តុលាការ​ឃុំ​ខ្លួន​យុវជន​ម្នាក់​ដោយសារ​សរសេរ​រឿង​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​លើ​ហ្វេសប៊ុក

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា បាន​សម្រេច​បញ្ជូន​ខ្លួន​យុវជន​ម្នាក់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន ពាក់ព័ន្ធ​ទៅ​នឹង​ការ​សរសេរ​រៀបរាប់​របស់​យុវជន​នោះ អំពី​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​សរសេរ​របស់​យុវជន​នោះ គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ សីហា ថា យុវជន​ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នោះ​មាន​ឈ្មោះ គង់ រ៉ៃយ៉ា គឺ​ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ខេមរៈ និង​ជា​សមាជិក​នៃ​បណ្ដាញ​សហព័ន្ធ​និស្សិត​កម្ពុជា។

លោក អំ សំអាត ឲ្យ​ដឹង​បន្ត​ថា យុវជន គង់ រ៉ៃយ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ សីហា នៅ​សាកលវិទ្យាល័យ​ខេមរៈ ក្នុង​ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ គឺ​ជាង ១០​ថ្ងៃ​ក្រោយ​ពី​យុវជន​រូប​នេះ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​សរសេរ​ថា «តើ​មាន​បង​ប្អូន​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ? ថ្ងៃ​ណា​មួយ​នៅ​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្លាស់ប្ដូរ​របប​ដ៏​ថោក​ទាប​មួយ​នេះ ចេញ​ពី​សង្គម​ខ្មែរ ទោះ​បី​ជា​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ»

ក្រោយ​ពី​ការ​ចាប់​ខ្លួន យុវជន គង់ រ៉ៃយ៉ា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦​ខែ​ដល់ ២​ឆ្នាំ បើ​តុលាការ​រក​ឃើញ​ថា មាន​ទោស​មែន​នោះ។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ក្នុង​រឿង​បដិវត្តន៍​ពណ៌ ចាប់​តាំង​ពី​មាន​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​យោធា គឺ​លោក ជា តារា មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា អ្វី​ដែល​យុវជន គង់ រ៉ៃយ៉ា លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក មិន​មែន​ជា​ការ​បញ្ចេញ​មតិ​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល។ លោក​ថា បើ​យុវជន គង់ រ៉ៃយ៉ា ចង់​ផ្លាស់ប្ដូរ​រដ្ឋាភិបាល គឺ​គេ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​សន្លឹក​ឆ្នោត៖ «រដ្ឋាភិបាល​ធ្វើ​ល្អ ឬ​មិន​ល្អ បញ្ចេញ​មតិ​ក្នុង​រយៈពេល ៥​ឆ្នាំ​ម្តង បោះ​មួយ​សន្លឹក​ខ្លួន​ឯង​ទៅ បើ​បញ្ចេញ​មតិ​ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌ គឺ​មិន​អាច​ទេ បដិវត្តន៍​ដើម្បី​អ្វី ច្បាប់​អាច​ចោទ​ប្រកាន់​បាន ដូច្នេះ​នេះ​គឺ​ជា​រឿង​ច្បាប់»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់​ឃើញ​ថា អ្វី​ដែល​យុវជន គង់ រ៉ៃយ៉ា លើក​ឡើង​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន វា​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​របស់​យុវជន​នោះ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​អ្វី​មួយ​នៅ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ លោក​គិត​ថា ការ​ចាប់​ខ្លួន​យុវជន គង់ រ៉ៃយ៉ា ពេល​នេះ អាច​ដោយសារ​សមត្ថកិច្ច​យល់​ឃើញ​ថា យុវជន​នេះ​ផ្គើន​រដ្ឋាភិបាល​ដែល​កន្លង​មក​តែង​ណែនាំ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន ទប់ស្កាត់​ឲ្យ​បាន កុំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​ឡើង៖ «គាត់​គ្រាន់​តែ​ជា​យុវជន​មួយ​អាយុ ២៥​ឆ្នាំ ហើយ​គាត់​បង្ហោះ​ហ្វេសប៊ុក​ឲ្យ​ប្រជាពលរដ្ឋ ឬ​ក៏​អ្នក​ណា​ទៅ​ធ្វើ​បដិវត្តន៍​ជាមួយ​គាត់ ខ្ញុំ​គិត​ថា​វា​គ្មាន​ទេ ប៉ុន្តែ​ប្រហែល​ជា​ការ​បញ្ចេញ​មតិ​យោបល់​គាត់ ឧទាហរណ៍​គាត់​មាន​កំហឹង​អ្វី​មួយ​តែ​ប៉ុណ្ណឹង​ទេ ហើយ​ការ​ដែល​គាត់​បញ្ចេញ​នេះ ក៏​វា​អត់​ទាន់​នាំ​ឲ្យ​មាន​ក្រុម​ណា​មួយ ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌ គឺ​អត់​មាន។ អ៊ីចឹង​ខ្ញុំ​គិត​ថា យើង​គួរ​គិត​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ប្រជាពលរដ្ឋ​ផង»

កាល​ពី​ពេល​ថ្មីៗ​នេះ យុវជន គង់ រ៉ៃយ៉ា ក៏​ធ្លាប់​បាន​បង្ហោះ​រូបថត​ខ្លួន​ឯង​ចាក់​ច្រវាក់​ដៃ​ច្រវាក់​ជើង ធ្វើ​ជា​អ្នក​ទោស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​យុវជន​ដទៃ​ទៀត ដើម្បី​សម្ដែង​ការ​ប្រឆាំង​របស់​ពួក​គេ​ចំពោះ​ការ​បង្កើត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផង​ដែរ។ ក្រោយ​មក​នៅ​ពេល​ដែល​យុវជន​ទាំង​នោះ​ទៅ​សម្ដែង​ការ​តវ៉ា​ប្រឆាំង​ច្បាប់​នេះ​នៅ​មុខ​រដ្ឋសភា ពួក​គេ​មួយ​ចំនួន​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​សួរ​នាំ​អស់​រយៈពេល​មួយ​ថ្ងៃ មុន​នឹង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ក្រោយ​ការ​បង្ហោះ​ពាក្យ​សម្ដី​របស់​យុវជន គង់ រ៉ៃយ៉ា ដែល​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​ការ​សម្ដែង​មតិ​នេះ គេ​មិន​ឃើញ​មាន​អំពើ​ហិង្សា ឬ​ភាព​ចលាចល​ណា​មួយ​ផ្ទុះ​ឡើង​នៅ​ក្នុង​សង្គម​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។