សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើករណីឆបោកទឹកប្រាក់ ១លានដុល្លាររបស់អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) និងបុរសសញ្ជាតិអាមេរិក ៣នាក់ផ្សេងទៀត នៅថ្ងៃទី៤ ខែកក្កដា ខាងមុខនេះ។
អ្នកនាំពាក្យនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា អោយវិទ្យុអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី១ ខែកក្កដា ថា នឹងមានសវនាការក្នុងសំណុំរឿងឆបោកលើជនជាប់ចោទ ៤រូប ដែលក្នុងនោះគឺលោក ស៊ីវ ស៊ីចាន់ សញ្ជាតិខ្មែរ-អាមេរិកាំង និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិក នៅអង្គការសហប្រជាជាតិ។ លោកក៏ជាអ្នកនិពន្ធសៀវភៅមួយដែលមានចំណងជើងថា "ឆ្អឹងមាស" (Golden Bones) ដែលសរសេរផ្អែកលើប្រវត្តិផ្ទាល់ខ្លួនរបស់លោកដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម។
ដើមបណ្ដឹងលើករណីឆបោកនេះ គឺលោកស្រី អេង លីគង់ ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការចោទប្រកាន់អ្នកទាំងនេះ ពីបទឆបោកដោយសារជនសង្ស័យថា បានបង្កើតគម្រោងឆបោកដោយអះអាងថា ពួកគេបានបង្កើតក្រុមហ៊ុនកសិកម្មទិញអង្ករពីកម្ពុជា ឈ្មោះថា អាក្រា (Akra) ប៉ុន្តែឈ្មោះក្រុមហ៊ុននេះមិនបានចុះបញ្ជីនៅសហរដ្ឋអាមេរិក ឡើយ គឺជាក្រុមហ៊ុនមានតែឈ្មោះតែប៉ុណ្ណោះ៕
ណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
