អង្គការតម្លាភាពកម្ពុជា ស្នើទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬស្ថាប័នពាក់ព័ន្ធ លុបមាត្រា៤១ នៃច្បាប់ប្រឆាំងអំពើពុករលួយចោល ដើម្បីការពារសាក្សី និងអ្នករាយការណ៍ ដែលនេះជាការលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមប្រឆាំងអំពើពុករលួយ។ សំណើនេះមិនទាន់ទទួលបានការឆ្លើយតបពីអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយទេ ខណៈដែលអ្នកច្បាប់យល់ថា គួរទុកមាត្រានេះសិន។
នាយកអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល លើកឡើងថា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងដំណើរការប្រឆាំងអំពើពុករលួយ គឺត្រូវលុបមាត្រា៤១ នៃច្បាប់ប្រឆាំងអំពើពុករលួយ ព្រោះជាឧបសគ្គដល់ពលរដ្ឋក្នុងការចូលរួមទប់ស្កាត់អំពើពុករលួយ។ លោកបន្តថា មាត្រានេះ បង្កការព្រួយបារម្ភដល់ពលរដ្ឋដែលអ្នករាយការណ៍អាចប្រឈមនឹងការពិន័យជាប្រាក់ និងដាក់ពន្ធនាគារ៖ «មាត្រាហ្នឹងធ្វើឲ្យមានការព្រួយបារម្ភ អ៊ីចឹងហើយបើលុបមាត្រា ៤១ ចេញ ហើយថែមច្បាប់ការពារសាក្សី និងអ្នករាយការណ៍ធ្វើពលរដ្ឋខ្មែរកាន់តែក្លាហានរាយការណ៍រឿងពុករលួយ»។
មាត្រា៤១ នៃច្បាប់ប្រឆាំងអំពើពុករលួយ ចែងថា បទប្ដឹងបណ្ដឹងបរិហារដោយភូតកុហក អំពើប្ដឹងបរិហារដោយភូតកុហកដល់អង្គភាពប្រឆាំងអំពើពុករលួយ ឬតុលាការនូវអង្គហេតុបទល្មើសពុករលួយ កាលបើអំពើនេះនាំឲ្យធ្វើការស្រាវជ្រាវដោយអត់ប្រយោជន៍ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ១លានរៀល។
ក្រៅពីស្នើឲ្យលុបមាត្រា៤១ ចោល លោក ព្រាប កុល យល់ថា ប្រទេសកម្ពុជា ត្រូវដល់ពេលមានច្បាប់ស្ដីពីការការពារសាក្សី និងអ្នករាយការណ៍ ខណៈដែលបណ្ដាប្រទេសជឿនលឿនមានច្បាប់នេះ ហើយប្រទេសទាំងនោះចំណេញលុយរាប់លានដុល្លារពីការលុបបំបាត់អំពើពុករលួយ។ លោកថា នៅពេលនេះ អ្នករាយការណ៍ ឬសាក្សី ត្រូវបានការពារដោយច្បាប់ គឺជំរុញឲ្យពលរដ្ឋទូទៅក្លាហាន ហ៊ានរាយការណ៍ពីករណីពុករលួយ។
ក្នុងចំណោមអ្នករាយការណ៍ទាក់ទងអំពើពុករលួយកន្លងមក អង្គការតម្លាភាពកម្ពុជា រកឃើញថា មានអ្នករាយការណ៍ខ្លះបានប្រឈមផ្លូវច្បាប់។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឬអ្នកនាំពាក្យអង្គភាពនេះបានទេ នៅថ្ងៃទី៣ ខែកុម្ភៈ។ ចំណែកមន្ត្រីរដ្ឋាភិបាលមួយចំនួនក៏សុំមិនធ្វើអត្ថាធិប្បាយលើរឿងនេះដែរ។
និស្សិតផ្នែកច្បាប់នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កញ្ញា ស៊ាង ទិត្យដារីយ៉ា ដែលធ្លាប់រាយការណ៍ករណីពុករលួយទៅអង្គភាពប្រឆាំងអំពើពុករលួយ យល់ថា មាត្រា៤១ នៃច្បាប់ប្រឆាំងអំពើពុករលួយធ្វើឲ្យពលរដ្ឋព្រួយបារម្ភពេលដែលរាយការណ៍ករណីពុករលួយ។ កញ្ញាយល់ថា ប្រសិនបើរដ្ឋាភិបាលមិនលុបចោលគួរតែធ្វើវិសោធនកម្ម និងសរសេរច្បាប់នេះឡើងវិញឲ្យបានច្បាស់៖ «ខ្ញុំគិតថា ច្បាប់នេះសរសេរឲ្យច្បាស់លាស់ចំណុចមួយៗ ហើយអ្នកដែលគេប្ដឹងនោះមិនប្ដឹងបកមកអ្នករាយការណ៍ជារឿងល្អ»។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន គាំទ្រការយល់ឃើញរបស់អង្គការតម្លាភាព។ ប៉ុន្តែលោកយល់ថា ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយកន្លងទៅ មាត្រានេះមិនមែនជាឧបសគ្គដល់អ្នករាយការណ៍ទេ ដូច្នេះលោកថា គួរតែទុកឲ្យអនុវត្តច្បាប់ទាំងអស់នេះសិន ហើយនៅពេលរកឃើញចំណុចផ្សេងៗច្រើនទៀត ដែលជាឧបសគ្គនោះ គឺស្នើឲ្យលុប ឬកែប្រែនូវមាត្រាទាំងនោះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។