ក្រុមសហគមន៍មានជម្លោះដីធ្លីនៅទីក្រុងភ្នំពេញ ចេញមុខបរិហាររិះគន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ មិថុនា។ ការជួបជុំរិះគន់នេះ ធ្វើឡើងនៅបន្ទាប់ពីស្ត្រីសកម្មជនដីធ្លី ១០រូប ត្រូវបានតុលាការមួយនេះកាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំ កាលពីឆ្នាំ២០១៤ កន្លងទៅ ដែលពួកគាត់មិនសុខចិត្តនោះទេចំពោះការចាប់ខ្លួនពួកគាត់ដាក់ពន្ធនាគារនេះ នៅពេលតវ៉ាសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ហាទឹកភ្លៀងជន់លិចផ្ទះរបស់ពួកគាត់។
ភាពអយុត្តិធម៌ជុំវិញការចាប់ខ្លួនស្ត្រី ១០នាក់ជាអតីតអ្នកភូមិបឹងកក់ សហគមន៍បឹងកក់ និងសហគមន៍ថ្មគោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ហើយកាត់ក្តីឲ្យជាប់គុកជាង ៥ខែនោះ បានក្លាយជាកំហឹងនៃការឈឺចាប់ជាថ្មីរបស់ក្រុមសហគមន៍មានជម្លោះដីធ្លីប្រមាណជា១០ នៅក្នុងទីក្រុងភ្នំពេញនៅមុខសាលាដំបូងរាជធានីភ្នំពេញ។
តាំងពីព្រឹកព្រលឹមថ្ងៃទី២២ មិថុនា ក្រុមសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ ថ្មគោល អតីតបឹងកក់ និងសហគមន៍បុរីកីឡា ប្រមាណ ៤០នាក់ បានដង្ហែក្បួនចេញពីវត្តព្រះពុទ្ធ ឆ្ពោះទៅជួបជុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ។
អ្នកស្រី ទេព វន្នី តំណាងឲ្យសហគមន៍ទាំងនោះនិយាយថា ការជួបជុំគ្នានេះ គឺជាការតស៊ូមតិដោយអហិង្សាស្ដីពីការចាប់ខ្លួនស្ត្រីទាំង ១០នាក់កន្លងមក ព្រោះពួកគាត់មិនអាចទទួលយកបានទេចំពោះការកាត់ក្តីយ៉ាងអយុត្តិធម៌បែបនេះ៖ «យើងចង់បង្ហាញពីភាពស្អាតស្អំរបស់យើងខ្ញុំ ថាពុំមានកំហុសដូចការចោទប្រកាន់របស់តុលាការឡើយ និងចង់បង្ហាញឲ្យពិភពលោកបានដឹងថា តុលាការនៅកម្ពុជា មិនឯករាជ្យ និងមិនយុត្តិធម៌នោះទេ»។
ការដង្ហែក្បួននោះ អតីតស្ត្រីពិរុទ្ធជន ១០រូប រួមមាន អ្នកស្រី ទេព វន្នី ជាដើម ស្លៀកសារុង អាវស ដៃកាន់ផ្កាពណ៌ខ្មៅ និងទូលកញ្ជើលាជប្រឡាក់ដោយឈាម ព្រមទាំងមានក្រដាសលុយដុល្លារពណ៌ខ្មៅយកទៅជូនតុលាការក្រុងភ្នំពេញ ក្នុងន័យរិះគន់ថា តុលាការនៅកម្ពុជា ពោរពេញទៅដោយភាពខ្មៅកខ្វក់ និងពុំមានយុត្តិធម៌សម្រាប់ពួកគាត់ និងជនក្រីក្រតូចទាបដទៃទៀតទេ។
ឆ្លើយតបចំពោះបញ្ហានេះ ប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ មានប្រសាសន៍ថា លោកពុំចាប់អារម្មណ៍ឡើយចំពោះការរិះគន់របស់ក្រុមអ្នកមានជម្លោះដីធ្លីទាំងនោះ ព្រោះជាទូទៅអ្នកចាញ់ក្តីតែងតែនិយាយដូច្នេះ។ ប៉ុន្តែលោកថា ប្រសិនបើពួកគាត់កើតទុក្ខមិនសុខចិត្ត អាចប្ដឹងតទៅតុលាការកំពូលបាន៖ «ស្រេចតែពួកគាត់ថាទៅ ហើយប្រើនីតិវិធីប្ដឹងទៅលើទៀតឲ្យអស់ចិត្តទៅ សម្រាប់ខ្ញុំក៏មិនដឹងថាម៉េចដែរ»។
