ពលរដ្ឋ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​ឯករាជ្យ

ការ​បោះ​ឆ្នោត​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ គឺ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ មិន​ថា​មេ​ដឹក​នាំ​ថ្មី ជីវភាព​រស់នៅ និង​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ជាដើម។ ហើយ​អ្វី​ដែល​ជា​កត្តា​រុញ​ច្រាន​ដ៏​ចម្បង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នោះ គឺ​កើត​ចេញ​មក​ពី​ភាព​អយុត្តិធម៌​សង្គម​ជាច្រើន កើត​មាន​នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លង​មក។

0:00 / 0:00

សម្រាប់​នៅ​ក្នុង​អាណត្តិ​ទី៥ នេះ​វិញ ដែល​មាន​គណបក្ស​នយោបាយ​ពីរ​បាន​ជាប់​ឆ្នោត គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​អំពី​លទ្ធផល​បោះ​ឆ្នោត​នៅ​ឡើយ។ ក្រុម​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ចង់​ឲ្យ​រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​ប្រទេស​ឲ្យ​មាន​តម្លាភាព និង​ផ្តល់​យុត្តិធម៌​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​មាន​ការ​បែង​ចែក​រវាង​អ្នក​មាន និង​អ្នក​ក្រ។

ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ គម្លាត​អ្នក​មាន និង​អ្នក​ក្រ​កាន់​តែ​ខ្លាំង គឺ​ជា​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​លើក​ឡើង​ថា តើ​រដ្ឋាភិបាល​ថ្មី​នីតិកាល​ទី៥ នេះ អាច​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អាច​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​បាន​ដែរ​ឬ​ទេ?

ការ​ចោទ​ជា​សំណួរ​បែប​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​បន្ត​របស់​លោក​សម្រាប់​រយៈពេល ៥​ឆ្នាំ​ទៀត​នេះ លោក​នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នៅ​ស្ថាប័ន​រដ្ឋ​ទាំងអស់។

ប្រជាពលរដ្ឋ​មួយ​រូប​នៅ​ខេត្ត​កណ្ដាល ឈ្មោះ ម៉ម អូន មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​ចង់​បាន​ពី​រដ្ឋាភិបាល​ថ្មី​នេះ គឺ​យុត្តិធម៌​សង្គម​មុន​គេ។ បន្ទាប់​មក ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រហាក់ប្រហែល​គ្នា​ក្នុង​សង្គម។ ក៏ប៉ុន្តែ រយៈ​កាល​ដឹក​នាំ​ប្រទេស​របស់ លោក ហ៊ុន សែន ជាង ២០​ឆ្នាំ​កន្លង​មក​នេះ ត្បិត​តែ​មាន​ស្ថិរភាព​នៅ​ក្នុង​សង្គម តែ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ​កាន់​តែ​មាន​ច្រើន។

បុរស​វ័យ​ចំណាស់​មួយ​រូប​ទៀត បាន​រៀប​រាប់​ថា បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​នេះ គឺ​បញ្ហា​ប្រជា​កសិករ​គ្មាន​ទីផ្សារ​លក់​កសិផល រដ្ឋាភិបាល​បើក​ទូលាយ​ឲ្យ​ប្រទេស​ជិត​ខាង​នាំ​ចូល​ផលិត តែ​រដ្ឋាភិបាល​មិន​បាន​ធានា និង​បង្កើត​ទីផ្សារ​សម្រាប់​កសិផល​របស់​កសិករ​ទេ។ ទីផ្សារ​កសិផល​របស់​កសិករ អាស្រ័យ​លើ​ឈ្មួញ​កណ្ដាល​ជា​អ្នក​កំណត់​ថ្លៃ ដូច​ជា ស្រូវ និង​ពោត​ជាដើម។ លោក​បញ្ជាក់​ថា បញ្ហា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ក្រ​ថែម​ទៀត នៅ​ពេល​គ្មាន​ទីផ្សារ​ច្បាស់​លាស់ ពីព្រោះ​ថា ពួក​គាត់​ខ្ចី​បុល​ពី​ធនាគារ​មក​ធ្វើ​ដើម​ទុន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​លោក​ត្រូវ​បាន​សភា​បោះ​ឆ្នោត​ជា​កញ្ចប់​ជា​នាយក​រដ្ឋមន្ត្រី​នីតិកាល​ទី៥ ថា លោក​ធានា​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាង​តិច​បំផុត​ប្រមាណ ៧% នៅ​រយៈពេល​មធ្យម​ខាង​មុខ​នេះ។ លោក ហ៊ុន សែន អះអាង​ថា នៅ​ក្នុង​អាណត្តិ​ទី៥ នេះ លោក​ធានា​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​មធ្យោបាយ​បែង​ចែក​ដីធ្លី ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ និង​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត។

អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា កម្ពុជា អាច​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧% ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​កំណើន​នោះ​នឹង​អាច​ស្ថិត​នៅ​ទ្រឹង ឬ​គ្មាន​ឱកាស​ហក់​ឡើង​ទៅ​ប្រទេស​អភិវឌ្ឍន៍​ឡើយ ប្រសិន​បើ​កម្ពុជា មិន​ធ្វើ​កំណែ​ទម្រង់​លើ​គោល​នយោបាយ​កាត់​បន្ថយ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ រួម​ទាំង​ពង្រឹង​មូលដ្ឋាន​ផលិត ដែល​មិន​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​ទេ​នោះ។

