ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិថុនា អនុម័តជាស្ថាពរនូវសេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធវិស័យតុលាការ។ សេចក្តីព្រាងច្បាប់ទាំង៣នេះ ត្រូវបានសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ពិភាក្សា និងអនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ៤៤ លើ ៤៤ សំឡេង នៃសមាជិកចូលរួមប្រជុំសរុប។ ចំណែកសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី មិនបានចូលរួមឡើយ។
នៅទីបំផុត សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសចំនួន៣ គឺសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម ដែលមានទាំងអស់ ២០ជំពូក និងចែកចេញជា ២៣៣មាត្រា ត្រូវបានសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ចំណាយពេលមិនដល់ ៤ម៉ោងផង ដើម្បីពិភាក្សាអនុម័ត។
សេចក្តីព្រាងច្បាប់ទាំង៣ ត្រូវបានសមាជិកព្រឹទ្ធសភាពិភាក្សាផ្តល់យោបល់ និងអនុម័តជាកញ្ចប់ មួយច្បាប់ម្តងៗ បន្ទាប់ពីប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ធ្វើសេចក្តីរាយការណ៍ជូនអង្គព្រឹទ្ធសភារួច ដែលនីតិវិធីនេះមើលទៅហាក់ដូចជាធ្វើឲ្យដំណើរការអនុម័តច្បាប់ ចំណាយពេលខ្លីជាងពេលច្បាប់ទាំងនេះ ត្រូវបានដាក់ឲ្យពិភាក្សា និងអនុម័តនៅឯរដ្ឋសភា កាលពីពេលថ្មីៗនេះ ដែលនៅពេលនោះ សេចក្តីព្រាងច្បាប់ត្រូវបានសមាជិកសភាពិភាក្សា និងអនុម័តមួយជំពូកម្តងៗ។
បើទោះជាមិនមានការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយមាត្រាម្តងៗក៏ដោយ សង្កេតឃើញថា មានសមាជិកព្រឹទ្ធសភាមួយចំនួនបានឡើងផ្តល់យោបល់ និងសួរសំណួរទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា ឲ្យលោកបំភ្លឺបន្ថែម។ សមាជិកព្រឹទ្ធសភាខ្លះ ក៏បានលើកឡើងនូវស្ថានភាពជាក់ស្តែង ដែលពលរដ្ឋមួយចំនួនបានជួបប្រទះ ហើយដែលតុលាការនៅតែមិនអាចរកយុត្តិធម៌ឲ្យពួកគេបាន។
ស្របពេលជាមួយគ្នានេះដែរ ក៏មានសមាជិកព្រឹទ្ធសភាខ្លះយកឱកាសពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះ វាយប្រហារតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលមិនចូលរួមប្រជុំ វាយប្រហារលើក្រុមអ្នកវិភាគឯករាជ្យ លើប្រព័ន្ធផ្សព្វផ្សាយបរទេស និងលើមន្ត្រីអង្គការសង្គមស៊ីវិល ដែលតែងបានរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរិះគន់ចំពោះការតាក់តែងច្បាប់ ពាក់ព័ន្ធនឹងវិស័យតុលាការទាំង៣ ក្នុងពេលនយោបាយជាប់គាំងនេះ។ សមាជិកព្រឹទ្ធសភាខ្លះ ថែមទាំងលើកឡើងថា គណបក្សប្រឆាំង និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល មិនគួរបារម្ភអំពីច្បាប់ទាំងនេះទេ ប្រសិនបើពួកគេជាអ្នកចេះដឹងពិតប្រាកដ ព្រោះថា ច្បាប់ទាំងនេះសុទ្ធតែអាចធ្វើវិសោធនកម្មបានក្នុងពេលខាងមុខ។ លើសពីនេះ ពួកគេថា អង្គការក្រៅរដ្ឋាភិបាលប្រមាណ ៣ពាន់នៅកម្ពុជា មានតែអង្គការមួយចំនួនតូចប៉ុណ្ណោះ ដែលរិះគន់ការតាក់តែងច្បាប់នេះ។
ទាក់ទងបញ្ហានេះ ប្រធានការិយាល័យមេធាវី ក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន ដែលតែងតាមដានពីការតាក់តែងច្បាប់នេះ មានប្រសាសន៍ថា គោលបំណងនៃការធ្វើច្បាប់ គឺដើម្បីធ្វើឲ្យស្ថានភាពល្អប្រសើរជាងមុន។ លោកថា ប្រការនេះហើយទើបទាមទារឲ្យមានការចូលរួមជជែកគ្នាឲ្យបានទូលំទូលាយ ដើម្បីជួយធ្វើឲ្យច្បាប់មួយក្លាយជាច្បាប់ល្អ។ លោកថា ការអះអាងថា សំខាន់ធ្វើឲ្យមានច្បាប់សិន រួចចាំកែប្រែជាក្រោយនោះ វាមិនមែនជាការល្អទេ។
លោកមេធាវី សុក សំអឿន៖ «យើងចាំមើលទៀតទៅ ហើយចាំមើលៗ ថាតើការកែទម្រង់ហ្នឹងមានការធ្វើឲ្យប្រជាពលរដ្ឋកាន់តែទុកចិត្តដែរអត់ ក្រែងលោវាអាចកែលំអ ប្រសិនជាអត់មានការទុកចិត្តទេ មានន័យថា សភាលើកហ្នឹង គឺទី១ មិនជឿប្រជាពលរដ្ឋ មិនយកមតិប្រជាពលរដ្ឋ ហើយទី២ អត់មានបានការអីដដែល ស្ថានភាពនៅដដែលហ្នឹង ចាំរដ្ឋាភិបាលក្រោយទៅ បើថាម៉េចៗ យើងកែទៀតទៅ ហើយបើតុលាការនៅអ៊ីចឹង ប្រជាពលរដ្ឋនៅមិនពេញចិត្តអ៊ីចឹង រដ្ឋាភិបាលក្រោយបាត់បង់ជំនឿពីប្រជាពលរដ្ឋដដែល។ ដូច្នេះដល់ពេលមានបញ្ហា គង់គាត់នឹងកែទម្រង់ម្តងទៀត»។
សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសទាំងនេះ ត្រូវបានសង្គមស៊ីវិលរិះគន់យ៉ាងខ្លាំង ទៅលើខ្លឹមសារមួយចំនួន ដោយលើកឡើងថា ច្បាប់ទាំងនេះនឹងធ្វើឲ្យប្រព័ន្ធតុលាការដែលជាស្ថាប័នឯករាជ្យដាច់ដោយឡែកមួយ នឹងបន្តស្ថិតនៅក្រោមអំណាចរបស់ក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់រដ្ឋាភិបាល។ ពួកគេក៏បានរិះគន់ចំពោះរបៀបតាក់តែងសេចក្តីព្រាងច្បាប់ទាំងនេះផងដែរ។ ចំណែកគណបក្សប្រឆាំងវិញ បានលើកឡើងថា ច្បាប់ទាំងនេះនឹងគ្មានតម្លៃនោះទេ ហើយថា ពួកគេនឹងធ្វើការសើរើឡើងវិញ។
ជាគោលការណ៍ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភា និងព្រឹទ្ធសភា សម្រេចអនុម័តរួច នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យបន្ថែម មុននឹងបញ្ជូនបន្តថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។