ក្រុមពលរដ្ឋ ៨នាក់ដែលជាជនសកម្មប្រឆាំងនឹងសកម្មភាពលុបបឹងមួយកន្លែងទំហំជិត ២០ហិកតារ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ នឹងត្រូវឡើងតុលាការជំនុំជម្រះក្តីនៅថ្ងៃទី១០ សីហា ដោយសារពួកគេប្រឆាំងទាស់សកម្មភាពរបស់អាជ្ញាធរលុបបឹងកាលពីឆ្នាំ២០១៦។ ក្រុមពលរដ្ឋព្រួយបារម្ភថា ពួកគេអាចនឹងត្រូវរងបទចោទ ខណៈអ្នកធ្វើសកម្មភាពលុបបឹងកន្លងទៅមានជាប់ពាក់ព័ន្ធនឹងអាជ្ញាធរនៅតំបន់នោះ។
ពលរដ្ឋចោទប្រកាន់ការព្យាយាមលុបបឹងអំពាជ ស្ថិតក្នុងភូមិស្រីស្នំ និងភូមិក្រាំងស្វាយ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានផ្ទៃក្រឡា ១៨ហិកតារ គឺមានការចូលរួមពីប្រធានភូមិបាល អតីតមេឃុំ មេភូមិ និងឈ្មួញ ឃុបឃិតគ្នាចេញប្លង់គ្រប់គ្រងធ្វើជាកម្មសិទ្ធិឯកជន ដែលដីនេះពលរដ្ឋអះអាងថា បឹងនេះជាសម្បត្តិរួមរបស់ក្រុមពលរដ្ឋប្រាំភូមិអាស្រ័យផល។
តំណាងពលរដ្ឋម្នាក់ដែលកាន់សំណុំឯកសារជាច្រើនច្បាប់យកមកបង្ហាញនៅការិយាល័យអាស៊ីសេរី ក្រុងភ្នំពេញ ថ្ងៃទី៩ ខែសីហា លោក អ៊ុន អឿន ចោទក្រុមអាជ្ញាធរថា បានក្លែងឯកសារបន្លំយកដីសាធារណៈរបស់ពលរដ្ឋមកលក់ដូរចង់មានចង់បានខ្លួនឯងកាលពីឆ្នាំ២០០៥។ លោកថា លោកធ្លាប់សុំអន្តរាគមន៍ករណីនេះពីក្រសួងដែនដី និងអ្នកពាក់ព័ន្ធ ប៉ុន្តែមិនទាន់ឃើញស្ថាប័នណាមានចំណាត់ការលើរឿងនេះនៅឡើយទេ៖ « សុំឲ្យវិទ្យុអាស៊ីសេរី ជួយផ្សព្វផ្សាយដើម្បីឲ្យអាជ្ញាធរដឹង បើមិនចឹងទេ ប្រជាពលរដ្ឋងាប់អស់ រងគ្រោះព្រោះពួកអាជ្ញាធរឃុបឃិតគ្នាក្លែងឯកសារបន្លំយកដីប្រជាពលរដ្ឋ »។
ជុំវិញការចោទប្រកាន់របស់ពលរដ្ឋចំពោះករណីលុបបឹងនេះ កាលពីខែឧសភា ឆ្នាំ២០១៦ ឈ្មួញរកស៊ីដីធ្លីម្នាក់ឈ្មោះ ខៀវ វិសេស ដែលអះអាងថាខ្លួនជាម្ចាស់ចំណែកដីបឹង បានយកគ្រឿងចក្រទៅចាក់ដីលុបបឹងអំពាជ និងបោះបង្គោលរបង សកម្មភាពនោះថែមទាំងមានកងកម្លាំងសមត្ថកិច្ចចម្រុះប្រដាប់ដោយអាវុធនៅឈរការពារទៀតផង។ ប៉ុន្តែនៅពេលនោះ ក្រុមពលរដ្ឋរាប់រយនាក់ចេញមកតវ៉ាប្រឆាំងសកម្មភាពលុបបឹង និងមានភាពចម្រូងចម្រាសគ្នា។ នៅទីបំផុត ភាគីលោក ខៀវ វិសេស ដកឃ្លាថយមិនបានលុបបឹងនោះទេ។
ទាក់ទងករណីនេះ ក្រុមពលរដ្ឋចំនួន ៨នាក់ ត្រូវលោក គី ច័ន្ទរំដួល ដែលពលរដ្ឋចោទថាជាអ្នកទិញដីបឹងពីលោក ខៀវ វិសេស បានប្ដឹងពលរដ្ឋក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។ ពលរដ្ឋទាំង ៨នាក់ដែលរងការប្ដឹងនេះ នឹងត្រូវចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ ដើម្បីជំនុំជម្រះក្តីនៅថ្ងៃទី១០ ខែសីហា ម៉ោង ២រសៀល។
ពលរដ្ឋម្នាក់ដែលរងបណ្ដឹង លោក សែម សុំ រស់នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និយាយថា ដោយសារលោកប្រឆាំងការចាក់ដីលុបបឹង ត្រូវក្រុមលោក ខៀវ វិសេស ប្រើអំពើហិង្សាលើរូប។ លោកថារងបណ្ដឹងព្រោះលោកហាមឃាត់មិនឲ្យក្រុមលោក ខៀវ វិសេស ទៅបោះបង្គោលកំណត់ព្រំដីលើដីបឹង៖ « ខ្ញុំទៅឃាត់មិនឲ្យយករបងទៅដាំលើដីបឹង ចាំឲ្យច្បាប់ដោះស្រាយឲ្យចេញសិន ហើយមិនទាន់ដោះស្រាយផង យកទៅអស់ហើយ ព្រោះដីទំនាស់ដីរបស់ប្រជាពលរដ្ឋ កាលណាតែដាំទៅ ដូចចាក់ឫសចឹង។ បឹងហ្នឹងទុកគ្រាន់ដាំត្រកួនដាំព្រលិតរកត្រីអ៊ីចឹងទៅ »។
អាស៊ីសេរី មិនទាន់អាចសុំការបកស្រាយពីភាគីដើមបណ្ដឹងលោក ខៀវ វិសេស និងលោក គី ច័ន្ទរំដួល បានទេនៅថ្ងៃទី៩ ខែសីហា។
ខណៈកំណើនសំណង់នៅរាជធានីភ្នំពេញកំពុងកើនឡើងខ្លាំង សកម្មភាពលុបបឹងធម្មជាតិដើម្បីសង់បុរី ឬផ្ទះល្វែង ក៏កំពុងរីកដុះដាលដែរ។ បឹងអំពាជ ស្ថិតក្នុងភូមិស្រីស្នំ និងភូមិក្រាំងស្វាយ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានផ្ទៃក្រឡា ១៨ហិកតារនៅជាប់តាមបណ្តោយផ្លូវជាតិលេខ២។ សព្វថ្ងៃ ដីតំបន់នេះកំពុងឡើងថ្លៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។