លោក ហុង សុខហួរ ដែលត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ នៅពេលនេះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីព្រះមហាក្សត្រ ត្រាប់បង្គាប់ព្រះរាជទានលើកលែងទោស។ សមាជិកព្រឹទ្ធសភារូបនេះ ត្រូវជាប់ចោទពីបទថា បានក្លែងឯកសារផែនទីព្រំដែនរវាងកម្ពុជា និងវៀតណាម។
លោក ហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៧ឆ្នាំពីបទក្លែងឯកសារផែនទីព្រំដែនរវាងកម្ពុជា និងវៀតណាម។ អំណាចសាលក្រមដែលចេញកាលពីថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០១៦ ដោយលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងរឿងក្ដីនេះ ធ្វើឡើងក្រោយការចំណាយពេលឃុំខ្លួន អតីតសមាជិកព្រឹទ្ធសភារូបនេះប្រមាណជាង ១ឆ្នាំនៅពន្ធនាគារព្រៃស។
លោក ហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ពោលគឺពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឲ្យចាប់ខ្លួនទាំងតក់ក្រហល់ និងទាំងលោកនៅមានអភ័យឯកសិទ្ធិ។ ការចោទប្រកាន់ប្រឆាំង អតីតសមាជិកព្រឹទ្ធសភារូបនេះ ត្រូវបានលោក ហ៊ុន សែន ចោទប្រកាន់ពីបទក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។
ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារាវុធ ឲ្យដឹងកាលពីរសៀលថ្ងៃទី២៥ តុលា ថា ព្រះមហាក្សត្រ ព្រះអង្គពិតជាបានឡាយព្រះហត្ថលេខា ផ្ដល់សេរីភាពឲ្យលោក ហុង សុខហួរ ប្រាកដមែន។
ការព្រះរាជទានលើកលែងទោសដល់លោក ហុង សុខហួរ នេះនៅក្រោយពេលអតីតសមាជិកព្រឹទ្ធសភារូបនេះ សរសេរលិខិតសូមទោសពីលោក ហ៊ុន សែន។ លិខិតសូមការយោគយល់ ដែលចុះហត្ថលេខាកាលពីថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០១៧ លោក ហុង សុខហួរ រៀបរាប់ថា លោកមានគំនិតដូចទៅនិងគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រីដែរ ដែលចង់ឲ្យមានការផ្សះផ្សាជាតិ ឯកភាពជាតិ និងបង្រួបបង្រួមជាតិ។ ជាងនេះទៀតនេះ លោក ហុង សុខហួរ ស្នើសុំព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រ តាមរយៈលោក ហ៊ុន សែន ដើម្បីអាចឲ្យលោកបានជួបជុំគ្រួសារ និងបានទៅព្យាបាលនៅប្រទេសបារាំងផង៕
ស្ដាប់បទសម្ភាសន៍បន្ថែមជាមួយលោក ហុង សុខហួរ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
