តុលាការ​កោះហៅ​លោក ម៉ម សូណង់ដូ ឲ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ពួកគេ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​កោះ​ហៅ​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំរឿង​ក្ដី​លោក កឹម សុខា នោះ​ទេ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឬទ្ធី បាន​កោះ​ហៅ​ដែល​ជា​អតីត​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា លោក ម៉ម សូណង់ដូ ដើម្បី​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​អំពី​ដំណើរ​រឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា។

​ដីកា​កោះ​អញ្ជើញ​លោក ម៉ម សូណង់ដូ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ចៅក្រម​ស៊ើបសួរ លោក គី ឬទ្ធី បាន​បើក​សវនាការ​ស៊ើប​សួរ​លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ដោយ​គ្មាន​វត្តមាន​មេធាវី​កាល​ពី​ថ្ងៃ​ទី​២១ និង ២២ ខែ​ធ្នូ។ លោក កឹម សុខា ប្រាប់​មេធាវី​ថា លោក​នឹង​ឈប់​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ស៊ើប​សួរ​ទៀត​ហើយ ព្រោះ​ការ​សួរ​ចម្លើយ​លោក​ក្នុង​ពន្ធនាគារ​ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​របស់​លោក កឹម សុខា។

​លោក​មេធាវី ហែម សុជាតិ បាន​ឱ្យ​អាស៊ីសេរី ដឹង​ថា ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ កន្លង​ទៅ​នេះ បាន​សួរ​លោក កឹម សុខា រួច​ហើយ​ទាក់ទង​នឹង​រឿង​អំពី​ការ​ជួល​វិទ្យុ​សំបុក​ឃ្មុំ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលការណ៍​សិទ្ធិមនុស្ស និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ កាល​ពី​លោក​នៅ​ជា​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​មក​ម្លិះ៖ «»។

​លោក​មេធាវី​បញ្ជាក់​ថា លោក​នឹង​ស្ដាប់​ចម្លើយ​លោក ម៉ម សូណង់ដូ ប្រសិនបើ​ចម្លើយ​នោះ​ជា​ចម្លើយ​ដាក់​បន្ទុក លោក​នឹង​តតាំង​រឿង​ក្ដី​នេះ។

​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ម៉ម សូណង់ដូ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​ដីកា​កោះ​នេះ​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា ដីកា​កោះ​តុលាការ​នោះ​ថា គ្មាន​បាន​ការ និង​ជា​រឿង​អស់​សំណើច។ កាសែត​ដដែល​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក ម៉ម សូណង់ដូ អះអាង​ថា ខណៈ​ដែល​លោក​បម្រុង​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ នោះ ឥឡូវ​លោក​កំពុង​ពិចារណា​ឡើង​វិញ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​អំពី​ដីកា​កោះ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។