សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ចាត់​ការ​ម្ចាស់​បុរី​សុភមង្គល​ករណី​ប្រើ​ហិង្សា

0:00 / 0:00

អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៤ ធ្វើ​ការងារ​ផ្នែក​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​ស្ត្រី ជំរុញ​រដ្ឋាភិបាល ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់​វិធានការ​បន្ទាន់​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ក្មេង​ស្រី ២​នាក់​ជា​ជន​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​សិទ្ធិ​នៅ​ពេល​ពួក​គេ​ធ្វើ​ជា​អ្នក​បម្រើ​តាម​ផ្ទះ។

ការ​ជំរុញ​នេះ ធ្វើ​ឡើង​នៅ​ពេល​ក្មេង​ស្រី​រង​គ្រោះ​ទាំង​ពីរ​នាក់ ដែល​អះអាង​ថា ត្រូវ​បាន​វាយ​ដំ​ពី​សំណាក់​គ្រួសារ​ឧកញ៉ា វ៉េង លីតិចឡាយ កំពុង​រស់​ក្នុង​ភាព​ភ័យ​ខ្លាច និង​បារម្ភ​ចំពោះ​សុវត្ថិភាព​នៅ​ពេល​អ្នក​ដែល​បាន​ធ្វើ​ទារុណ​កម្ម​លើ​រាងកាយ​ពួក​គេ​នោះ ទំនង​បាន​គេច​ខ្លួន។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៤ ហៅ​ការ​ប្រើប្រាស់​ហិង្សា​លើ​ក្មេង​ស្រី​ជា​អ្នក​បម្រើ​តាម​ផ្ទះ ប្រព្រឹត្ត​ដោយ​គ្រួសារ​ឧកញ៉ា​ម្ចាស់​បុរី​វិមាន​សុភមង្គល ថា​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

មន្ត្រី​អង្គការ​ទាំង​នោះ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​បន្ទាន់ ដើម្បី​នាំ​ជន​ល្មើស​មក​ផ្ដន្ទាទោស និង​បញ្ចប់​ភាព​ភ័យ​ខ្លាច​របស់​ជន​រង​គ្រោះ។

សេចក្ដី​ថ្លែងការណ៍​រួម​ចេញ​ថ្ងៃ​ទី២២ ខែ​មីនា ឲ្យ​ដឹង​ថា ពួក​គេ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ក្មេង​ស្រី និង​ក្រុម​គ្រួសារ ព្រោះ​ឧកញ៉ា វ៉េង លីតិចឡាយ ដែល​មាន​ប្រពន្ធ​ឈ្មោះ លី ពៅ ជា​ម្ចាស់​បុរី​វិមាន​សុភមង្គល ព្យាយាម​ចរចា​គំរាម​កំហែង​ជន​រងគ្រោះ និង​ក្រុម​គ្រួសារ ឲ្យ​ដោះស្រាយ​ករណី​នេះ​ក្រៅ​ប្រព័ន្ធ​តុលាការ។ ករណី​នេះ អង្គ​ការ​ទាំង​បួន​ស្នើ​ឲ្យ​តុលាការ​ចាត់​ការ​តាម​ច្បាប់ ដោយ​គោរព​នូវ​រាល់​បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុសញ្ញា​អន្តរជាតិ​ផ្សេងៗ។

នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GAD/C) និង​ជា​អគ្គលេខាធិការដ្ឋាន​នៃ​បណ្ដាញ​យេនឌ័រ និង​អភិវឌ្ឍន៍ អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ជន​រងគ្រោះ ព្រោះ​ប្រពន្ធ​លោក​ឧកញ៉ា​នោះ​មិន​ព្រម​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​ទេ។ អ្នកស្រី​បន្ត​ថា ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ចាំ​បាច់​ត្រូវ​តុលាការ​ពន្លឿន​ដំណើរ​ការ​សំណុំ​រឿង​នេះ។

ក្មេង​ស្រី​រង​គ្រោះ ២​នាក់ ដែល​ម្នាក់​មាន​អាយុ ១៧​ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ ២៥​ឆ្នាំ បាន​ប្ដឹង​ឧកញ៉ា វ៉េង លីតិចឡាយ និង​ប្រពន្ធ​ឈ្មោះ លី ពៅ ថា​បាន​វាយ​ដំ​ធ្វើ​បាប​លើ​រូប​រាង​កាយ​ពួក​គេ​អស់​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មក​ហើយ និង​បណ្ដាល​ឲ្យ​មាន​របួស​ស្ទើរ​ពេញ​រាង​កាយ។ នៅ​ក្រោយ​ពេល​គេច​ខ្លួន​ចេញ​ពី​ផ្ទះ​ឧកញ៉ា វ៉េង លីតិចឡាយ កាល​ពី​ខែ​កុម្ភៈ ក្មេង​ស្រី​ទាំង​ពីរ​បាន​ប្រាប់​នគរបាល​ពី​អំពើ​ហិង្សា និង​បង្ហាញ​ស្នាម​ដាច់ ស្នាម​ជាំ​នៅ​លើ​ខ្នង និង​ភ្លៅ។

មេធាវី​ការពារ​ជន​រងគ្រោះ​នៃ​អង្គការ​ស៊ើប​អង្កេត​អាស៊ី ដើម្បី​សកម្មភាព​សង្គម និង​មនុស្សធម៌ (SISHA) កញ្ញា អ៊ុង ចក្រដេត បាន​អោយ​ដឹង​ថា នៅ​ពេល​នេះ​ក្មេង​ស្រី​ទាំង​២ កំពុង​ស្នាក់នៅ​ទី​កន្លែង​មាន​សុវត្ថិភាព។ ចក្រដេត បន្ត​ថា ពួក​គេ​នឹង​ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា។

ក្រុម​អង្គការ​ដែល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​ក្មេង​ស្រី​រង​គ្រោះ​នេះ រួម​មាន​បណ្ដាញ​យេនឌ័រ និង​អភិវឌ្ឍន៍ សកម្ម​យុវនារី​កម្ពុជា​លើ​កិច្ចការ​អាស៊ាន (CYWA) ខេម​អាស៊ាន (CamASEAN) និង​បណ្ដាញ​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​វ័យក្មេង​នៅ​កម្ពុជា (CYWEN)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។