សាលាឧទ្ធរណ៍សម្រេចបន្តឃុំខ្លួនយុវជន គង់ រ៉ៃយ៉ា ដែលប្រកាសធ្វើបដិវត្តន៍ពណ៌នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងលោកមេឃុំ ស៊ាង ចែត ក្នុងសំណុំរឿងអាស្រូវស្នេហាលោក កឹម សុខា នោះ ក្នុងពន្ធនាគារព្រៃសដដែល។ ការសម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែលនេះ បន្ទាប់ពីសាលាឧទ្ធរណ៍បានបើកសវនាការសំណុំរឿងទាំងពីរនៅព្រឹកថ្ងៃទី២១ ខែកក្កដា។
ការសម្រេចរបស់សាលាឧទ្ធរណ៍លើសំណុំរឿងទាំង២នេះ គឺមិនខុសគ្នាពីសំណុំរឿងភាគច្រើនផ្សេងទៀតដែរ ឲ្យតែសាលាដំបូងសម្រេចយ៉ាងណាហើយ ពេលទៅប្ដឹងបន្តនៅសាលាឧទ្ធរណ៍ ឬតុលាការកំពូលនោះ លទ្ធផលមិនមានអ្វីប្លែកនោះទេ។
នៅព្រឹកថ្ងៃទី២១ ខែកក្កដា សាលាឧទ្ធរណ៍បានបើកសវនាការលើសំណុំរឿងចំនួនពីរដាច់ដោយឡែកពីគ្នា គឺទី១ ទាក់ទងសំណុំរឿងយុវជន គង់ រ៉ៃយ៉ា ដែលប្រកាសធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល។ ទី២ សំណុំរឿងមេឃុំគណបក្ស សម រង្ស៊ី លោក ស៊ាង ចែត ពាក់ព័ន្ធនឹងរឿងសូកប៉ាន់លុយ ៥០០ដុល្លារដល់គ្រួសារនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលគេសង្ស័យថា ជាស្រីកំណាន់លោក កឹម សុខា។
មេធាវីការពារក្ដីយុវជន គង់ រ៉ៃយ៉ា គឺលោក សំ សុគង់ មានប្រសាសន៍ថា ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍សម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល៖ «ការសម្រេចយើងស្ដាប់ទៅដូចជាមិនទាន់អស់ចិត្ត ដោយសារមិនមានសំអាងហេតុអីជាក់លាក់ដែលនាំអោយមានការសម្រេចបែបនេះ។ ការសម្រេចនេះ ខ្ញុំ និងកូនក្តីមិនពេញចិត្តទេ»។
យុវជន គង់ រ៉ៃយ៉ា អាយុ ២៤ឆ្នាំ គឺជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយឆ្នាំទី១ នៃសាកលវិទ្យាល័យខេមរៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ក្រោយពីយុវជនរូបនេះបង្ហោះសារបដិវត្តន៍ពណ៌នៅក្នុងគណនេយ្យហ្វេសប៊ុក ឈ្មោះ សូរីយា កូកូ (Soriya Koko)។ សារនោះសរសេរថា «តើមានបងប្អូនណាហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្លាស់ប្ដូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។
ក្រោយចេញពីបន្ទប់សវនាការ យុវជន គង់ រ៉ៃយ៉ា ស្រែកថា អយុត្តិធម៌សម្រាប់រូបលោក ហើយថា លោកនឹងប្ដឹងបន្តទៅតុលាការកំពូលទៀត៖ «ភាពអយុត្តិធម៌តែងតែមាននៅក្នុងសង្គមខ្មែរ ជនដែលវាយតំណាងរាស្ត្រ និងចង់សម្លាប់តំណាងរាស្ត្រជាប់គុកតែមួយឆ្នាំទេ ប៉ុន្តែខ្ញុំគ្រាន់តែសរសេរពាក្យបដិវត្តន៍ពណ៌ដែលស្របច្បាប់ គេចាប់ខ្ញុំមួយឆ្នាំកន្លះ។ វាអយុត្តិធម៌ខ្លាំងណាស់»។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា អ្វីដែលយុវជន គង់ រ៉ៃយ៉ា បង្ហោះលើទំព័រហ្វេសប៊ុក នោះ គ្រាន់តែជាសិទ្ធិក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ ពុំបានបណ្ដាលឲ្យមានភាពវឹកវរក្នុងសង្គមឡើយ។ លោកបន្ថែមថា ចំណាត់ការនេះ គឺជាការគំរាមកំហែង និងបំបិទសិទ្ធិនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
សំណុំរឿងមេឃុំ ស៊ាង ចែត
មិនខុសគ្នាប៉ុន្មានឡើយចំពោះសំណុំរឿងមេឃុំមកពីគណបក្ស សម រង្ស៊ី គឺលោក ស៊ាង ចែត ក៏ត្រូវសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ មិនអនុញ្ញាតឲ្យនៅក្រៅឃុំតាមបណ្ដឹងរបស់ខ្លួនដែរ។
លោក សំ សុគង់ ដែលជាមេធាវីរបស់លោកមេឃុំ ស៊ាង ចែត ដែរនោះ ថ្លែងថា សាលាឧទ្ធរណ៍លើកហេតុផលថាដោយសារសំណុំរឿងនេះមិនទាន់បិទការស៊ើបសួរ ហើយម្យ៉ាងទៀតសំណុំរឿងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដែលអាចមានកម្រិតទោសធ្ងន់ធ្ងរ ដូច្នេះតុលាការចង់ទុកជនជាប់ចោទសម្រាប់ការសាកសួរនៅពេលខាងមុខ។
លោក សំ សុគង់ អះអាងថា កូនក្តីរបស់លោកបានសន្យាថា មិនរត់គេចខ្លួនឡើយ ហើយបណ្ដឹងសុំនៅក្រៅឃុំនេះ គឺដោយសារលោក ស៊ាង ចែត មានជំងឺផង ជាមេគ្រួសារផង និងចង់ទៅបំពេញការងារជាមេឃុំដើម្បីបម្រើប្រជាពលរដ្ឋវិញផង។
លោកមេឃុំ ស៊ាង ចែត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២៧ ខែមេសា ពាក់ព័ន្ធនឹងបទចោទសូកប៉ាន់សាក្សីតាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីអ្នកនាង ខុម ចាន់តារាទី ចោទថា លោក ស៊ាង ចែត ផ្ដល់ប្រាក់ ៥០០ដុល្លារដើម្បីឲ្យនាងនិយាយកុហកថា គ្មានទំនាក់ទំនងស៊ីជម្រៅជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា បើទោះជាតុលាការជាស្ថាប័នដាច់ដោយឡែកក៏ដោយ ប៉ុន្តែសម្រាប់បរិបទកម្ពុជា ប្រសិនបើមិនមានការចរចាត្រូវរ៉ូវគ្នាវាងគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភានោះទេ សេចក្តីសម្រេចរបស់តុលាការនឹងមិនមានការប្រែប្រួលឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
