រដ្ឋមន្ត្រីក្រសួងការងារ និងតំណាងក្រុមប្រឹក្សាអាជ្ញាកណ្ដាល អះអាងនៅថ្ងៃទី៥ ខែកក្កដា ថា ស្ថានភាពទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករ និងថៅកែ ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ចាស់ទុំជាងមុន ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ។ ខុសពីពេលមុនដែលការទាមទាររបស់កម្មករស្នើឲ្យមានការអនុវត្តឲ្យបានត្រឹមស្មើច្បាប់ បច្ចុប្បន្នការទាមទារគឺស្នើឲ្យមានភាពប្រសើរជាងច្បាប់។ ក៏ប៉ុន្តែអ្នកឃ្លាំមើលសិទ្ធិការងារ ស្នើឲ្យភាគីក្រុមហ៊ុន រដ្ឋាភិបាល និងកម្មករ ពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព។
ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល អ្នកស្រី ឈីវ ភិរម្យ ថ្លែងនៅក្នុងសន្និសីទថ្នាក់ជាតិលើកទី៧ ស្ដីពីទំនាក់ទំនងវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ពិសេសក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងថា ប្រទេសកម្ពុជា ក្លាយជាប្រទេសគំរូមួយសម្រាប់ប្រទេសក្បែរខាងក្នុងការដោះស្រាយវិវាទការងារ។ នេះដោយសារតែភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈ។
អ្នកស្រីលើកឡើងពីការយល់ដឹងស្ដីពីច្បាប់ការងារ ការថយចុះនៃចំនួនកូដកម្ម ការដោះស្រាយជម្លោះការងារទាន់ពេល និងមានប្រសិទ្ធភាព វត្តមាននៃច្បាប់សហជីព វត្តមានច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងបេឡាសន្តិសុខសង្គម៖ «ការទាមទារមួយរយៈក្រោយ បានផ្លាស់ប្ដូររូបរាងរបស់ខ្លួនទៅជាការទាមទារដែលមានលក្ខណៈប្រសើរជាងច្បាប់។ នេះក៏បានបង្ហាញអំពីការប្រែប្រួលជាវិជ្ជមាននៃឥរិយាបថរបស់និយោជក ក្នុងការសម្របខ្លួនអនុវត្តតាមច្បាប់ស្ដីពីការងារ។ វាក៏បានបង្ហាញអំពីការចូលរួមយ៉ាងសកម្មពីសំណាក់ក្រសួងការងារ ដែលមានភារកិច្ចចូលទៅអនុវត្តការគោរពច្បាប់នៅតាមមូលដ្ឋាននីមួយៗ»។
អ្នកស្រីបន្ថែមថា ច្បាប់សហជីពដែលចម្រូងចម្រាសទើបត្រូវដាក់ឲ្យចូលជាធរមាន ក៏រួមចំណែកបង្ហាញពីភាពចាស់ទុំក្នុងទំនាក់ទំនងការងារនៃវិស័យឧស្សាហកម្មផងដែរ។ អ្នកស្រីសង្កត់ធ្ងន់ថា ការចរចាអនុសញ្ញារួមពេលវិវាទកាត់បន្ថយពីនីតិវិធី ៥០ បូក ១ មកត្រឹម ៣០% នៃចំនួនកម្មករសរុបនៃសហគ្រាសគ្រឹះស្ថាននោះ។
ស្រដៀងគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ក្រៅពីលើកចំណុចវិជ្ជមាននៃច្បាប់សហជីព លោកក៏រំពឹងថា ចំនួននៃបាតុកម្មនិងកូដកម្ម នឹងថយចុះថែមទៀត។ លោកថា ភាគីទាំងអស់នឹងចូលរួមអនុវត្តច្បាប់ និងព្រមានមិនលើកលែងដល់អ្នករំលោភច្បាប់នោះទេ៖ «យើងមិនលើកលែងទេ អ្នកណាដែលធ្វើខុសច្បាប់ បើទោះជាអ្នកនោះជាមន្ត្រីកម្រិតណាក៏ដោយ។ អ្នកដែលមិនចុះបញ្ជិកាឲ្យសហជីព ដេញសហជីព ក៏មិនលើកលែងឲ្យដែរ។ សហជីពដែលធ្វើខុសក៏មិនឲ្យរួចខ្លួនដែរ ត្រូវតែទទួលទោសស្មើៗគ្នាចំពោះមុខច្បាប់»។
ត្រឹមខែមិថុនា ឆ្នាំ២០១៦ មានសហជីព និងសមាគមក្នុងវិស័យឧស្សាហកម្ម ចុះបញ្ជិកាជាង ៣.៥០០ (សហជីពមូលដ្ឋាន ៣.៤៦៩ សហព័ន្ធសហជីព ១០៣ សហភាពសហព័ន្ធសហជីព ១៨ និងសមាគមនិយោជក ៨)។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) លោក មឿន តុលា ទទួលស្គាល់ពីការរីកចម្រើននៃទំនាក់ទំនងវិជ្ជាជីវៈ។ ប៉ុន្តែលោកកត់សម្គាល់ឃើញថា ការតវ៉ារបស់កម្មករនៅបន្តកើតមានជាហូរហែ ដោយសារការបណ្ដេញចេញ បន្ទាប់ពីចូលរួមជាមួយសហជីព ឬដោយសារការបិទរោងចក្រ ឬដោយសារលក្ខខណ្ឌការងារមិនត្រឹមត្រូវតាមច្បាប់៖ «និយោជកគួរតែគោរពច្បាប់បំផុត។ ក្រសួងការងារ គួរជំរុញឲ្យនយោជក (ថៅកែ) អនុវត្តច្បាប់។ ត្រូវតែគោរពសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ មិនគួរយកតួលេខនៃបាតុកម្ម កូដកម្ម ជាសន្ទស្សន៍នៃបញ្ហានោះទេ គួរតែមើលថា តើអ្វីជាឫសគល់បញ្ហា»។
វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង ត្រូវគេសង្កេតឃើញកម្មករច្រើនធ្វើបាតុកម្ម ឬកូដកម្មតវ៉ាជារឿយៗ ដើម្បីស្វែងរកដំណោះស្រាយក្នុងជម្លោះការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។