អង្គការ​លីកាដូ​ស្នើ​សុំ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​​ឱ្យ​បដិសេធ​ច្បាប់​បី​ពាក់ព័ន្ធ​តុលាការ

0:00 / 0:00

ច្បាប់​ទាំង​បី​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ គឺ​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​បាន​អនុម័ត​ដោយ​ឯកច្ឆន្ទ​ចេញ​ពី​គណបក្ស​ប្រជាជន តែ​ម្ខាង ឥឡូវ​នេះ​បាន​ចូល​ដល់​ដៃ​នៃ​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ហើយ។

អង្គការ​ លីកាដូ បាន​ស្នើ​ឲ្យ​ស្ថាប័ន​កំពូល​នេះ ច្រានចោល និង​បដិសេធ​ជា​ដាច់ខាត​ចំពោះ​ច្បាប់​ថ្មី​ទាំង​បី​នេះ ដោយ​ចាត់​ទុក​ថា ច្បាប់​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល​សម្រាប់​ដោះស្រាយ​បណ្ដឹង និង​បិទ​ផ្លូវ​តវ៉ា​នេះ បញ្ជាក់​ឆន្ទៈ​រួច​ហើយ​ថា បើ​ទោះ​ជា​មាន​លិខិត​ស្នើ​សុំ​ដែល​ចេញ​ដោយ​អង្គការ​លីកាដូ មិន​ពេញ​ចិត្ត​ច្បាប់​ថ្មី​ទាំង​បី​នេះ​យ៉ាង​ណា​ក៏​ដោយ​ចុះ តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​តែ​បន្ត​នីតិវិធី​របស់​ខ្លួន ដូច​ដែល​បាន​គ្រោង​ទុក​រួច​ទៅ​ហើយ នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ មិថុនា។

ការ​ជំទាស់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ នៅ​ពេល​នេះ គឺ​នៅ​ចំ​ពេល​ខួប​គម្រប់ ១៦​ឆ្នាំ នៃ​ការ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ​ឡើង កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៨២ មក។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៥ មិថុនា អង្គការ​លីកាដូ ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គប្បី​បដិសេធ​ច្បាប់​ថ្មី​ទាំង​បី​នេះ ដោយ​ហេតុ​ថា ច្បាប់​ដែល​ឆ្លង​ដោយ​រដ្ឋសភា និង​ព្រឹទ្ធសភា​ចេញ​ពី​បក្ស​តែ​ម្ខាង​រួច​ហើយ​នេះ គឺ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ ជា​ពិសេស​នោះ ច្បាប់​ថ្មី​ទាំង​បី​នេះ ផ្ទុយ​ស្រឡះ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។

រដ្ឋធម្មនុញ្ញ​បាន​បញ្ញត្ត​ហើយ​ថា អំណាច​តុលាការ​ត្រូវ​តែ​ជា​អំណាច​ដែល​ឯករាជ្យ។ បន្ថែម​ពី​លើ​នេះ អង្គការ​ លីកាដូ យល់​ឃើញ​​ថា មាត្រា​នៃ​ច្បាប់​ទាំង​បី​នេះ​មួយ​ចំនួន​នឹង​បង្កើន​ឲ្យ​មាន​ភាព​ខ្វះខាត​ឯករាជ្យ​កាន់​តែ​ខ្លាំង​ឡើង ហើយ​និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ប្រទេស​កម្ពុជា កាន់​តែ​អាក្រក់​ថែម​ទៀត។ ជាង​នេះ​ទៅ​ទៀត​នោះ រឹត​តែ​ខុស​ស្រឡះ​គឺ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ហើយ​ថា ប្រព័ន្ធ​តុលាការ​ដែល​ឯករាជ្យ ត្រូវ​តែ​ធានា​ថា ចៅក្រម ព្រះ​រាជអាជ្ញា មន្ត្រី​តុលាការ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​តុលាការ ពិត​ជា​មាន​ភាព​ឯករាជ្យ​ទាំង​ស្រុង និង​មិន​ស្ថិត​នៅ​ក្រោម​សម្ពាធ​ខាង​ផ្នែក​នយោបាយ​ទេ។

ក៏​ប៉ុន្តែ​ច្បាប់​ដែល​បាន​ស្នើ​ឡើង​នៅ​ពេល​នេះ មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​ទាំង​អស់​នេះ​ ណា​មួយ​ឡើយ។ ផ្ទុយ​ទៅ​វិញ បែរ​ជា​មាន​ចេតនា​ក្នុង​ការ​ព្យាយាម​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​រដ្ឋាភិបាល​ទៅ​លើ​តុលាការ​គ្រប់​ជាន់​ថ្នាក់ កាន់​តែ​មាន​ភាព​ស្របច្បាប់​ទៅ​វិញ។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៥ មិថុនា​ថា លោក​បាន​ឃើញ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លីកាដូ នេះ​រួច​ហើយ​ដែរ។

