តុលាការ​ចេញ​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​លោក ម៉ន ផល្លា

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ចេញ​ដីកា​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ដីកា​បញ្ជា​ចុះ​ថ្ងៃ​ទី​៧ សីហា បញ្ជាក់​ថា ការ​នាំ​ខ្លួន​ទៅ​នគរបាល​ខណ្ឌ​មានជ័យ នេះ គឺ​ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា។

ករណី​ហិង្សា​នេះ គឺ​ទាក់ទង​នឹង​ជម្លោះ​វាយ​ដំ​ទាត់​ធាក់​លើ​យុវជន​ម្នាក់​នៅ​ខណ្ឌ​មានជ័យ ជិះ​ម៉ូតូ​កាត់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​ហែ​ក្បួន​ឃោសនា​កាត់​ទីនោះ​កាល​ពី​ចុង​ខែ​ឧសភា។

យុវជន​ដែល​រង​ការ​វាយ​ដំ​នោះ បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ថ្ងៃ​បន្ទាប់​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ អំពី​របួស​ខ្លួន។

អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៩ សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។