មន្ត្រីជំនាញខាងវិស័យច្បាប់របស់អង្គការក្រៅរដ្ឋាភិបាល បានរិះគន់ថា សេចក្តីព្រាងច្បាប់ថ្មីៗរបស់វិស័យតុលាការ បានផ្តល់សិទ្ធិអំណាចច្រើនជាងមុនដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលអាចធ្វើឲ្យវិស័យតុលាការចំណុះអំណាចនីតិប្រតិបត្តិច្រើនជាងមុន។
សេចក្តីព្រាងច្បាប់ទាំងបី ដែលក្រសួងយុត្តិធម៌ទើបបញ្ចប់ការពិភាក្សានោះ រួមមាន ទីមួយ ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា។ ទីពីរ សេចក្តីព្រាងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គតុលាការ និងអយ្យការ និងទីបី សេចក្តីព្រាងច្បាប់ ស្ដីពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
លោក សុក សំអឿន នាយកអង្គការក្រៅរដ្ឋាភិបាល ធ្វើការងារខាងវិស័យច្បាប់ មានប្រសាសន៍នៅថ្ងៃទី២០ មីនា ថា ខ្លឹមសារមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់ទាំងបី ដែលក្រសួងយុត្តិធម៌ ទើបធ្វើសិក្ខាសាលាពិភាក្សាថ្មីៗនេះ បានបង្ហាញថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានអំណាចចាត់ចែងច្រើនជាងមុនទាក់ទងចៅក្រម និងព្រះរាជអាជ្ញា។
ចំណុចសំខាន់ៗទាំងនោះរួមមាន សមាសភាពសមាជិកក្រុមប្រឹក្សាអង្គចៅក្រមមានពីខាងក្រសួងច្រើនជាងមុន ការកោះប្រជុំឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ត្រូវធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថាប័នអយ្យការនៅក្រោមការចាត់ចែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយៈការបង្កើតនាយកដ្ឋានរដ្ឋបាលមួយ ហើយការដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញា ជាដើម គឺឆ្លងតាមការយល់ព្រម និងត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ល។
លោក សុក សំអឿន៖ «បើចង់ឲ្យច្បាប់នេះល្អ គួរជជែកគ្នាអំពីគោលការណ៍ខ្លះ។ តើគោលការណ៍អីខ្លះ ដែលនាំឲ្យតុលាការ នាំឲ្យឧត្តមក្រុមប្រឹក្សាតុលាការនេះ វាឯករាជ្យ។ ហើយបើមានច្បាប់អ៊ីចឹងហើយ ត្រូវសើរើច្រើនណាស់។ ការពិភាក្សាច្បាប់នេះ គួរបើកចំហឲ្យមានការចូលរួមពីអ្នកឯករាជ្យខ្លះៗ។ ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមគួរតែមានអំណាចឯករាជ្យពីនីតិប្រតិបត្តិ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីជំនាញ និងអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ បានទេនៅថ្ងៃទី២០ មីនា ដើម្បីឆ្លើយបំភ្លឺការលើកឡើងរបស់ លោក សុក សំអឿន បានទេ។
ប៉ុន្តែកន្លងមក មន្ត្រីក្រសួងយុត្តិធម៌ បានចាត់ទុកថា ការប្រឹងប្រែងកែទម្រង់លើវិស័យតុលាការនេះ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានទទួលយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
