ឃុំ​ខ្លួន​ប្រធាន​អង្គការ​កុមារ​កំព្រា​សង្ស័យ​ប៉ះពាល់​កេរ្តិ៍​ភេទ​កុមារ

ដោយ ហង្ស សាវយុត
2013.03.23

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប បាន​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​ប្រធាន​អង្គការ​កុមារ​កំព្រា​ម្នាក់ ដោយ​សង្ស័យ​ថា ប្រធាន​អង្គការ​នោះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​កេរ្តិ៍​ភេទ​កុមារ។

ការ​ស៊ើប​អង្កេត​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជន​បរទេស​មួយ​ចំនួន​ដែល​ជា​ម្ចាស់​មូលនិធិ​ឧបត្ថម្ភ​អង្គការ​នោះ បាន​ទម្លាយ​ចេញ​នូវ​អាថ៌កំបាំង​ឱ្យ​ដឹង។

ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ជា​ប្រធាន​អង្គការ​កុមារ​កំព្រា និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត កាល​ពី​ថ្ងៃ​សៅរ៍ ទី២៣ ខែ​មីនា។

បុរស​ឈ្មោះ ម៉ន សាវុធ ជា​ប្រធាន​អង្គការ​កុមារ​កំព្រា​អប់រំ​អង្គរ (អេអូអ៊ីអូ = AOEO) ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ផ្លូវ​ភេទ​លើ​ក្មេង​ស្រី​មួយ​ចំនួន ដែល​ស្នាក់នៅ​ក្នុង​មណ្ឌល​នោះ។

ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប គឺ​លោក ទី សុវិនថាល់ លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​រក​ឃើញ​ភស្តុតាង​ថា ប្រធាន​អង្គការ​កុមារ​កំព្រា​នោះ​មាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ផ្លូវ​ភេទ​ទៅ​លើ​ក្មេង​ស្រី​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​តាម​រយៈ​ការ​ស៊ើប​អង្កេត​ជា​បឋម គឺ​បាន​រក​ឃើញ​ថា បុរស​នោះ​បាន​ប៉ះពាល់​ដល់​កេរ្តិ៍​ខ្មាស​របស់​ក្មេង​ស្រី​មួយ​ចំនួន។

លោក ទី សុវិនថាល់៖ «ខ្ញុំ​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ទៅ វា​ចូល​ដូច​គេ​រាយការណ៍​ក្នុង​អង្គហេតុ​អីចឹង​មែន គឺ​បាន​ត្រឹម​តែ​យក​ក្មេងៗ​ដេក​ជាមួយ អោប​ប្រឡែង​លេង​តែ​ប៉ុណ្ណោះ ហើយ​ព័ត៌មាន​បន្ថែម​ថា​មាន​ប៉ះពាល់​ដល់​កេរ្តិ៍​ខ្មាស ប៉ុន្តែ​រឿង​ដែល​ថា​រំលោភ​ផ្លូវ​ភេទ​នោះ វា​មិន​ទាន់​រក​ឃើញ​ទេ។ អយ្យការ​ចោទ​ប្រកាន់​ត្រឹម​ប្រទូស្ត​កេរ្តិ៍​ខ្មាស ប្រសិន​ទៅ​ដល់​ចៅក្រម​រក​ទៅ​ឃើញ​បទ​រំលោភ​ផ្លូវ​ភេទ​នោះ យើង​នឹង​បន្ថែម​មួយ​បទ​ទៀត»

ទោះ​យ៉ាង​ណា លោក ម៉ន សាវុធ ជា​ប្រធាន​អង្គការ​កុមារ​កំព្រា​អប់រំ​អង្គរ បាន​បដិសេធន៍​យ៉ាង​ខ្លី​នៅ​ក្នុង​ពេល​ចាប់​ខ្លួន​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ទេ។

ព័ត៌មាន​ចុង​ក្រោយ ឱ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស​នោះ​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ហើយ។

អ្នកស្រី ឈុយ វ៉ាន់ថា ជា​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​ជាមួយ​នឹង​អង្គការ​ជា​ដៃគូ​មួយ​ចំនួន​ទៀត បាន​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ​រយៈពេល ២​សប្ដាហ៍​មក​ហើយ។ ក្នុង​ការ​ស៊ើប​អង្កេត គេ​បាន​រក​ឃើញ​ថា ប្រធាន​អង្គការ​កុមារ​កំព្រា​រូប​នោះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​កេរ្តិ៍​ភេទ​ទៅ​លើ​ក្មេង​ស្រី​ចំនួន ២​នាក់ ដែល​ធ្លាប់​ស្នាក់​នៅ​ក្នុង​មណ្ឌល។

អ្នកស្រី ឈុយ វ៉ាន់ថា៖ «ខ្ញុំ​បាន​សម្ភាស​សាក្សី​ខ្លះៗ​តាំង​ពី​ម្ចាស់​ជំនួយ គាត់​បាន​និយាយ​ថា ប្រធាន​មណ្ឌល​ហ្នឹង​គាត់​បាន​អនុញ្ញាត​ឱ្យ​ក្មេងៗ​ស្រី​ចេញ​ចូល​បន្ទប់​គាត់​ដោយ​សេរី ទៅ​ដេក​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​ជាមួយ​នឹង​គាត់​អីចឹង។ ហើយ​ទៅ ពួក​គាត់​បាន​រិះគន់​ចំពោះ​សកម្មភាព​ហ្នឹង​ដែរ ប៉ុន្តែ​ប្រធាន​មណ្ឌល​ហ្នឹង​គាត់​មិន​ធ្វើ​តាម​ទេ ហើយ​រហូត​ដល់​ពួក​ម្ចាស់​ជំនួយ​គាត់​ព្រមាន​ថា បើ​សិន​ជា​អ្នក​ឯង​នៅ​តែ​ឱ្យ​ក្មេង​ទៅ​ដេក​ជាមួយ​អីចឹង​ទៀត ប្រយ័ត្ន​ប៉ូលិស​ចាប់ ប៉ុន្តែ​គាត់​នៅ​តែ​មិន​ព្រម​កែប្រែ»

ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ជា​បុគ្គលិក​របស់​អង្គការ​កុមារ​កំព្រា​អប់រំ​អង្គរ ហើយ​បាន​លា​ឈប់​ពី​ការងារ​កាល​ពី​ខែ​មុន បាន​ឱ្យ​ដឹង​ថា កាល​ពី​គាត់​ធ្វើ​ការ​នៅ​ទីនោះ គាត់​ធ្លាប់​ឃើញ​ក្មេង ២​នាក់ តែង​តែ​ចូល​ទៅ​ក្នុង​បន្ទប់​គេង​ជាមួយ​ប្រធាន​អង្គការ​នោះ ក៏ប៉ុន្តែ​រឿង​រំលោភ ឬ​ក៏​បៀតបៀន​កេរ្តិ៍​ភេទ​អ្វី​ផ្សេង​ទៀត គឺ​នាង​មិន​បាន​ដឹង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។