រដូវភ្ជុំបិណ្ឌចូលមកដល់ជាពេលវេលាសប្បាយរីករាយសម្រាប់ក្រុមគ្រួសារខ្មែរទូទៅត្បិតបានជួបជុំគ្រួសារ ប៉ុន្តែពេលវេលានេះនៅតែជាទុក្ខសោកសម្រាប់ក្រុមគ្រួសារអ្នកការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលកំពុងជាប់ឃុំ។
អគ្គលេខាធិការ គ.ជ.ប លោក នី ចរិយា ជាអ្នកដែលត្រូវតុលាការផ្ដន្ទាទោសមុនគេក្នុងចំណោមអ្នកទាំង ៥ ដែលត្រូវចាប់ឃុំខ្លួនក្នុងពេលដំណាលគ្នាកាលពីពេលកន្លងទៅ។ ក្រុមគ្រួសាររបស់លោក នី ចរិយា ទន្ទឹងយុត្តិធម៌សម្រាប់រូបលោក បន្ទាប់ពីការកាត់ទោសដែលត្រូវហៅថា ជាអំពើអយុត្តិធម៌។
គ្រួសាររបស់លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះពុំមានក្ដីប្រាថ្នាអ្វីក្រៅតែពីបន់ស្រន់សូមអោយមានយុត្តិធម៌សម្រាប់រូបលោក។
ភរិយាលោក នី ចរិយា គឺលោកស្រី យ៉ែម ចន្ថា ដែលម្ដាយរបស់កូនប្រុសស្រីចំនួន ៣នាក់ ក្នុងបន្ទុករៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលថា ជារៀងរាល់ឆ្នាំគ្រួសារលោកស្រីតែងទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើតខាងប្ដី ប៉ុន្តែរដូវភ្ជុំបិណ្ឌឆ្នាំនេះពុំមានឱកាសដូចឆ្នាំមុនៗឡើយ៖ «ពេលភ្ជុំធំបងអត់ទៅណាទេ តែបងមានទៅវត្តក្បែរៗនេះ ហើយនឹងទៅមើលម៉ែក្មេកបងគាត់ងើបអត់រួច។ ប៉ងធ្វើយ៉ាងម៉េចអោយតែប្ដីបងបានសេរីភាពមកវិញ រួចផុតទុក្ខទោស ឈប់អោយគេឃុំគាត់។ បានគាត់មានសេរីភាពមកវិញបងអរគ្មានអ្វីប្រៀបបានទេ ព្រោះគ្រួសារត្រូវការជួបជុំគ្នាមិនមែនរស់នៅបែកគ្នា។ បើព្រាត់ស្លាប់ហ្នឹងយើងអាចទទួលយកបាន តែបើគាត់នៅរស់គាត់អត់មានធ្វើអីខុសផង គួរអោយគាត់មកជុំគ្រួសារវិញមក»។
កាលពីថ្ងៃទី២២ ខែកញ្ញា ចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក ឃី ឆៃ បានសម្រេចផ្ដន្ទាទោសលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងជាអតីតប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ឱ្យជាប់ពន្ធនាគារ ៦ខែ និងពិន័យជាប្រាក់ ៦លានរៀល។
លោក នី ចរិយា ត្រូវប្ដឹងចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ព្រមទាំងដាក់សម្ពាធទៅលើតុលាការដោយព្រះរាជអាជ្ញារង លោក សុខ កែវបណ្ឌិត និងចៅក្រមជំនុំជម្រះនៃសំណុំរឿងក្តីរបស់តុលាការខេត្តសៀមរាប ម្នាក់ទៀត លោក គី រិទ្ធី។
ទំនាស់រវាងលោក នី ចរិយា ដែលកាលណោះនៅជាប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារ សិទ្ធិមនុស្សអាដហុក ជាមួយនឹងព្រះរាជអាជ្ញារង សុខ កែវបណ្ឌិត និងចៅក្រមជំនុំជម្រះរបស់តុលាការខេត្តសៀមរាប លោក គី រិទ្ធី បានចាប់ផ្ដើមឡើងកាលពីអំឡុងខែឧសភា ឆ្នាំ២០១៥។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ លោក នី ចរិយា បានធ្វើសន្និសីទកាសែតមួយនៅឯទីស្នាក់ការក្នុងខេត្តសៀមរាប ដោយទាមទារឱ្យតុលាការខេត្តនេះដោះលែងអ្នកភូមិជប់រំដេង ២នាក់ ក្នុងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ឈ្មោះសហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម ដែលមិនទាន់មានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់។
