គណៈកម្មការ​​ជំនាញ​ទាំង​៣​រដ្ឋសភា​ពិចារណា​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម

ដោយ ប្រាជ្ញ ចេវ
2015.07.01
ច្បាប់​អង្គការ សហជីព ៦២០ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។
Photo: RFA

គណៈកម្មការ​ជំនាញ​ផ្នែក​ច្បាប់​នៃ​រដ្ឋសភា កំពុង​ពិចារណា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ-​សមាគម ក្រោយ​ពី​បាន​ប្រជុំ​ផ្ទៃក្នុង​ជជែក​ដេញដោល​នៅ​វិមាន​រដ្ឋ​សភា​ថ្ងៃ​ទី​១ ខែ​កក្កដា រួច​មក។ ទោះ​បែប​នេះ​ក្តី ក្រោយ​កិច្ចប្រជុំ​តំណាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នៅ​តែ​បង្ហាញ​ជំហរ​ផ្សេង​គ្នា​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដដែល។

ក្រោយ​ការ​ស្រាវជ្រាវ​គណៈកម្មការ​ជំនាញ​ទាំង​៣ របស់​រដ្ឋ​សភា អាច​នឹង​បង្វិល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ-​សមាគម​ទៅ​រដ្ឋាភិបាល ឬ​ក៏​រុញ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​លោក ឈាង វុន ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ប្រជុំ​ថា ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ មិន​បាន​កែប្រែ​ខ្លឹមសារ​ច្បាប់​ទេ គ្រាន់តែ​កែប្រែ​ពាក្យពេចន៍​ខ្លះៗ​ប៉ុណ្ណោះ។ លោក ឈាង វុន បន្ត​ថា ការ​បង្កើត​ច្បាប់​នេះ ដើម្បី​ទប់ស្កាត់​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ចង់​ឲ្យ​ប្រទេស​ជាតិ​មាន​បញ្ហា។

លោក ឈាង វុន៖ «អង្គការ​រដ្ឋាភិបាល​ដែល​មិន​ទាន់​ចង់​ឲ្យ​មាន​ច្បាប់ ក៏​ដូច​ជា គណបក្ស​សំឡេង​ភាគ​តិច​ដែល​មិន​ចង់​ឲ្យ​មាន ព្រោះ​គាត់​មាន​ផលប្រយោជន៍។ ទី​១ គេ​ឲ្យ​លុយ​គាត់​មក​សម្រាប់​តែ​ធ្វើ​អ៊ីចឹង​តែម្ដង។ គោលបំណង​របស់​គេ គឺ​រដ្ឋាភិបាល​នៅ​កម្ពុជា ដែល​បម្រើ​គោលនយោបាយ​របស់​គេ​ទៅ​តាម​យុទ្ធសាស្ត្រ គេ​ហៅ​ថា ភូមិ​សាស្ត្រ​នយោបាយ​តំបន់។ យើង​អត់​ទទួល​យក​បាន​ទេ ព្រោះ​ភូមិ​សាស្ត្រ​តំបន់​ដែល​គេ​ចង់​បាន​នោះ បាន​ធ្វើ​ឲ្យ​កម្ពុជា យើង​រលាយ​ពី​ឆ្នាំ​១៩៧០ រហូត ១៩៧៩»

កិច្ច​ប្រជុំ​បិទ​ទ្វារ​នៃ​គណៈកម្មការ​ទី​៤ ទទួល​បន្ទុក​មហាផ្ទៃ ការពារ​ជាតិ និង​កិច្ច​ការ​សាធារណៈ គណៈកម្មការ​ទី​៥ ទទួល​បន្ទុក​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន និង​គណៈកម្មការ​ទី​៦ ទទួល​បន្ទុក​នីតិកម្ម និង​យុត្តិធម៌ កំណត់​យក​ថ្ងៃ​ទី​៨ ខែ​កក្កដា ខាង​មុខ ដើម្បី​នឹង​បើក​ឲ្យ​មាន​ការ​ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​អង្គទូត​នានា ទាក់ទង​ច្បាប់​នេះ។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នោះ ព្រោះ​ថា សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​នេះ មាន​ការ​រឹត​បន្តឹង​លើ​សង្គម​ស៊ីវិល។ ជាង​នេះ​ទៅ​ទៀត លោក អ៊ូ វីរៈ ថា ការ​ជជែក​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា នឹង​មិន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ៖ «ជា​រឿង​មួយ​ដែល​ខ្ញុំ​សោកស្ដាយ​មែនទែន ព្រោះ​អី​រដ្ឋាភិបាល​ហាក់​ដូចជា​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ជជែក​គ្នា​ពី​រឿង​ ខ្លឹមសារ​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល»

ស្រប​ពេល​ដែល​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ជំហរ​ការពារ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ-​សមាគម​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល សហជីព ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ប្រឆាំង​តវ៉ា​ស្ទើរ​រាល់​ថ្ងៃ​មិន​ឲ្យ​មាន​ច្បាប់​នេះ។

ទាក់ទង​ករណី​នេះ តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន អះអាង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ប្រឆាំង​នឹង​ច្បាប់​នេះ ជា​អ្នក​ដែល​បាន​លុយ​ពី​ប្រទេស​ម្ចាស់ និង​ចង់​ធ្វើ​ឱ្យ​កម្ពុជា មាន​ភាព​វឹកវរ ហើយ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សង្គ្រាម​ដូច​សម័យ ប៉ុល ពត។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ-​សមាគម មាន ៩​ជំពូក និង ៣៩​មាត្រា បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​លុប​ចេញ​មាត្រា​ចំនួន​២ ទាក់ទង​នឹង​ថវិកា​អង្គការ-​សមាគម។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​បាន​ចូល​រួម​ផ្ដល់​គំនិត និង​អន្តរ​គណៈកម្មការ​សភា អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​ចង់​បិទ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល ព្រោះ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស មាន​សិទ្ធិ​ពិនិត្យ​របាយការណ៍ ហើយ​ក្រសួង​មហាផ្ទៃ មាន​សិទ្ធិ​លុប​ឈ្មោះ​អង្គការ-​សមាគម​ចោល។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា ប្រសិនបើ​សេចក្ដី​ព្រាង​ច្បាប់​នេះ មិន​កែប្រែ​ឲ្យ​ស៊ី​ជម្រៅ គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​គាំទ្រ​នៅ​ពេល​អនុម័ត​នោះ​ទេ៖ «ក្រសួង​មហាផ្ទៃ ឬ​ក្រសួង​ការបរទេស​ហ្នឹង មាន​សិទ្ធិ​លុប​ចេញ​ពី​បញ្ជី​សម្រាប់​អង្គការ សមាគម​ណា​ដែល​មិន​គោរព​ទៅ​តាម​លក្ខន្តិកៈ បទបញ្ជា​ផ្ទៃក្នុង...។ ក្រសួង​មហាផ្ទៃ ជា​អ្នក​ចុះ​បញ្ជី ហើយ​ក៏​ជា​អ្នក​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ផង​ដែរ។ អ៊ីចឹង​ជា​អ្នក​ទាត់​បាល់​ផង ជា​អាជ្ញាកណ្ដាល​ផង ម៉េច​ត្រឹមត្រូវ?»

​ទោះបីជា​យ៉ាង​ណា​ក្ដី លោក ឈាង វុន ថា នៅ​ពេល​មាន​ច្បាប់​នោះ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ក្លាយ​ជា​ដៃគូ​ពិត ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​គ្រប់​ទីកន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។