អ្នក​ភូមិ​ឡពាង​គ្រោង​ប្ដឹង​ព្រះរាជអាជ្ញា​រង​ខេត្ត​កំពង់ឆ្នាំង​ចោទ​មិន​ចាត់​ការ​បណ្ដឹង

ដោយ ជិន ជេដ្ឋា
2015.09.05
ជម្លោះ​ដីធ្លី កំពង់ឆ្នាំង ៦១០ តំណាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង លោក រាជ សីម៉ា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នា​សាលា​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៤។
RFA/Chin Chetha

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

តំណាង​ពលរដ្ឋ ៤​នាក់​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កំពុង​រៀបចំ​បណ្ដឹង​ប្ដឹង​ព្រះរាជអាជ្ញា​រង​ម្នាក់​ទៅ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​យុត្តិធម៌​ចំនួន​ពីរ​ផ្សេង​ទៀត។ គម្រោង​ប្ដឹង គឺ​បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​រូប​នេះ ចេញ​លិខិត​ជូន​ដំណឹង​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ ដែល​ពួក​គាត់​ប្ដឹង​ចោទ​មន្ត្រី​សុរិយោដី​ស្រុក​ពីរ​នាក់ ថា​បាន​កសាង​ប្លង់​ដីធ្លី​មិន​ត្រឹមត្រូវ។

អ្នក​ភូមិ​ដែល​មាន​តំណាង​ឈ្មោះ រាជ សីម៉ា សៀង ហេង ម៉ាង យ៉ាវ និង ហុង ដារ៉ូ នឹង​ពិភាក្សា​គ្នា ដើម្បី​ប្ដឹង​ប្រឆាំង​នឹង​ព្រះរាជអាជ្ញា​រង លោក ឡុង ស៊ីថា នៅ​សប្ដាហ៍​ទី​២ នៃ​ខែ​កញ្ញា ឆ្នាំ​២០១៥។

តំណាង​អ្នក​ភូមិ​រិះគន់​ថា តុលាការ​មិន​អាច​ចាត់​ការ​មន្ត្រី​សុរិយោដី​ឈ្មោះ អេង ណារិទ្ធ និង​ឈ្មោះ ម៉ិល ចន្ថា ដែល​ឃុបឃិត​គ្នា​រំលោភ​វាស់​ដី​ពលរដ្ឋ​ទំហំ ៦១២​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ព្រោះ​ខ្លាច​អំណាច​ស្វាមី​ម្ចាស់​ក្រុមហ៊ុន គឺ​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។

តំណាង​ពលរដ្ឋ​ម្នាក់ លោក រាជ សីម៉ា មាន​ប្រសាសន៍​ថា រូប​លោក និង​តំណាង​អ្នក​ភូមិ ៣​នាក់​ទៀត​បាន​ដាក់​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ភ្លាមៗ ដើម្បី​ប្រឆាំង​មន្ត្រី​ភូមិបាល​ស្រុក​ដដែល បន្ទាប់​ពី​តំណាង​អយ្យការ​តម្កល់​រឿង​នេះ​ទុក​ឥត​ចាត់​ការ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ លោក​ថា ក្រុម​អ្នក​ភូមិ​នឹង​ពិភាក្សា​គ្នា​ទៀត​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ថា​តើ​ត្រូវ​ប្ដឹង​ព្រះរាជអាជ្ញា​រង​រូប​នោះ​របៀប​ណា៖ «គាត់ (ព្រះរាជអាជ្ញា​រង លោក ឡុង ស៊ីថា) យល់​ឃើញ​ថា ខុស​ក្នុង​មាត្រា​ច្បាប់​ហើយ គឺ​តាម​មាត្រា​២៦១ និង​២៦៤ គាត់​យល់​ឃើញ​ថា​អ៊ីចឹង គាត់​ប្រាប់​ខ្ញុំ ប៉ុន្តែ​គាត់​បែរ​បង្វិល ឬ​ជំរុញ​ឲ្យ​ខ្ញុំ​ទៅ​ប្ដឹង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ដីធ្លី​ទៅ​វិញ។ ខ្ញុំ​ចង់​ឲ្យ​មន្ត្រី​ថ្នាក់​លើ ដាក់​ទោស​ទណ្ឌ​មក​លើ​ចៅក្រម ឬ​ព្រះរាជអាជ្ញា​ចឹងៗ»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​ព្រះរាជអាជ្ញា​រង លោក ឡុង ស៊ីថា ដើម្បី​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា។

