ពួកគាត់បញ្ជាក់ថា ការលើកពេលសវនាការម្ដងជាពីរដងរបស់ចៅក្រម គឺជាចេតនាធ្វើបាប និងមិនចង់ឲ្យសកម្មជន ព្រមទាំងប្រជាពលរដ្ឋគាំទ្រលោក គុជ វេង បានស្ដាប់លើដំណើរការកាត់សេចក្ដីសំណុំរឿងនេះ។ ប៉ុន្តែ ចៅក្រមបានបដិសេធរាល់ការចោទប្រកាន់របស់ពលរដ្ឋនេះ ព្រោះការយឺតយ៉ាវ និងលើកពេលសវនាការនេះ គឺស្ថិតក្នុងដំណើរការនីតិវិធីច្បាប់។
ប្រតិកម្មរបស់ប្រជាពលរដ្ឋ និងតំណាងសហគមន៍ព្រៃឈើ គឺធ្វើឡើងនៅបន្ទាប់ពីចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ ប្រកាសលើកពេលសវនាការជំនុំជម្រះរឿងក្ដីតំណាងរបស់ពួកគាត់ នៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៣ ទៅថ្ងៃក្រោយ ដោយមិនកំណត់ពេលវេលាច្បាស់លាស់។ ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា ពួកគាត់នៅតែបន្តលើកគ្នាមកតវ៉ា និងអាចឈានទៅធ្វើការតវ៉ានៅខាងមុខក្រសួងយុត្តិធម៌ ទៀតផង ប្រសិនបើតុលាការមិនព្រមពន្លឿនរឿងក្ដីនេះទេ។
តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ ប៊ិន ប៊ុនធឿន មកពីស្រុកទឹកឈូ ខេត្តកំពត មានប្រសាសន៍ថា ក្រុមប្រជាពលរដ្ឋ និងតំណាងសហគមន៍ មានការខកចិត្តយ៉ាងខ្លាំងចំពោះតុលាការខេត្តពោធិ៍សាត់៖ «អីចឹង យើងខ្ញុំថាធ្វើនេះដោយមិនត្រឹមត្រូវទេ។ អានេះការឆ្លើយបំភ្លៃរបស់តុលាការ ពីព្រោះមុននឹងតុលាការសម្រេចបើកសវនាការកាត់ទោសអ្នកណាមួយ ត្រូវប្រមូលសំណុំឯកសារនោះគ្រប់គ្រាន់ បានដាក់ថ្ងៃបើកសវនាការ។ ហេតុអីបានមកដល់ពេលថ្ងៃបើកសវនាការកែប្រែទៅជាអីចឹងទៅវិញ អីចឹងរឿងនេះដោយអយុត្តិធម៌ហើយ។ អីចឹងយើងទាំងអស់គ្នាមិនទទួលយកបានទេ អីចឹងរឿងនេះប្រហែលកម្លាំងសហគមន៍ទាំងអស់ហ្នឹងមានថ្ងៃខាងមុខនេះបន្តទៀត ក្នុងពេលឆាប់ៗនេះមិនឲ្យថ្ងៃបោះឆ្នោតទេ»។
សាក្សីម្នាក់ក្នុងចំណោមសាក្សី ៥នាក់ ដែលសាលាដំបូងខេត្តពោធិ៍សាត់ ឲ្យចូលខ្លួនទៅបំភ្លឺក្នុងសវនាការ លោក ស៊ុត កុសល មានប្រសាសន៍ថា ក្រុមសហគមន៍មានផលប៉ះពាល់ច្រើនក្នុងការចំណាយពេលវេលា និងប្រាក់កាស ដោយពួកគាត់លក់មាន់ ទា ស្រូវ អង្ករជាច្រើន ដើម្បីបានប្រាក់មកចូលរួម និងចង់ស្ដាប់សវនាការលើសំណុំរឿងលោក គុជ វេង៖ «គម្រោងនេះពួកខ្ញុំមិនទាន់បញ្ចប់ភ្លាមទេ ប្រហែលជាអាចទៅក្រសួងយុត្តិធម៌ ឬក៏រដ្ឋសភា ឬក៏សាលាឧទ្ធរណ៍ទៀត ដើម្បីឲ្យគាត់បានដំណោះស្រាយដល់លោក គុជ វេង ហ្នឹង។ សភាសាកសួរចាំសាលាឧទ្ធរណ៍ពីនោះមកដល់នេះ បានគេកាត់ក្ដីឡើងសវនាការ វាគឺពេលមួយដែលវាអត់មានកំណត់ពេលវេលាច្បាស់ ធ្វើឲ្យប្រជាពលរដ្ឋដែលគាត់ខំអញ្ជើញមកមិនសប្បាយចិត្ត មិនអស់ចិត្ដ»។
ចំណែកឯកូនស្រីបង្កើតរបស់ លោក គុជ វេង កញ្ញា គុជ ពិសា មានប្រសាសន៍ថា កញ្ញាសូមឲ្យតុលាការរកយុត្តិធម៌ជូនឪពុកនាងឲ្យបានឆាប់ ដោយសារតែឪពុករបស់នាងមានជំងឺប្រចាំកាយ ដូចជា ជំងឺក្រពះ និងពោះវៀនដុះខ្នែងជាដើម៖ «ដូចជាគ្រួសារមួយដែលបាត់ភាពកក់ក្ដៅ ហើយវាពិបាកចិត្ដខ្លាំងណាស់នៅពេលដែលគាត់នៅឆ្ងាយពីពួកយើង។ អីចឹងហើយ ម្យ៉ាងទៀតគាត់អត់មានសេរីភាពណាមួយគាត់នៅកំពុងតែមានជំងឺទៀត»។
