អង្គការ​សិទ្ធិ​មនុស្ស​ជួយ​​សហគមន៍​ការពារ​ព្រៃ​ឈើ​ប្ដឹង​ព្រះរាជអាជ្ញា​រង​ខេត្ត​ព្រះវិហារ

0:00 / 0:00

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ បាន​បញ្ជា​ទៅ​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន និង​កម្លាំង​ប៉ូលិស​ស្រុក​រវៀង មួយ​ចំនួន ឱ្យ​ចុះ​ទៅ​រុះរើ​ទីស្នាក់ការ​របស់​សហគមន៍​ការពារ​ព្រៃឈើ​នៅ​បឹង​ទន្លេម្រេច ក្នុង​ឃុំ​រមណី។ ក្នុង​គ្រា​ប្រតិបត្តិការ​រុះរើ​ទីស្នាក់ការ​របស់​សហគមន៍​ព្រៃឈើ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ប្រជាពលរដ្ឋ ​និង​មន្ត្រី​បរិស្ថាន ហើយ​ក្រុម​សមត្ថកិច្ច​បាន​ចាប់​ដក​ហូត​យក​ទូរស័ព្ទ​ដៃ​ពី​អ្នក​ភូមិ​ខ្លះ និង​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​របួស។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ កំពុង​រង់ចាំ​ជួយ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បឹង​ទន្លេម្រេច នៃ​ភូមិ​អូរពោធិ ឃុំ​រមណី ស្រុក​រវៀង ក្នុង​ការ​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​អគ្គព្រះរាជអាជ្ញា ដើម្បី​ប្រឆាំង​នឹង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​នៃ​ខេត្ត​នេះ​ម្នាក់។

ការ​គ្រោង​ធ្វើ​ពាក្យ​ប្ដឹង​ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ ម្នាក់​នោះ បន្ទាប់ពី​គេ​ដឹង​ថា គាត់​បាន​បញ្ជា​ឱ្យ​កម្លាំង​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន និង​ប៉ូលិស​មួយ​ចំនួន​ចុះ​ទៅ​រុះរើ​ទីស្នាក់ការ​របស់​សហគមន៍​ការពារ​ព្រៃឈើ ចោល​ដោយ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា កន្លង​ទៅ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ឡុង ស៊ីថា បាន​បញ្ជា​ឱ្យ​កម្លាំង​បរិស្ថាន និង​ប៉ូលិស​ខ្លះ ទៅ​រុះរើ​ទីស្នាក់ការ​របស់​សហគមន៍​ការពារ​ព្រៃ​ឈើ​បឹង​ទន្លេ​ម្រេច​ចោល ដោយ​ប្រើ​អំណាច​បំពាន។

លោក ឡោ ចាន់ បញ្ជាក់​ទៀត​ថា ក្នុង​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​រុះរើ​ទីស្នាក់ការ​សហគមន៍​ការពារ​ព្រៃ​ឈើ​នោះ គឺ​មាន​ការ​ប្រទូសរ៉ាយ​គ្នា​រវាង​សមត្ថកិច្ច និង​សហគមន៍ បណ្ដាល​ឱ្យ​មាន​ការ​វាយ​តប់​លើ​រាងកាយ ព្រម​ទាំង​ចាប់​យក​ទូរស័ព្ទ​ដៃ​ខ្លះ​ពី​ប្រជា​សហគមន៍​ផង។ ក្រៅ​ពី​នោះ មាន​អ្នក​ភូមិ​ខ្លះ​បាន​រត់​គេច​ចេញ​ពី​ផ្ទះ​ជា​ច្រើន​ម៉ោង ដោយសារ​តែ​ភ័យ​ខ្លាច​អាជ្ញាធរ​តាម​ចាប់​ខ្លួន។