យ៉ាង​ណា តំណាង​ពលរដ្ឋ​បញ្ជាក់​ថា លោក ឡុង ស៊ីថា ធ្លាប់​ហៅ​ពួក​គាត់​ទៅ​ជួប​ពិភាក្សា និង​ជំរុញ​ឲ្យ​ពួក​គាត់​ប្ដឹង​ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​វិញ។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ធ្លាប់​បញ្ជាក់​ថា ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​ពិបាក​ដោះស្រាយ គឺ​ដោយសារ​ភាគី​ក្រុមហ៊ុន​មាន​ប្លង់​រឹង រីឯ​ក្រុម​ពលរដ្ឋ​វិញ​ពុំ​មាន​ឯកសារ​កាន់​កាប់​លើ​ដី ដែល​ខ្លួន​កំពុង​តវ៉ា​ទាមទារ​នោះ​ទេ។

តំណាង​អ្នក​ភូមិ​នៃ​ឃុំ​តាជេស លោក រាជ សីម៉ា បាន​ដាក់​បណ្ដឹង​ប្រឆាំង​មន្ត្រី​សុរិយោដី​ស្រុក​កំពង់ត្រឡាច លោក អេង ណារិទ្ធ និង​លោក ម៉ិល ចន្ថា ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៤។ លោក រាជ សីម៉ា បញ្ជាក់​ថា ការ​បង្ក​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​យ៉ាង​ក្ដៅ​គគុក​កន្លង​ទៅ ព្រោះ​តែ​ការ​ចេញ​ប្លង់​មិន​ត្រឹមត្រូវ​នេះ ហើយ​លោក​សង្ឃឹម​ថា​នឹង​មាន​យុត្តិធម៌​នា​ថ្ងៃ​អនាគត៖ «ដោយសារ​ប្លង់​នេះ​ឯង​កសាង​ឡើង​ដោយ​គ្មាន​ផ្លូវ​ជាតិ ប្រព័ន្ធ​ធារាសាស្ត្រ និង​ផ្លូវ​ចូល​ភូមិ​ឡពាង ហើយ​គ្មាន​សាក្សី​ព្រំប្រទល់​ណា​មួយ ដែល​ផ្ដិត​ស្នាម​មេដៃ​ប្លង់​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី ចំនួន ១០៥​ប័ណ្ណ​ហ្នឹង​ទេ។ គាត់ (មន្ត្រី​សុរិយោដី​ស្រុក) ទៅ​វាល់​តែ​ចុង​មួយ និង​ដើម​មួយ ហើយ​គាត់​មក​អង្គុយ​អង្កន់​នៅ​ក្រោម​ម្លប់​ឈើ ហើយ​គាត់​ថា​ប្លង់​ហ្នឹង​ត្រឹមត្រូវ»

ជម្លោះ​ដីធ្លី​អូស​បន្លាយ​រយៈពេល​ជាង ១០​ឆ្នាំ រវាង​ពលរដ្ឋ​នៅ​ឃុំ​តាជេស ជាមួយ​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី ភាគី​ពលរដ្ឋ​បាន​ប្ដឹង​ភាគី​ក្រុមហ៊ុន​ទៅ​សាលា​ដំបូង សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល ជាង ៦០​បណ្ដឹង ក្នុង​នោះ​តុលាការ​ចាត់​ការ​បាន​តែ​មួយ​បណ្ដឹង​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។