ធនាគារ​ពិភពលោក បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។ អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រមាណ ៨០% មាន​ដី​ធ្វើ​កសិកម្ម​តិច​ជាង ១​ហិកតារ ស្រប​ពេល​ដែល​អ្នក​មាន​អំណាច​ប្រមាណ ២០% មាន​ដី​ច្រើន​ជាង ៥០០​ហិកតារ ដែល​គ្រប់គ្រង​ដី​ផលិត​កសិកម្ម​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជា។

ម្យ៉ាង​វិញ​ទៀត អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​មាន​ច្រើន ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នោះ គឺ​ជា​កត្តា​រុញ​ច្រាន​ដ៏​សំខាន់​មួយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សង្គម។

នៅ​ក្នុង​ចំណោម​មនុស្ស​រាប់​ម៉ឺន​នាក់​មក​ចូល​រួម​ក្នុង​សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី៦ តុលា នោះ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ចូល​រួម​ដោយសារ​ការ​គាំទ្រ​គណបក្ស និង​ស្រឡាញ់​មេ​ដឹក​នាំ​គណបក្ស​នេះ។ តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ចូល​រួម​នេះ ដោយសារ​ពួក​គាត់​ជួប​នូវ​បញ្ហា​អយុត្តិធម៌​ចំពោះ​ក្រុម​គ្រួសារ​គាត់ ហើយ​រំពឹង​ថា គណបក្ស​ប្រឆាំង​អាច​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់។

ស្ត្រី​ជា​អាជីវករ​នៅ​ផ្សារ​កណ្ដាល ឈ្មោះ អ៊ីន បាន​រៀប​រាប់​ថា អ្នកស្រី​មិន​ចង់​រស់​នៅ​ក្នុង​សង្គម​ពោរពេញ​ដោយ​ភាព​អយុត្តិធម៌​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​បោស​សម្អាត​អំពើ​ពុក​រលួយ និង​រៀប​ចំ​ប្រព័ន្ធ​យុត្តិធម៌​មិន​បាន​ទេ​នោះ ប្រជាពលរដ្ឋ​នឹង​ងើប​ប្រឆាំង​រដ្ឋាភិបាល​កាន់​តែ​ខ្លាំង​ថែម​ទៀត។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ដោយ​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើ​ព្រាង​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជ​អាជ្ញា ច្បាប់​ស្ដីពី​ការ​រៀប​ចំ និង​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​ចៅក្រម​ឲ្យ​បាន​នៅ​ក្នុង​អាណត្តិ​នេះ ដើម្បី​ដាក់​ទោស​មន្ត្រី​តុលាការ​ដែល​មិន​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។

អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​សង្គម ពន្យល់​ថា កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ រដ្ឋាភិបាល​នឹង​មិន​អាច​ធ្វើ​បាន​ទៅ​តាម​ការ​សន្យា​នោះ​ទេ ពីព្រោះ​ថា រដ្ឋាភិបាល​បាន​បរាជ័យ​លើ​ការ​សន្យា​របស់​ខ្លួន​ជាច្រើន​ជាមួយ​ម្ចាស់​ឆ្នោត ដូច​ជា​ការ​ធានា​ការ​កាប់​ព្រៃ​ឈើ ។ល។ ផ្ទុយ​ទៅ​វិញ ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ ត្រូវ​ហិនហោច ហើយ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ នៅ​តែ​មាន​ច្រើន ដោយសារ​តែ​រដ្ឋាភិបាល​មិន​មាន​យន្តការ​ច្បាស់​លាស់ និង​អំពើ​ពុក​រលួយ​ជាដើម។

លោក​បញ្ជាក់​ថា គម្លាត​អ្នក​មាន និង​អ្នក​ក្រ​ខុស​គ្នា​ខ្លាំង​នេះ វិបត្តិ​សង្គម​នឹង​កើត​ឡើង​គួបផ្សំ​នឹង​ស្ថានភាព​នយោបាយ​មិន​មាន​ស្ថិរភាព​ល្អ ភាព​ឥត​ការងារ​របស់​យុវជន​កាន់​តែ​ច្រើន​នោះ។

មក​ទល់​ពេល​នេះ ភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​វិភាគ​ពន្យល់​ថា រដ្ឋាភិបាល​ឯក​បក្ស​នេះ ត្រូវ​តែ​ទទួល​យក​លក្ខខណ្ឌ​របស់​គណបក្ស​ប្រឆាំង​ខ្លះ ដើម្បី​យក​ទៅ​ធ្វើ​កំណែ​ទម្រង់​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព ពិសេស​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​អំណាច ពិសេស​ផ្ដល់​ឱកាស​ឲ្យ​គណបក្ស​ប្រឆាំង​មាន​តួនាទី​សំខាន់ៗ​ក្នុង​រដ្ឋសភា ដើម្បី​មាន​សិទ្ធិ​ត្រួត​ពិនិត្យ​មន្ត្រី​រដ្ឋាភិបាល​អសកម្ម ឬ​អសមត្ថភាព​នោះ ដើម្បី​ឲ្យ​កំណែ​ទម្រង់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព និង​ជា​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​នៃ​រដ្ឋាភិបាល​នីតិកាល​ទី៥ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។