លោក​បញ្ជាក់​ថា បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ស្ថាប័ន​ជំនាញ​នេះ​នឹង​នៅ​តែ​បន្ត​កិច្ចការ​របស់​ខ្លួន​ដោយ​ផ្អែក​លើ​នីតិវិធី​ដែល​មាន​ស្រាប់ និង​មិន​រារែក​ទេ៖ «ខ្ញុំ​សូម​ជម្រាប​ចេះ​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​មាន​ការ​បកស្រាយ​យ៉ាង​ណា​ទេ។ ប៉ុន្តែ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ទទួល​ច្បាប់​ទាំង​បី​ហ្នឹង​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ម៉ោង ៤​ទៅ​ហើយ យើង​បន្ទាប់​មក​ថ្ងៃ​សុក្រ​ជា​ថ្ងៃ​ចំ​ចុង​សប្ដាហ៍។អ៊ីចឹង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ គេ​ឥត​ធ្វើ​ការ​ទេ។ ដល់​ថ្ងៃ​ច័ន្ទ ស្អែក​ហ្នឹង បាន​គេ​ធ្វើ​ការ ហើយ​ច្បាប់​ហ្នឹង​តាម​ការ​ឯកភាព និង​ការ​ព្រមព្រៀង​គឺ​ប្រធាន​បាន​ចាត់ចែង​កម្លាំង​ដែល​ត្រូវ​ទទួល​ការងារ​ចាប់​ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ច័ន្ទ​ទៅ​ហើយ»

បន្ថែម​ពី​លើ​ថ្លែងការណ៍​នេះ លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ យល់​ឃើញ​ថា ថ្វី​បើ​នេះ​ជា​កាតព្វកិច្ច​ដែល​ចាំបាច់​ត្រូវ​តែ​បំពេញ​ពិត​មែន តែ​ថា ស្ថាប័ន​កំពូល​នេះ គប្បី​ទម្លាក់​ចោល​ច្បាប់​ថ្មី​​នេះ​ចេញ ប្រសិន​បើ​រក​ឃើញ​ថា មាន​កំហុស​ដូច​ការ​រិះគន់ ថា​ជា​ច្បាប់​ដែល​បាន​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​នោះ។

យ៉ាង​ណា​លោក អំ សំអាត ហាក់​នៅ​មិន​ទុកចិត្ត​លើ​ឆន្ទៈ​នៃ​ស្ថាប័ន​នេះ​ប៉ុន្មាន​ឡើយ ដោយ​ហេតុ​ថា សមាជិក​ភាគច្រើន​នៃ​ក្រម​ប្រឹក្សា​ធម្មនុញ្ញ​ទំនង​ជា​មាន​ចេតនា​មិន​ខុស​អ្វី​ពី​ស្ថាប័ន​ដទៃ​ទៀត​ទេ ដែល​ត្រូវ​មើល​ឃើញ​ថា ហាក់​ស្ថិត​ក្រោម​ឥទ្ធិពល​រដ្ឋាភិបាល​ទៅ​ហើយ​នោះ។

លោក​បន្ត​ថា៖ «ខ្ញុំ​គិត​ថា​នេះ​ហើយ​ដែល​វា​ជា​ការ បង្ហាញ​នៅ​ជំហរ​​និយាយ​អំពី​ឯករាជ្យ​ភាព ប្រព័ន្ធ​តុលាការ​នោះ។បើ​សិន​ជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​កំពូល ដែល​ពិនិត្យ​អំពី​ធម្មនុញ្ញភាព​នៃ​ច្បាប់​ទាំងឡាយ ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា និង ព្រឹទ្ធសភា ហើយ​បើ​សិន​ជា​មើល​ឃើញ​ហើយ​ថា មិន​ធានា​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ។ប៉ុន្តែ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​ធ្វើ​ការ​ច្រានចោល នូវ​មាត្រា​ខ្លះ​ឬក៏​មិន​បាន​ច្រានចោល​នៃ​ច្បាប់​នេះ​ទេ នោះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ហើយ​ថា យើង​ក៏​មិន​ទាន់​អាច​រក​ភាព​ឯករាជ្យ​ភាព របស់​ស្ថាប័ន​ឬក៏​របស់​តុលាការ​នោះ​បាន​ដែរ»

ក្រោយ​ពី​ច្បាប់​នេះ អនុម័ត​ដោយ​រដ្ឋសភា​ដែល​មាន​តែ​សមាជិក​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​មាន​ការ​ពិគ្រោះ​ពិភាក្សា​ពី​គណបក្ស​ប្រឆាំង និង​ពុំ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​ផង កាល​ពី​ថ្ងៃ​ទី​២២ និង ថ្ងៃ​ទី​២៣ ខែ​ឧសភា ហើយ​ក្រោយ​មក​ទៀត កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​១២ មិថុនា។

ច្បាប់​ថ្មី​ទាំង​បី​នេះ បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​រិះគន់​មិន​សំចៃ​មាត់​ពី​ខាង​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ដោយ​ពួកគេ​ចាត់​ទុក​ថា ច្បាប់​ទាំង​បី​នេះ ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​ជា​ចាំបាច់ ដោយ​ហេតុ​ថា​ក្រោយ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ហើយ ​គឺ​អំណាច​តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ដែល​ក្រសួង​យុត្តិធម៌​គឺ​ជា​អ្នក​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។