Opens in new windowសាលាដំបូងខេត្តកោះកុង បានចេញដីកាសម្រេចមិនឲ្យសកម្មជនបរិស្ថាន ៣នាក់ ដែលជាសមាជិកចលនាមាតាធម្មជាតិ នៅក្រៅឃុំ។ មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងនៅថ្ងៃទី៣១ ខែសីហា ថា តុលាការខេត្តកោះកុង មានហេតុផលសំខាន់ចំនួន៣ ដែលសម្រេចមិនឲ្យពួកគេនៅក្រៅឃុំ។ ហេតុផលទី១ គឺដើម្បីរក្សាជនត្រូវចោទទុក ដើម្បីឲ្យតុលាការដំណើរការតាមនីតិវិធីច្បាប់។ ហេតុផលទី២ ដើម្បីបញ្ចប់បទល្មើស និងហេតុផលទី៣ បង្ការទប់ស្កាត់បទល្មើសកុំឲ្យកើតឡើងជាថ្មី។
កាលពីថ្ងៃទី១៧ ខែសីហា តុលាការ បានចាប់ខ្លួនសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ៣នាក់ ដោយចោទពីបទគំរាមកំហែង និងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ជាអ្វីមួយ ក្នុងគ្រាដែលពួកគេធ្វើសកម្មភាពប្រឆាំងការបូមខ្សាច់របស់ក្រុមហ៊ុន ខណៈពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋ ក្នុងភូមិធ្នង់ ឃុំកណ្ដោល និងនៅភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ កាលពីថ្ងៃទី១៧ ខែសីហា ដើម្បីប្រឆាំងនឹងការបូមខ្សាច់។ យុវជនទាំង ៣នាក់មានឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ឹម សំណាង។
ការឆ្លើយតបរបស់តុលាការនេះ បន្ទាប់ពីសហគមន៍ដីធ្លីពីរាជធានីភ្នំពេញ សហគមន៍ពីបណ្ដាស្រុកមួយចំនួនពីខេត្តកោះកុង បាននាំគ្នាតវ៉ាជាប់គ្នាចំនួន ៣សប្ដាហ៍មកហើយគិតមកដល់ពេលនេះ ដើម្បីទាមទារឲ្យដោះលែងយុវជន ៣នាក់ពីពន្ធនាគារ និងទម្លាក់ការចោទប្រកាន់លើយុវជនទាំងស្រុង។
នៅថ្ងៃទី៣១ ខែសីហា ពលរដ្ឋបាននាំគ្នាធ្វើយុទ្ធនាការហែក្បួនលើកបដាពីរោងវេទិកាពួកគាត់ស្នាក់នៅ ឆ្ពោះទៅខ្លោងទ្វារសាលាដំបូង ទៅខាងមុខសាលាខេត្ត និងនៅតាមផ្លូវធំៗក្នុងក្រុងខេមរភូមិន្ទ ឲ្យដោះលែងសកម្មជនការពារបរិស្ថាន ៣នាក់ ឲ្យមានសេរីភាពឡើងវិញ។
សហគមន៍ បានប្រកាន់ជំហរថា ពួកគាត់នឹងបន្តធ្វើយុទ្ធនាការតវ៉ាតទៅទៀត បើទោះជាពួកគេតវ៉ាប្រមាណ ៣សប្ដាហ៍មកហើយ តែគ្មានដំណោះស្រាយក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
