ខណៈក្រុមយោធានៅតែធ្វើសកម្មភាពនៅក្បែរៗទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ដដែលនោះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា មកទល់ពេលនេះមិនទាន់មានដីកាឲ្យចាប់ខ្លួនលោក កឹម សុខា នៅឡើយទេ។ ការថ្លែងបែបនេះរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្របពេលដែលក្រុមអន្តរាគមន៍ជើងទឹកបន្តជិះអូប័រឆ្វែលនៅឯត្រើយម្ខាងទន្លេបាសាក់នៅពីក្រោយទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី១ ខែកញ្ញា ថា ក្រសួងមហាផ្ទៃ មិនទាន់ទទួលដីកាពីតុលាការឲ្យចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅឡើយទេ៖ « គ្រាន់តែអាចបញ្ជាក់បានថាមកដល់ពេលនេះ មិនមានដីកាឲ្យចាប់ខ្លួនលោក កឹម សុខា ទេ ព្រោះគណបក្សសង្គ្រោះជាតិ បានណែនាំសកម្មជនមកការពារលោក កឹម សុខា»។
ការថ្លែងបែបនេះរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ទាប់ពីកងអន្តរាគមន៍ពិសេសមានទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកប្រដាប់ដោយអាវុធ នាំគ្នាល្បាតជុំវិញទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ជាកន្លែងដែលលោក កឹម សុខា កំពុងស្នាក់នៅបណ្ដោះអាសន្នជាច្រើនខែមកហើយ។
នៅពេលធ្វើសកម្មភាពនេះ ក្រសួងការពារជាតិ មិនបានពន្យល់ជាផ្លូវការនោះទេ។ ក្រោយពេលមានការរិះគន់សកម្មភាពនេះពីសំណាក់គណបក្សសង្គ្រោះជាតិ អ្នកវិភាគ និងពលរដ្ឋ ក្រសួងការពារជាតិ សម្រេចចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១ ខែកញ្ញា ពន្យល់ថា ការចល័តកម្លាំងកងទ័ពនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល គឺជាការហ្វឹកហ្វឺនសាកល្បងសមត្ថភាពកម្លាំងចល័តរបស់ក្រសួងការពារជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលនូវការចោទប្រកាន់ពីអ្នកនយោបាយ និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះជនទាំងឡាយដែលមានចេតនាបង្ខូចកិត្តិយសកងយោធា ដែលកំពុងការពាររាជរដ្ឋាភិបាលស្របច្បាប់។
ទោះបីជាយ៉ាងណាក្តី នៅថ្ងៃទី១ ខែកញ្ញា គេមិនឃើញកងអន្តរាគមន៍ពិសេសផ្លូវគោក និង ផ្លូវអាកាស ធ្វើសកម្មភាពនៅបរិវេណទីស្នាក់ការគណបក្សសង្គ្រោះជាតិ ទៀតទេ។ ប៉ុន្តែក្រុមកងទ័ពជើងទឹកនៅតែបន្តសកម្មភាពទៅមកនៅពីក្រោយទីស្នាក់ការគណបក្សដដែល។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេនៅថ្ងៃទី១ ខែកញ្ញា។ ប៉ុន្តែលោកបានផ្តល់សម្ភាសឲ្យវិទ្យុស្ត្រី ១០២ ដោយបញ្ជាក់ថា កងទ័ពចង់ធ្វើលំហាត់សមយុទ្ធនៅទីណាកន្លែងក៏បានដែរ។
លោកឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ កងទ័ពជើងទឹកប្រើនាវា ៨គ្រឿង និងអូប័រ ២២គ្រឿង ដើម្បីបន្តហ្វឹកហ្វឺននៅក្នុងការទប់ទល់នឹងគ្រោះមហន្តរាយផ្សេងៗនៅតាមដងទន្លេសាប និងទន្លេបាសាក់។
ការធ្វើសកម្មភាពសមយុទ្ធកណ្ដាលក្រុងភ្នំពេញរបស់ក្រសួងការពារជាតិ ដ៏កម្របែបនេះ ក្រោយពេលមេទ័ពដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកផ្កាយមាស៤ គន់ គីម ប្រកាសថា លោកនឹងជួយចាប់ខ្លួនលោក សម រង្ស៊ី និងលោក កឹម សុខា បើមានសំណើពីតុលាការ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ សង្កេតឃើញថា ចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំ២០១៣ រួចមក សកម្មភាពកងទ័ពមានការចូលរួមការងារផ្ទៃក្នុងច្រើន៖ « មិនឃើញក្រសួងមហាផ្ទៃ មិនសូវជាចេញមុខ។ ខ្ញុំឃើញតែខាងកងទ័ពចេញមុខច្រើនលើការងារផ្ទៃក្នុងដែលជាការងាររបស់ក្រសួងមហាផ្ទៃ។ យូរៗទៅដូចការគ្រប់គ្រងរដ្ឋ ក្លាយជារបបយោធា»។
ដោយឡែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ស្នើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តាមដានរាល់ដំណើរការរបស់តុលាការលើសំណុំរឿងលោក កឹម សុខា ព្រោះតុលាការនៅកម្ពុជា ពឹងពាក់មិនបានទេ។ លោក អេង ឆៃអ៊ាង ប្រាប់អ្នកគាំទ្ររបស់ខ្លួននៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ថាការធ្វើការងាររបស់តុលាការ តែងតែរំលោភនីតិវិធីម្តងហើយម្តងទៀត៖ « ខ្ញុំនាមគណបក្សសង្គ្រោះជាតិ សុំអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាចូលរួមតាមឃ្លាំមើលទាំងអស់គ្នា។ យើងអត់ដឹងថា ស្ថានការណ៍ហ្នឹងនឹងវិវឌ្ឍន៍ទៅដល់ណាទេ » ។
ជុំវិញសំណុំរឿងនេះដែរ ក្រុមមេធាវីរបស់លោក កឹម សុខា បានប្ដឹងទៅតុលាការកំពូល ដោយចោទប្រកាន់ថា សាលាឧទ្ធរណ៍ធ្វើខុសនីតិវិធីដែលសវនាការនឹងបើកជំនុំជម្រះនៅថ្ងៃទី២ ខែកញ្ញា។
ក្រុមមេធាវីក៏ប្ដឹងទៅសាលាឧទ្ធរណ៍ដែរថា សាលាដំបូងរាជធានីភ្នំពេញធ្វើខុសនីតិវិធី ដែលសវនាការនឹងជំនុំជម្រះនៅថ្ងៃទី៥ ខែកញ្ញា។
នៅថ្ងៃទី៩ ខែកញ្ញា សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើករណីមិនចូលខ្លួនរបស់លោក កឹម សុខា ក្នុងនាមជាសាក្សី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