ការជួបជុំរបស់ក្រុមសកម្មជនដីធ្លីលើកនេះ ពុំមានការរារាំងពីកម្លាំងសមត្ថកិច្ចដូចលើកមុនឡើយ។
ទាក់ទិនបញ្ហានេះដែរ ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ទទួលស្គាល់ថា ស្ត្រីទាំង ១០នាក់នោះ គឺពិតជាទទួលរងនូវភាពអយុត្តិធម៌ពីតុលាការក្រុងភ្នំពេញពិតមែន ព្រោះពួកគាត់ជាជនរងគ្រោះដីធ្លី ដែលអ្នកខ្លះធ្លាប់ជាប់ពន្ធនាគារពីរដងទៅហើយ។
កាលពីថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ ស្ត្រីសកម្មជនដីធ្លី ១០រូបនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន ខណៈតវ៉ានៅមុខសាលារាជធានីភ្នំពេញ ទាមទារឲ្យដោះស្រាយបញ្ហាទឹកភ្លៀងជន់លិចផ្ទះរបស់ពួកគេ។ ក្រោយមក តុលាការក្រុងភ្នំពេញ កាត់ទោសពួកគាត់ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ក្រោមបទចោទថា បានបង្កឧបសគ្គដល់ចរាចរណ៍សាធារណៈ។ ការចោទប្រកាន់នេះ ត្រូវបានស្ត្រីរងគ្រោះទាំងនោះច្រានចោល ដោយរៀបរាប់ថា ការចាប់ពួកគាត់ទាំងកម្រោលកាលណោះ សមត្ថកិច្ចហាក់ពុំមានហេតុផលទាល់តែសោះ ព្រោះពុំមានការកកស្ទះចរាចរណ៍ មិនប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈ និងមិនបានបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ។ ម្យ៉ាងវិញទៀត ការតវ៉ាពេលនោះ មានពេលវេលាមិនដល់ ១០នាទីផង។
ករណីនេះ អ្នកស្រី ទេព វន្នី ថា ពួកគាត់មានភាពអយុត្តិធម៌ខុសឆ្ងាយពីស្ត្រីវ័យក្មេងម្នាក់ទៀត ដែលត្រូវបានដោះលែងឲ្យមានសេរីភាពទៅវិញ បន្ទាប់ពីបើកឡានទំនើបបុកដើមឈើ និងសន្តិសុខយាមកាមនៅមុខភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ៖ «វាខុសស្រឡះ វាឥតមានតុល្យភាពរវាងពួកខ្ញុំដែលរងគ្រោះ និងអ្នកប្រព្រឹត្តខុសច្បាប់។ ខ្ញុំជាអ្នករងគ្រោះ បែរជារងគ្រោះបន្តទៀត ហើយអ្នកប្រព្រឹត្តខុសច្បាប់ បែរជារួចខ្លួន ហើយសម្ដេច ហ៊ុន សែន ថាដោយសារគ្រួសារនាងហ្នឹងគួរឲ្យអាណិត។ ប្រសិនបើគាត់មកប្រៀបធៀបរវាងអ្នកបឹងកក់ និងនារីម្នាក់នោះ សួរថាតើអ្នកណាគួរឲ្យអាណិតជាង»។
យ៉ាងណាក៏ដោយ ស្ត្រីទាំងនេះត្រូវបានដោះលែងឲ្យមានសេរីភាព ក្រោមព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទនរោត្តម សីហមុនី នៅមុនថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។