ព្រះរាជអាជ្ញា​មិន​ទាន់​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ នៅ​ឡើយ​

0:00 / 0:00

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​សម្រេច​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ អតីត​មេ​ទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​សព្វថ្ងៃ​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ឡើយ​ទេ។ ក្រោយ​ការ​សាកសួរ​អស់​រយៈពេល​ប្រមាណ ៥​ម៉ោង​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​សមត្ថកិច្ច​បញ្ជូន​លោក ញឹក ប៊ុនឆៃ ទៅ​ឃុំ​ខ្លួន​នៅ​អង្គភាព​មន្ត្រី​នគរបាល​យុត្តិធម៌​វិញ រង់ចាំ​ការ​សាកសួរ​បន្ត។

ពីរ​ថ្ងៃ​ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់ព័ន្ធ​សំណុំ​រឿង​ផលិត​គ្រឿង​ញៀន​កាល​ពី​ជាង ១០​ឆ្នាំ​មុន លោក ញឹក ប៊ុនឆៃ ត្រូវ​បញ្ជូន​មក​សាកសួរ​នៅ​តុលាការ​ក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា បាន​រក​ឃើញ​ថា​លោក ញឹក ប៊ុនឆៃ ជាប់​ពាក់ព័ន្ធ​លុយកាក់ និង​មាន​ការ​ឃុបឃិត​ក្នុង​ករណី​ផលិត​គ្រឿង​ញៀន​នៅ​ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​សម្រេច​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (Telegram) ថា អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​ការ​សាកសួរ​លោក ញឹក ប៊ុនឆៃ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា បន្ត​ទៀត។ លោក​ថា លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​អង្គភាព​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វិញ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក លី សុផាណា ក្រៅ​ពី​ការ​សាកសួរ ក៏​នឹង​មាន​ការ​ពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​នានា​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ដើម្បី​សម្រេច​អំពី​រឿង​នេះ ឬ​មាន​ន័យ​ថា ព្រះរាជអាជ្ញា​នឹង​សម្រេច​ចោទ ឬ​មិន​សម្រេច​ចោទ​លើ​លោក ញឹក ប៊ុនឆៃ។

ក្នុង​ពេល​បញ្ជូន​មក​សាកសួរ​នៅ​តុលាការ លោក ញឹក ប៊ុនឆៃ ស្ថិត​ក្នុង​សម្លៀកបំពាក់​ធម្មតា និង​បាន​បង្ហាញ​ទឹក​មុខ​ញញឹម​ធម្មតា ហើយ​ដៃ​ទាំង​ពីរ​របស់​លោក​ក៏​មិន​ជាប់​ខ្នោះ​ដែរ។

ក្នុង​ចំណោម​គណបក្ស​បី​ដែល​ឈ្នះ​កៅអី​ឃុំ-សង្កាត់​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នោះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ ក៏​ឈ្នះ​បាន​ឃុំ​មួយ​យក​មក​គ្រប់គ្រង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​មិថុនា។

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។

ភ្លាមៗ​នោះ ក៏​លេច​ឮ​ព័ត៌មាន​ថា លោក ញឹក ប៊ុនឆៃ មាន​បំណង​ទៅ​រួបរួម​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះ​មាន​ការ​បដិសេធ​ពី​លោក ញឹក ប៊ុនឆៃ ក្តី ក៏​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា ផ្តាច់​ទំនាក់ទំនង​ពី​លោក ញឹក ប៊ុនឆៃ។ ចំណែក​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ ប្រមាណ ១០០​នាក់​បាន​នាំ​គ្នា​រត់​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​សម្ព័ន្ធ​មិត្ត​ចាស់​របស់​លោក ហ៊ុន សែន។

លោក ញឹក ប៊ុនឆៃ ដែល​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ធ្លាប់​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​ផង​ដែរ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា និង​បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់​កាល​ពី​ឆ្នាំ​២០០៧ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មើល​ឃើញ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ថា បើ​ទោះ​មាន​ការ​រក​ឃើញ​ថា លោក ញឹក ប៊ុនឆៃ មាន​ជាប់​ទាក់ទង​ករណី​គ្រឿង​ញៀន​នេះ​មែន ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​ដែរ ព្រោះ​សំណុំ​រឿង​នេះ​បាន​កើត​ឡើង​មុន​ពេល​លោក ញឹក ប៊ុនឆៃ បង្កើត​គណបក្ស។ មួយ​វិញ​ទៀត គណបក្ស​ជ្រើសរើស​អ្នក​ថ្មី​មក​ដឹកនាំ​បក្ស​នៅ​ពេល​លោក ញឹក ប៊ុនឆៃ មាន​ទោស៖ « ការ​រំលាយ​បក្ស​នោះ​លុះត្រា​តែ​ធ្វើ​ក្នុង​នាម​ជា​ស្ថាប័ន​បក្ស​ទាំងមូល​តែ​ម្តង​នេះ បើ​ផ្អែក​លើ​ក្រម​ព្រហ្មទណ្ឌ ហើយ​ដែល​ពេល​ច្បាប់​គណបក្ស​ថ្មី​ លុះ​តែ ​គាត់ ( លោក ញឹក ប៊ុនឆៃ ) ជា​ទណ្ឌិត ប៉ុន្តែ​ឥឡូវ​គាត់​ មិន​ទាន់ មាន​ទោស ​ណា ? »

ទាក់ទង​រឿង​នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ ឬ​មន្ត្រី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា។

អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ លោក​បណ្ឌិត មាស នី យល់​ថា លោក ញឹក ប៊ុនឆៃ ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ច្រើន​ជាង​ការ​រួច​ផុត​ការ​ចោទ​ប្រកាន់ នេះ​បើ​ផ្អែក​លើ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​កាត់​ផ្តាច់​សម្ពន្ធភាព​ជាមួយ​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។