ទាក់ទិននឹងការកាត់ក្ដីដាក់ទោសរូបលោកអោយជាប់ពន្ធនាគារនេះ លោក នី ចរិយា ដែលដៃជាប់ខ្នោះផង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុនពេលរូបលោកត្រូវនាំទៅមន្ទីរឃុំឃាំងថា ប្រទេសមួយដែលហ៊ុមព័ទ្ធដោយរឿងអយុត្តិធម៌ ជាពិសេសតុលាការមិនអាចផ្ដល់ភាពត្រឹមត្រូវបានទៅហើយ ការទទួលបានយុត្តិធម៌កើតចេញពីការជំនុំជម្រះនេះ គឺមិនមែនជាការងាយស្រួលឡើយ។
លោកបន្តថា៖ «គេយកមកសាក្សី ៣នាក់ មកនិយាយអ្នកដែលមានបញ្ហាដីធ្លីហ្នឹងអោយមកនិយាយ ហើយនិងខ្សែអាត់សំឡេងចាក់អត់មានឮសូរសំឡេងគាត់និយាយមួលបង្កាច់អីគេហ្នឹងផង។ ក៏ប៉ុន្តែក៏គេនៅកាត់អោយប្ដីខ្ញុំជាប់ ៦ខែដែរ ហើយដីប្រជាពលរដ្ឋដែលគេរករឿងកាលហ្នឹងដែលខំប្រឹងតស៊ូជួយប្រជាពលរដ្ឋគាត់បានមកវិញទាំងអស់ដីរបស់ពលរដ្ឋជាង ៣០គ្រួសារហ្នឹង ហើយអ្នកដែលជាប់គុកត្រូវគេចាប់ខុសច្បាប់ ខុសនីតិវិធីអីហ្នឹង ដែលប្ដីខ្ញុំតស៊ូជួយក៏បានរួចមកវិញ។ ទោះបីគាត់ខំប្រឹងអំណះអំណាងយ៉ាងណាក៏ខ្ញុំមើលទៅដូចគេអត់ចាប់អារម្មណ៍ គេដឹងតែថា ធ្វើម៉េចកាត់អោយជាប់»។
ភរិយារបស់លោក នី ចរិយា បានរៀបរាប់ទាំងអស់សង្ឃឹមថា ជារឿងដែលមិនគួរអោយជឿសោះថា សវនាការកាលពីថ្ងៃទី២២ ខែកញ្ញា នោះ អាចដាក់ទោសប្ដីលោកស្រី។ លោកស្រីថា បើទោះជាអ្នកស្រីមិនចេះដឹងផ្លូវច្បាប់ក៏អាចមើលឃើញថា ការកាត់ក្ដីនេះពុំមានសំអាងរឹងមាំឡើយ៖ «បញ្ហាទី២ ដោយសារតែលោកគឺជាអគ្គលេខាធិការរង គ.ជ.ប អ៊ីចឹងយើងឃើញថា មិនមែនតែករណីហ្នឹងតែមួយទេ។ សូម្បីតែរឿងពាក់ព័ន្ធចោទប្រកាន់ដោយ ACU ពាក់ព័ន្ធទៅដល់ស្រ្តីឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ហ្នឹងក៏វាអាចចេញមកពីរឿងនយោបាយបានន័យថា គាត់សកម្មក្នុងការកែទម្រង់មួយដែរនៅ គ.ជ.ប»។
មិនខុសគ្នានេះដែរ កាលពីថ្ងៃសុក្រ ទី២៣ ខែកញ្ញា នាយកផ្នែកអាស៊ីអាគ្នេយ៍នៃអង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិហៅកាត់ថា ហ្វីដ (FIDH) អ្នកស្រី អែនឌ្រា ជីអូហ្គែតា (Andrea Giorgetta) មានប្រសាសន៍ថា សវនាការកាលពីថ្ងៃទី២២ ខែកញ្ញា បង្ហាញថា តុលាការកម្ពុជា ប្រកាន់យកបទដ្ឋានឡប់ឡែមួយ ដើម្បីកាត់ទោសមន្ត្រីការពារសិទ្ធិមនុស្ស។ អ្នកស្រីថា ចរិតរបស់ចៅក្រមជម្រះនៅក្នុងសវនាការ និងការមិនរវីរវល់លើភស្តុតាងដោះបន្ទុកសបញ្ជាក់ឲ្យឃើញថា ចៅក្រមបានសន្មតថា លោក នី ចរិយា មានទោសតាំងពីមិនទាន់ជម្រះក្ដី។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការដាក់ទោសលោក នី ចរិយា គឺជារឿងអយុត្តិធម៌ និងជាការគំរាមកំហែងលើអ្នកការពារសិទ្ធិមនុស្សដទៃទៀត៖ «អ៊ីចឹងនេះគឺជាសម្ពាធមួយទេសម្រាប់លោក (នី ចរិយា)។ បើសិនជាគ្មានការចរចាផ្នែកនយោបាយអោយស្ថានភាពនយោបាយបានធូរស្រាលទេ បើទោះជាគាត់ប្ដឹងឧទ្ធរណ៍ ឬកំពូលក៏ខ្ញុំពុំមានសង្ឃឹម»។