ឆ្លើយតបនឹងបញ្ហានេះ ចៅក្រមជំនុំជម្រះ លោក ម៉ៅ ស៊ីណា មានប្រសាសន៍ថា ការលើកពេលសវនា គឺមកពីដំណើរការនីតិវិធីច្បាប់ មិនមែនមកពីក្រុមប្រជាពលរដ្ឋឡើងមកតវ៉ាអ្វីនោះទេ។ តុលាការមានភារកិច្ចក្នុងការរកយុត្តិធម៌ជូនទាំងដើមចោទ និងជនដែលគេត្រូវចោទ៖ «បន្ទាប់ពីសភាស៊ើបសម្រេចមានលទ្ធផលពីសភាស៊ើបសួរ ខ្ញុំនឹងដាក់កម្មវិធីច្បាស់លាស់ដូចលោកបានឃើញ ក្រោយពីបិទការស៊ើបសួរ យើងដាក់កម្មវិធីភ្លាមឲ្យបានលឿន ក៏ប៉ុន្តែដោយសារបញ្ហារឿងមេធាវីរបស់ជនជាប់ចោទទេ ដែលគាត់ប្ដឹងនៅសភាស៊ើបសួរ អីចឹងវានីតិវិធីត្រូវសភាស៊ើបសួរសម្រេចសិន»។
ទោះជាយ៉ាងណា មេធាវីការពារក្ដីរបស់ លោក គុជ វេង គឺ លោក ចាន់ សុជាតិ មានប្រសាសន៍ថា លោកនឹងជំរុញទៅសភាស៊ើបសួរ ដើម្បីឲ្យប្រញាប់ប្រញាល់ក្នុងការសម្រេចរឿងក្ដីនេះ ហើយបញ្ជូនមកសាលាដំបូងវិញ៖ «ធម្មតាយើងអាចប្រសិនសភាស៊ើបសួរសម្រេច ហើយយើងអាចឲ្យគាត់ដាក់សវនាការអីចឹងទៅណា ហើយតាមផ្លូវច្បាប់គាត់មានសិទ្ធតែ ៤ខែទេ ចៅក្រមជំនុំជម្រះដាច់ខាត គាត់ត្រូវជម្រះ ហើយគាត់អត់អាចទុករឿងហ្នឹងចោលបានទេ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់តំណាងសហគមន៍ លោក គុជ វេង ត្រូវបានសមត្ថកិច្ច ៤រូប ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅវេលាម៉ោង ៩ និង ២០នាទីព្រឹក និងបានបញ្ជូនទៅដាក់ពន្ធនាគារខេត្តពោធិ៍សាត់។ ការចាប់ខ្លួននេះ គឺយោងតាមអំណាចដីការបស់សាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ តាមបណ្ដឹងព្រហ្មទណ្ឌលេខ៨៥ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ដែលចោទប្រកាន់ពីបទឆបោក។
ប្អូនស្រីបង្កើត លោក គុជ វេង ដែលស្ថិតនៅក្នុងហេតុការណ៍ចាប់ខ្លួននោះ បានបញ្ជាក់ថា ការចាប់ខ្លួនបងប្រុសរបស់នាង គឺធ្វើឡើងក្នុងអំឡុងពេលដែលបងប្រុសរបស់នាងទៅជួបអ្នកភូមិកំពុងមានបញ្ហាដីធ្លីនៅក្នុងចម្ការមួយ ត្រង់ចំណុចដំណាក់ព្រីង នៃភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ មុនដំបូង លោក គុជ វេង មិនព្រមទៅតាមការនាំខ្លួននោះទេ ដោយគាត់សម្អាងថាគ្មានដីកាពីតុលាការ ហើយលោកក៏គ្មានធ្វើអ្វីខុសដែរ ប៉ុន្តែភ្លាមនោះ មានប៉ូលិសម្នាក់ក្នុងចំណោម ៤នាក់ បានប្រាប់ថា ដីកាមាននៅក្នុងឡាន។
លោក គុជ វេង ត្រូវបានចាប់ខ្លួនពីបទឆបោក ដែលប្ដឹងដោយអ្នកស្រី អ៊ុំ ធារី នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយចោទ លោក គុជ វេង ថាបានឆបោកប្រាក់ចំនួន ៤.៥០០ដុល្លារ ជាថ្នូរនឹងការសន្យារកតួនាទីជាប៉ូលិសសក្ដិ២ ឲ្យប្ដីរបស់អ្នកស្រីធ្វើកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១០។
អ្នកស្រី អ៊ុំ ធារី ក៏ធ្លាប់បានបញ្ជាក់ដែរថា លោក គុជ វេង ពិតជាបានទទួលលុយពីគាត់មែន ហើយអ្នកស្រីមានភស្តុតាង និងសាក្សីគ្រប់គ្រាន់ ក៏ប៉ុន្តែអ្នកស្រីមិនទាន់អាចបង្ហាញភស្តុតាង និងសាក្សីនោះបាននៅឡើយទេ។
ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា លោក គុជ វេង គឺជាសកម្មជនការពារដីធ្លី និងធនធានធម្មជាតិយ៉ាងសកម្មម្នាក់នៅស្រុកក្រគរ។ ប្រជាពលរដ្ឋបន្តថា អ្នកដែលហ៊ានចេញមុខការពារដីធ្លី និងព្រៃឈើ គឺជាមុខសញ្ញារបស់អ្នកមានលុយ និងមានអំណាច ក្នុងការធ្វើបាប ដោយយកប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋ ហើយបង្វែរសាច់រឿងដីធ្លីទៅជាបទល្មើសផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។