ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅពីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ប្រមាណ ៨០នាក់ នៅព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ លើកគ្នាទៅការពារតំណាងរបស់ពួកគាត់ចំនួន ៣នាក់ នៅមុខសាលាដំបូងខេត្តបាត់ដំបង ដែលបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការ។
អ្នកទាំងបីដែលចូលខ្លួនតុលាការ ទី១ លោក ឌឹម អាន អាយុ ៥២ឆ្នាំ ទី២ លោក សេត វរ អាយុ ៤៩ឆ្នាំ និងលោកស្រី ឡាយ សារ៉េត អាយុ ៥៧ឆ្នាំ រស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
តំណាងពលរដ្ឋម្នាក់គឺលោកស្រី មឿន ពៅ ប្រាប់វិទ្យុអាស៊ីសេរី នៅមុខសាលាដំបូងខេត្តបាត់ដំបង ថា មូលហេតុដែលពួកគាត់ប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងនេះ ដោយសារខ្លាចតុលាការចាប់តំណាងរបស់ខ្លួនដាក់ពន្ធនាគារ ដោយគ្មានកំហុស៖ «ពួកខ្ញុំឡើងមកតវ៉ាមុខតុលាការជាច្រើនដងណាស់ហើយ នៅតែតុលាការកោះហៅតំណាងពួកខ្ញុំមកទៀត។រាល់ថ្ងៃនេះពួកយើងខ្ញុំជួបការលំបាកជាខ្លាំង ប៉ុន្តែតុលាការ និងអាជ្ញាធរពាក់ព័ន្ធពុំបាន ដោះស្រាយ និងរកយុត្តិធម៌ឲ្យនោះទេ»។
ដីកាកោះចុះហត្ថលេខាដោយលោក តូច សុភ័ក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី២៧ ខែមករា កោះហៅអ្នកទាំងបី ដើម្បីសាកសួរអំពីដំណើររឿងធ្វើឲ្យខូចខាតព្រំដី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងព្រះរាជអាជ្ញារងអមសាលាខេត្តបាត់ដំបង គឺលោក តូច សុភ័ក្ដី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ខែកុម្ភៈ។
ទោះជាយ៉ាងណាអ្នកស្រុកអះអាងថា តុលាការកោះហៅតាមពាក្យបណ្ដឹង លោក ចាន់ សុវណ្ណ ប្រជាពលរដ្ឋរស់នៅភូមិជាមួយគ្នា ដោយចោទប្រកាន់អ្នកទាំង ៣នាក់ថា រំលោភព្រំដីជាងមួយហិកតារនៅចំណុចភូមិធុង ឃុំបឹងប្រាំ។ អ្នកទាំងបីត្រូវបានតុលាការអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីសាកសួរជាង ២ម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។