរកយុត្តិធម៌ និងចាត់វិធានការជាបន្ទាន់។ លោកបន្តថា ករណីវាយសម្លាប់អ្នកកាសែត មាគ៌ាកម្ពុជា នេះ គឺកើតចេញពីវិជ្ជាជីវៈសារព័ត៌មាន ដូចជាអ្នកសារព័ត៌មានចំនួន ១១រូបផ្សេងទៀតដែរ ដែលបានស្លាប់ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ៖ «វាមានហេតុផលច្រើនដែលចង្អុលបង្ហាញអំពីថា ការពាក់ព័ន្ធជាមួយនឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន ពីព្រោះអីគាត់ក៏ត្រូវរងការគំរាមកំហែងពីមុនមក ហើយអត្ថបទរបស់គាត់ភាគច្រើន គឺបានចុះផ្សាយអំពីបទល្មើសនៃជលផលនៅទីនោះជាច្រើន»។
ក្រុមគ្រួសារ និងភរិយាជនរងគ្រោះ កំពុងរស់នៅដោយភ័យខ្លាចជនល្មើសគុំកួន និងលួចវាយធ្វើបាបបន្តទៀត ក្រោយពីឃើញជនសង្ស័យទាំងនោះចេញមុខជាសាធារណៈ និងរស់នៅក្នុងភូមិជាមួយយ៉ាងមានសេរីភាព បន្ទាប់ពីគេចខ្លួនមួយរយៈមក។ គ្រួសារ លោក សួន ចាន់ ស្នើឲ្យសមត្ថកិច្ច និងតុលាការចាប់ខ្លួនជនល្មើសទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានឆាប់។
កូនប្រុសវ័យ ២០ឆ្នាំរបស់ លោក សួន ចាន់ ឈ្មោះ ដុស ជីម បានរៀបរាប់ថា ក្នុងហេតុការណ៍វាយសម្លាប់ឪពុករបស់ខ្លួន កាលណោះជនល្មើសមានគ្នាប្រហែលជា ១០នាក់ ប៉ុន្តែស្គាល់មុខច្បាស់ចំនួន ៤នាក់ គឺមានទី១ឈ្មោះ យឿន នុន ទី២ យឿន ណាក់ ទី៣ នាង រ៉ា និងទី៤ឈ្មោះ សាំង សេងអៀង៖ «មុនដំបូងខ្ញុំនៅលើផ្ទះ ដល់ពេលខ្ញុំចុះមក ប្អូនខ្ញុំប្រាប់ថា គេវាយពុក ដល់ពេលខ្ញុំរត់ទៅឃើញអាបួននាក់ហ្នឹងហ្មងកំពុងវាយពុកខ្ញុំ ៤នាក់ហ្នឹងឈរជុំវិញពុកខ្ញុំហ្មង! ពេលខ្ញុំរត់ចូលទៅបានវាដកដំបងមកវាយខ្ញុំវិញ។ វាយត្រូវដៃ១ដំបង និងកន្លែងបោះដៃផុត១ដំបង និងក្បាល១ដំបង។ ដល់ពេលហ្នឹង ខ្ញុំត្រូវខ្ញុំដួលខ្ញុំងើបមកវិញ វាចាប់ក្របួចកអាវខ្ញុំ រួចទៅវាស្រែកឲ្យគ្នាវាវាយមក។ អាអ្នកស្រែកឲ្យគ្នាវាវាយខ្ញុំថែមទៀត ពេលខ្ញុំភ័យ ខ្ញុំរើមក ឪពុកខ្ញុំក៏រត់មកដល់ផ្ទះដែរ»។
លោកបញ្ជាក់ថា នៅម៉ោងជិត ៨យប់ ជនល្មើសបានឈររប៉ាត់រប៉ាយនៅកន្លែងងងឹតតាមផ្លូវ ចំណែកជនដៃដល់ទាំង ៤នាក់ បានប្រើដំបងឫស្សីពីងពង់ និងឈើជ្រុង ព្រួតគ្នាវាយឪពុក និងខ្លួននៅកន្លែងភ្លឺ ដែលមានអ្នកភូមិក្បែរនោះបើកអំពូលភ្លើងបំភ្លឺនៅពេលយប់។ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា២០០ ចែងថា បទឃាតកម្មគិតទុកជាមុនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
