ចំនួនអ្នករងគ្រោះមានច្រើននាក់ ដោយសារតែគម្រោងអភិវឌ្ឍន៍របស់ឈ្មួញ និងអ្នកមានអំណាចដែលស្និទ្ធនឹងអ្នកដឹកនាំប្រទេសកម្ពុជា ល្បីល្បាញលើពិភពលោក រហូតដល់អង្គការអន្តរជាតិជាច្រើនបានដាក់ពាក្យបណ្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិថា ត្រូវតែបើកការស៊ើបអង្កេតរកមូលហេតុជាក់លាក់។
អង្គការអន្តរជាតិចំនួន ៤០ បានចុះហត្ថលេខា និងបានផ្ញើទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលហៅកាត់ថា អាយ.ស៊ី.ស៊ី (ICC) កាលពីថ្ងៃសុក្រ ទី១២ ខែធ្នូ លើការស្នើសុំឲ្យតុលាការនេះបើកការស៊ើបអង្កេតលើបណ្ដឹងនានា កាលពីខែតុលា ឆ្នាំ២០១៤ ដែលចោទប្រកាន់អ្នកកាន់អំណាចនៅប្រទេសកម្ពុជា អំពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
បណ្ដឹងរបស់មេធាវីដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស លោក រីឆាដ រ៉ូជើរ (Richard Rogers) កាលពីថ្ងៃទី៧ តុលា បានដាក់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ ដោយអះអាងថា រាជរដ្ឋាភិបាលកម្ពុជា និងក្រុមបក្សពួករបស់ខ្លួននៅក្នុងវិស័យឯកជនដែលទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា បានវិនិយោគដោយបានបណ្ដេញចេញប្រជាពលរដ្ឋ ប្រមាណជិត ៨សែននាក់ចេញពីផ្ទះសម្បែងនៅក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។
គម្រោងអភិវឌ្ឍន៍ទាំងនោះ ភាគច្រើនបានរំលោភយកដីប្រជាពលរដ្ឋ ឃាតកម្ម និងការសម្លាប់ដោយចេតនា ដើម្បីរក្សាផលប្រយោជន៍ផ្ទាល់ខ្លួននិងរក្សាអំណាច។
លិខិតរួមគ្នារបស់អង្គការអន្តរជាតិនោះ បានសរសេរថា ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិបើកការស៊ើបអង្កេតមែននោះ វាគឺជាគំរូដ៏ល្អបំផុតមួយសម្រាប់ពិភពលោក ដែលគម្រោងអភិវឌ្ឍន៍របស់ខ្លួនត្រូវជៀសវាងមិនឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
អង្គការអន្តរជាតិទាំងនោះ បានរកឃើញថា ប្រទេសណាក៏ដោយត្រូវតែយកច្បាប់ព្រហ្មទណ្ឌអន្តរជាតិមកប្រើនៅពេលដែលប្រទេសនោះមានការរំលោភដីធ្លីរាលដាលជាប្រព័ន្ធដែលកើតឡើងនៅទូទាំងប្រទេស ហើយមានកម្រិតធ្ងន់ធ្ងរនោះ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា នេះជាការដាក់សម្ពាធមួយទៅរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវតែពិនិត្យឡើងវិញរាល់គម្រោងអភិវឌ្ឍន៍របស់ខ្លួន ដែលបណ្ដាលឲ្យអ្នករងគ្រោះជាច្រើនម៉ឺននាក់។ ម៉្យាងវិញទៀត អ្នករងគ្រោះពីការបណ្ដេញទាំងនោះ ត្រូវអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ នៅពេលដែលពួកគាត់ចេញមុខតវ៉ាទាមទាដីធ្លីរបស់គាត់មកវិញ។ ម៉្យាងវិញទៀត លោកបញ្ជាក់ថា រដ្ឋាភិបាលគួរតែបញ្ឍប់ និងឆាប់ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋរងគ្រោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលដើម្បីសុំការបំភ្លឺអំពីបញ្ហានេះបានទេ នៅថ្ងៃទី១៥ ធ្នូ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់សមាគមអាដហុក (Adhoc) ស្ដីពីស្ថានភាពដីធ្លីប្រចាំឆ្នាំ២០១៤ បានបង្ហាញថា គិតត្រឹមឆ្នាំ២០១២ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាង ២.៦លានហិកតារ (២.៦៥៧.៤៧០) ដល់ក្រុមហ៊ុនឯកជន។ ប៉ុន្តែការផ្ដល់សម្បទានសេដ្ឋកិច្ចបង្កឲ្យមានជម្លោះដីធ្លី និងចាប់ចងប្រជាពលរដ្ឋដាក់នៅក្នុងពន្ធនាគារជាបន្តបន្ទាប់ ក្នុងនោះចាប់តាំងពីឆ្នាំ២០០០ មកដល់ឆ្នាំ២០១៣ មានប្រជាពលរដ្ឋជិត ៨សែននាក់ ឬស្មើនឹង ៦% នៃចំនួនប្រជាជនសរុប ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការទន្ទ្រានដីធ្លីពីឈ្មួញ និងមន្ត្រីមានអំណាច។
ម៉្យាងវិញទៀត ក្រៅពីឈ្មួញដែលស្និទ្ធនឹងអ្នកដឹកនាំប្រទេសដែលមានដីច្រើនរហូតដល់រាប់ពាន់ហិកតារ ប៉ុន្តែអ្នកមានឋានៈខ្ពស់នៅជូររដ្ឋាភិបាលកម្ពុជាវិញ ក៏មានដីច្រើនពាន់ហិកតារដែរ។
ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បានរកឃើញថា អ្នកមានអំណាចដោយរាប់ទាំងពីអ្នកមានងារជាឧត្ដមសេនីយ៍ សមាជិកសភា ព្រឹទ្ធសភា និងងារជាឯកឧត្ដម គ្រប់គ្រងដីបង្កបង្កើនផលប្រមាណ ៨០% នៃផ្ទៃដីសរុបនៅប្រទេសកម្ពុជា។ ក្រុមអ្នកដែលមានងារទាំងអស់នេះ មានដីយ៉ាងហោចណាស់ ៥០០ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
