មន្ត្រីជាន់ខ្ពស់នៃរដ្ឋសភាបានបដិសេធការចំពោះការស្នើសុំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឲ្យរដ្ឋសភាផ្អាកការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ទាក់ទងនឹងវិស័យតុលាការចំនួន ៣នោះ។ ហេតុផលនៃការបដិសេធនេះ ដោយសារសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា មានបទពិសោធន៍ និងមានចំណេះដឹងគ្រប់គ្រាន់ក្នុងការពិនិត្យមើលសេចក្ដីព្រាងច្បាប់នេះ មុននឹងធ្វើការអនុម័ត។ ប៉ុន្តែក្រុមអ្នកច្បាប់បានលើកឡើងថា រដ្ឋាភិបាលកំពុងបិទបាំង និងមិនបានដាក់ឲ្យជជែកជាសាធារណៈអំពីសេចក្ដីព្រាងច្បាប់មួយនេះតាមបែបប្រជាធិបតេយ្យ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភាបានឲ្យដឹងនៅថ្ងៃទី២១ មេសា ថា សភានឹងអនុម័តសេចក្ដីព្រាងច្បាប់ទាំងបីទាក់ទងនឹងតុលាការនៅខែឧសភា ខាងមុខ។
ប្រធានគណៈកម្មាការសេដ្ឋកិច្ចនិងសវនកម្មនៃរដ្ឋសភា លោកបណ្ឌិតរដ្ឋ ជាម យៀប មានប្រសាសន៍ថា សភាមិនអាចផ្អាកដំណើរការ ឬផ្អាកអនុម័តសេចក្ដីព្រាងច្បាប់នេះបានទេ។ សភានឹងអនុម័តច្បាប់ប្រមាណ ២០ច្បាប់ទៀត បន្ទាប់ពីសភាបានអនុម័តច្បាប់បានចំនួន ១០ រួចមកនៅនីតិកាលទី៥នេះ។
លោក ជាម យៀម លើកឡើងថា សេចក្ដីព្រាងច្បាប់ទាំង៣ រួមមានសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា នឹងអនុម័តនៅក្នុងខែឧសភា ឬយ៉ាងយួរនៅដើមខែមិថុនា ឆ្នាំ២០១៤។
លោក ជាម យៀប៖ «បើសិនជាសង្គមស៊ីវិលខាងសិទ្ធិមនុស្សសុំផ្អាកនោះ ឲ្យគាត់រៀបចំធ្វើច្រវាក់ ដែកថែបឲ្យទប់ស្កាត់ធ្វើយ៉ាងម៉េចដើម្បីកុំឲ្យផែនដីវិល ហើយផែនដីហ្នឹងដើរ អាហ្នឹងអាចធ្វើបាន ព្រោះអាណេះជាចរន្ដមួយរបស់រដ្ឋធម្មនុញ្ញមាតុភូមិកម្ពុជា មិនអាចមករាំងស្ទះបានទេ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឲ្យសភាផ្អាកអនុម័តសេចក្ដីព្រាងច្បាប់នេះ លុះណាតែមានការផ្សព្វផ្សាយបើកឲ្យមានកិច្ចពិគ្រោះ យោបល់ទូលំទូលាយជាមុន និងរហូតដល់តំណាងរាស្ត្រមកពីគណបក្សជាប់ឆ្នោតទាំង២ ចូលអង្គុយក្នុងរដ្ឋសភា។
ស្ថាប័នសិទ្ធិមនុស្សមួយនេះ បានសម្ដែងការព្រួយបារម្ភថា សេចក្ដីព្រាងច្បាប់នឹងមិនត្រូវបានពិនិត្យពិច័យឲ្យបានគ្រប់គ្រាន់ និងមិនបានឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ ប្រសិនបើមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា អង្គុយនៅក្នុងរដ្ឋសភាតែមួយនោះ។
ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិតរដ្ឋ ជាម យៀប បានពន្យល់ថា សភាបច្ចុប្បន្នមានបទពិសោធន៍ និងមានចំណោះដឹងគ្រប់គ្រាន់ក្នុងការពិនិត្យសេចក្ដីព្រាងច្បាប់នេះ៖ «ពីព្រោះអ្នក ៦៨នាក់នេះ នៅក្នុងសភា ៣០ឆ្នាំផ្លាយហើយ យើងអាចមានលទ្ធភាពយល់អំពីច្បាប់ច្រើនណាស់ទៅហើយ។ តំណាងរាស្ត្រមួយចំនួនធំទៀត លោកមានអតីតកាលបទពិសោធន៍ច្រើន មេរៀនគ្រប់បែបយ៉ាងយល់ពីសភាពការណ៍កម្ពុជា គ្រប់បែបយ៉ាងតែម្ដង»។
ទោះបីជាយ៉ាងនេះក្ដី ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ លោក ហួន ជុនឌី បានលើកឡើងថា សភាឯកបក្សបច្ចុប្បន្នមិនទាន់ស្របច្បាប់នោះទេ ដរាបណាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនទាន់ចូលសភានោះ។ លោកបញ្ជាក់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការអនុម័តសេចក្ដីព្រាងច្បាប់នីមួយៗ រដ្ឋាភិបាលត្រូវតែដាក់ឲ្យជជែកជាសាធារណៈ និងពិភាក្សាវែកញែកនៅក្នុងសភាយ៉ាងផុសផុលពីគណបក្សជាប់ឆ្នោតទាំងអស់ ដើម្បីឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃអនុម័តច្បាប់។
លោក ហួន ជុនឌី៖ «រដ្ឋសភាប្រញិបប្រញាប់អនុម័តច្បាប់ទាំងបីហ្នឹង ច្បាប់ផ្សេងៗទៀត ក្នុងពេលដែលសភាខ្លួនឯងមិនទាន់មានភាពស្របច្បាប់សម្រាប់ខ្លួនឯង វានឹងប៉ះពាល់ធ្ងន់ធ្ងរជាបន្តបន្ទាប់ទៅទៀត ដែលយើងគិតថា រដ្ឋសភាមិនត្រូវប្រញាប់យកច្បាប់ទាំងឡាយមកអនុម័តក្នុងពេលនេះទេ»។
សេចក្ដីព្រាងច្បាប់ទាំង៣នេះ ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤។ មកទល់ពេលនេះ លោក ជាម យៀប បានឲ្យដឹងថា រដ្ឋាភិបាលមិនទាន់បញ្ជូនទៅដល់សភានៅឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិលបានលើកឡើងថា សេចក្ដីព្រាងច្បាប់ទាំង ៣នេះ មានសារសំខាន់ចំពោះមុខងាររបស់តុលាការនៅកម្ពុជា ដែលអាចធ្វើឲ្យប្រសើរឡើងនូវឯករាជ្យភាពប្រសិទ្ធភាព និងតម្លាភាពរបស់តុលាការ និងជួយកាត់បន្ថយអំពើពុករលួយនៅវិស័យយុត្តិធម៌ ក៏ប៉ុន្តែកង្វះតម្លាភាពជាទូទៅជុំវិញច្បាប់នេះ ធ្វើឲ្យមានមន្ទិលទៅលើអ្វីដែលរដ្ឋាភិបាលកំពុងតែព្យាយាមលាក់បាំង ហើយនិងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ពិសេសប្រជាពលរដ្ឋនៅពេលសេចក្ដីព្រាងច្បាប់នេះ ត្រូវបានសភាអនុម័តដាក់ឲ្យប្រើប្រាស់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
