លោក ជុន ជីម ប្រជាពលរដ្ឋរស់នៅភូមិទួលខ្លុង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល បានអោយដឹងនៅថ្ងៃទី២៧ សីហា ថា កាលពីរាត្រីថ្ងៃទី២៤ សីហា មានមនុស្សមួយក្រុមសង្ស័យថា ចោរដែលមានគ្នាប្រហែលជា ២ ទៅ ៣នាក់ ហើយក្នុងនោះមានម្នាក់បានលបចូលក្នុងផ្ទះរបស់លោក ដើម្បីលួចយកទ្រព្យសម្បត្តិ ចំណែកប៉ុន្មាននាក់ផ្សេងទៀត រង់ចាំនៅខាងក្រៅផ្ទះ។
លោកបន្តថា នៅពេលកំពុងធ្វើសកម្មភាពលួចនោះ ក្រុមគ្រួសាររបស់លោកបានដឹងទាន់ ហើយក៏បានស្រែកឆោឡោឡើងអោយអ្នកស្រុកជួយ ហើយអ្នកខ្លះទៀតក៏បានទូរស័ព្ទអោយប៉ូលិស ដើម្បីមកធ្វើអន្តរាគមន៍ចាប់ជនសង្ស័យ ក្រោយមកជនសង្ស័យ ក៏ត្រូវបានប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលព្រេច ចាប់ខ្លួន ហើយប៉ូលិសក៏បានបញ្ជូនខ្លួនជនសង្ស័យរូបនោះ បន្តទៅអធិការនគរបាលស្រុកអង្គស្នួល នៅថ្ងៃទី២៥ សីហា៖ «ចោរចាប់បានតែម្នាក់ទេ តែគ្រាន់តែគ្នាវានៅក្រោមនោះ មកទាត់ទ្វារអាផ្ទះក្រោមនោះបីជើងក្ដាំងៗ»។
លោក ជុន ជីម បន្ថែមថា បន្ទាប់ពីជនសង្ស័យត្រូវបានចាប់ខ្លួន លោកបានធ្វើពាក្យបណ្ដឹងដាក់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលព្រេច នៅថ្ងៃទី២៥ សីហា តែស្រាប់តែនៅថ្ងៃទី២៦ សីហា ជនសង្ស័យត្រូវបានប៉ូលិសនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វើការដោះលែង ដោយលោកជាម្ចាស់បណ្ដឹងពុំបានដឹងអ្វីបន្តិចសោះ។ លោក ជុន ជីម និយាយថា សព្វថ្ងៃ ជនសង្ស័យថាចោរ កំពុងមានសេរីភាពធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង។ លោកថា ជនសង្ស័យឈ្មោះ ផេង សា អាយុ ២២ឆ្នាំ សព្វថ្ងៃរស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។
លោក ជុន ជីម បានចោទថា មន្ត្រីប៉ូលិសស្រុកអង្គស្នួល បានទទួលយកលុយពីសាច់ញាតិជនល្មើស ជាថ្នូរនឹងការដោះលែងជនល្មើសនោះអោយមានសេរីភាព៖ «ចោរហ្នឹងគេដោះលែងមកវិញហើយ ព្រឹកមិញខ្ញុំជួបឪចោរហ្នឹង គាត់បានយកលុយទៅអោយគេអស់ ១០០»។
លោក ជុន ជីម និយាយថា ក្រោយការដោះលែងជនសង្ស័យអោយមានសេរីភាព មន្ត្រីប៉ូលិសស្រុកអង្គស្នួល បានស្នើអោយលោកទៅដកពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដោយលើកហេតុផលថា វាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ តែ លោក ជុន ជីម មិនព្រមធ្វើតាមការណែនាំរបស់មន្ត្រីប៉ូលិសរូបនោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលព្រេច លោក ឃួន ខេង ដើម្បីសុំការពន្យល់បន្ថែមជុំវិញរឿងនេះបានទេ។
វិទ្យុអាស៊ីសេរី បានទាក់ទងមន្ត្រីប៉ូលិសដែល លោក ជុន ជីម អះអាងថា ជាអ្នកស្នើអោយលោកទៅដកពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល តែមន្ត្រីប៉ូលិសរូបនេះនិយាយថា គាត់មិនមែនជាអ្នកកាន់សំណុំរឿងនេះទេ ហើយអោយទៅទាក់ទងអធិការនគរបាលស្រុកអង្គស្នួល លោក មាន សំណាង វិញ។
វិទ្យុអាស៊ីសេរី បានទាក់ទងអធិការនគរបាលស្រុកអង្គស្នួល លោក មាន សំណាង ដើម្បីសុំការបកស្រាយចំពោះការដោះលែងជនសង្ស័យអោយមានសេរីភាពឡើងវិញ ដោយពុំទាន់មានចំណាត់ការផ្លូវច្បាប់ និងអោយលោកបកស្រាយចំពោះការចោទប្រកាន់ ដែលថា ខាងមន្ត្រីរបស់លោកទទួលយកសំណូកចំនួន ១០០ដុល្លារ ពីឪពុករបស់ជនល្មើស ជាថ្នូរនឹងការដោះលែង។ តែ លោក មាន សំណាង មិនបានអត្ថាធិប្បាយអោយបានក្បោះក្បាយទេ ដោយលោកនិយាយថា លោកបានបញ្ជូនរឿងនេះបន្តទៅការិយាល័យជំនាញខេត្តកណ្ដាល រួចហើយ ហើយក៏បិទទូរស័ព្ទតែម្តង។
លោក ជុន ជីម ដែលជាដើមបណ្ដឹង បាននិយាយថា បន្ទាប់ពីជនល្មើសត្រូវបានប៉ូលិសដោះលែងអោយមានសេរីភាព ដោយពុំឆ្លងកាត់ចំណាត់ការតាមផ្លូវច្បាប់អោយបានត្រឹមត្រូវ បានធ្វើអោយពលរដ្ឋក្នុងភូមិមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអសន្តិសុខក្នុងសហគមន៍។ លោកថា លោក និងពលរដ្ឋក្នុងភូមិ ប្រហែលជានឹងផ្ដិតមេដៃ ដើម្បីដាក់ពាក្យបណ្ដឹងទៅអោយអង្គការក្រៅរដ្ឋាភិបាល ដូចជា អង្គការអាដហុក (Adhoc) ដើម្បីអោយអង្គការនេះជួយធ្វើការទាមទារជំនួសពួកលោក ព្រោះលោកថា លោក និងពលរដ្ឋ មិនទុកចិត្តចំពោះចំណាត់ការរបស់អាជ្ញាធរទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។