លោក នី ចរិយា ត្រូវនាំខ្លួនទៅសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីដើមខែសីហា ឆ្នាំ២០១៦ នៅក្រោយមានបណ្ដឹងទៅតុលាការចោទប្រកាន់រូបលោក និងមន្ត្រីសមាគមអាដហុក ៤នាក់ទៀត ពីការសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងនាង ខុម ចាន់តារាទី។ លោកត្រូវឃុំខ្លួននៅពន្ធនាគារភ្នំពេញ ហៅកាត់ថា ប៉េស៊ី (PJ) ចាប់តាំងពីពេលលោកត្រូវឃាត់ខ្លួនរហូតមកដល់ពេលនេះ។ ក្នុងសំណុំរឿងនេះ តុលាការនៅមិនទាន់ដំណើរការកាត់សេចក្ដីដល់អង្គសេចក្ដីនៅឡើយ។
ចំពោះលោក អំ សំអាត នៅតែមើលឃើញថា ករណីរបស់លោក នី ចរិយា អាចមានយុត្តិធម៌ល្គឹកណាមានការចរចាត្រូវរ៉ូវគ្នាផ្នែកនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង៖ «វាជារឿងមួយល្អដែលអោយមានធនធានមនុស្សបន្ថែមនៅក្នុង គ.ជ.ប ដើម្បីជួយធ្វើការកែទម្រង់ពី ព្រោះការបោះឆ្នោតកៀកមកដល់ហើយ»។
លោក អំ សំអាត បន្តថា តួនាទីរបស់លោក នី ចរិយា នៅ គ.ជ.ប មានសារសំខាន់ដែលចាំបាច់លោកត្រូវត្រឡប់ទៅបំពេញតួនាទីរបស់លោកវិញ៖ «ធ្វើការតាំងពីណាពីណីមកគាត់ជាអ្នកចេះច្បាប់ គាត់អ្នកសិទ្ធិមនុស្ស គាត់ធ្វើការជួយតែជនក្រីក្រ ហើយគាត់មានទៅទារអំណាច ទារបុណ្យទារសក្ដិអី គាត់ចូលមកធ្វើការខាងវិស័យមនុស្សធម៌ហ្នឹងតែម្ដង ហើយទៅចោទគាត់អ៊ីចឹង។ គាត់ធ្វើដើម្បីអ្នកដែលទន់ខ្សោយផ្នែកផ្លូវច្បាប់ទាំងគ្រប់សព្វ ហើយជួយបានប៉ុណ្ណឹងហើយនៅធ្វើបាបគាត់អ៊ីចឹងទៀត។ ខ្ញុំមើលទៅសម្រាប់គ្រួសារខ្ញុំវាអយុត្តិធម៌»។
លោក នី ចរិយា បានជាប់ជាអគ្គលេខាធិការរង គ.ជ.ប ដែលទទួលភារកិច្ចផ្នែកសវនកម្មកាលពីខែមករា ឆ្នាំ២០១៦។
មិនខុសគ្នាដែរចំពោះភរិយាលោក នី ចរិយា លោកស្រី យ៉ែម ចន្ថា ក៏រំពឹងថា នឹងបានជួបជុំគ្រួសារឡើងវិញ ត្បិតប្ដីរបស់លោកស្រីបានធ្វើតែអំពើល្អជួយដល់អ្នករងគ្រោះ មិនចង់បានមុខមាត់បុណ្យសក្ដិ ឬគុណស្រ័យអ្វីឡើយ។ លោកស្រីបន្តថា ប្ដីរបស់លោកស្រីបានប្រឹងប្រែងបំពេញការងារនៅ គ.ជ.ប ដោយសង្ឃឹមថា ស្ថាប័ននោះមានឯករាជ្យពិតប្រាកដ៖ «ចូលទៅធ្វើទៅធ្វើការនៅអាដហុក ការងារមួយហ្នឹងគាត់គ្មានចង់ទៅណាទៅណីទេ។ ក៏ប៉ុន្តែគាត់ឃើញ គ.ជ.ប ហ្នឹងគេឯករាជ្យហ្នឹងហើយបានគាត់ចូល។ កាលមុនអីមិនទាន់ប្រកាសថា ឯករាជ្យទើបតែអាណត្តិហ្នឹងគេថាឯករាជ្យគាត់ក៏ដាក់ពាក្យចូលទៅ»។
ករណីនេះដែរ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ប្រតិកម្មចំពោះការសម្រេចផ្ដន្ទាទោសលើលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដោយចោទថា តុលាការពុំបានបង្ហាញភស្តុតាងគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់លោក នី ចរិយា នោះឡើយ។ បញ្ហានេះ អង្គការសហប្រជាជាតិយល់ថា ជានិន្នាការមួយគួរឲ្យបារម្ភពាក់ព័ន្ធនឹងការប្រើច្បាប់ប្រឆាំងសំឡេងឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។