លោក ឡោ ចាន់ រិះគន់​ថា កន្លង​ទៅ​នៅ​ពេល​ដែល​ក្រុមហ៊ុន ឬ​ក៏​សមត្ថកិច្ច​ប្ដឹង​ចោទ​ប្រកាន់​សហគមន៍​ការពារ​ព្រៃឈើ ឬ​សហគមន៍​ដីធ្លី​ជាដើម គឺ​ព្រះរាជអាជ្ញា​រង លោក ឡុង ស៊ីថា តែងតែ​ចុះ​ដឹកនាំ​កម្លាំង​ទៅ​បង្ក្រាប​ការ​តវ៉ា ឬ​ក៏​រុះរើ​សំណង់​ចោល​ជាដើម។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​សហគមន៍​ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន​វិញ ព្រះរាជអាជ្ញា​រង​ដដែល​តែង​តម្កល់​រឿង​ទុក​អត់​ចាត់ការ ដែល​ជា​ភាព​ខុស​ប្រក្រតី​នៃ​ការ​អនុវត្ត​ច្បាប់៖ «ខ្ញុំ​បាន​ប្រាប់​សហគមន៍​ហើយ​ថា ឱ្យ​ពួកគាត់​ដាក់​សំណើ​មក​ខាង​ខ្ញុំ គឺ​ខ្ញុំ​នឹង​ជួយ​រៀបចំ​បណ្ដឹង​ដើម្បី​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដាក់​ទៅ​អគ្គព្រះរាជអាជ្ញា និង​ដាក់​ទៅ​រដ្ឋ​សភា​ដើម្បី​ឱ្យ​ពិនិត្យ​ករណី​ហ្នឹង​ឡើង​វិញ»

សហគមន៍​ការពារ​ព្រៃឈើ​បឹង​ទន្លេ​ម្រេច ក៏​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បញ្ជា​ឱ្យ​រុះរើ​ទីស្នាក់ការ​ការពារ​ព្រៃឈើ​នោះ​ដែរ។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​បឹង​ទន្លេ​ម្រេច​ម្នាក់ ក្នុង​ចំណោម​ជា​ច្រើន​ទៀត គឺ​លោក ហួន គាណូ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា កន្លង​ទៅ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ បាន​បញ្ជា​កម្លាំង​បរិស្ថាន​និង​ប៉ូលិស​ឱ្យ​ទៅ​រុះរើ​ទីស្នាក់ការ​ការពារ​ព្រៃឈើ​របស់​សហគមន៍​ចោល។

លោក ហួន គាណូ បញ្ជាក់​ទៀត​ថា ក្នុង​ពេល​អនុវត្ត​ការ​រុះរើ​នោះ គឺ​កម្លាំង​សមត្ថកិច្ច​បាន​ធាក់ ទាត់​បុរស​ចំណាស់​ម្នាក់​ឱ្យ​របួស នៅ​ពេល​ដែល​កម្លាំង​សហគមន៍ និង​សមត្ថកិច្ច​ប្រទូសរ៉ាយ​គ្នា៖ «ព្រះរាជអាជ្ញា​បញ្ជា​ឱ្យ​កម្លាំង​បរិស្ថាន​ប៉ូលិស​មក​រុះរើ​ដឹក​ទៅ​អស់ ទាំង​អា​ចាស់​មុន​ដែល​គេ​កាប់​ចោល​និង​អា​ថ្មី​មួយ​ទៀត»

​ក៏ប៉ុន្តែ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ឡុង ស៊ីថា បាន​ឆ្លើយ​តប​ថា លោក​មិន​បាន​ធ្វើ​អ្វី​ដែល​ប្រាសចាក​ពី​ប្រព័ន្ធ​យុត្តិធម៌​និង​ផ្លូវ​ច្បាប់​ទេ។

លោក ឡុង ស៊ីថា បញ្ជាក់​ថា មូលហេតុ​ដែល​លោក​បញ្ជា​ឱ្យ​រុះរើ​ទីស្នាក់ការ​ការពារ​ព្រៃឈើ​នៃ​សហគមន៍​បឹង​ទន្លេ​ម្រេច​នោះ បន្ទាប់​ពី​ប្រធាន​សហគមន៍​ប្ដឹង​ទៅ​រូប​លោក​និង​អាជ្ញាធរ​ខេត្ត ថា​មាន​មនុស្ស​មួយ​ចំនួន​បាន​ទៅ​សាងសង់​ខុស​ច្បាប់​នៅ​ក្នុង​ដី​សហគមន៍។ ក្រុម​អ្នក​ទៅ​សង់​ទីស្នាក់ការ​នោះ គឺ​ធ្វើ​សកម្មភាព​មិន​ប្រាប់​ទៅ​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ ដែល​អាជ្ញាធរ​ទទួល​ស្គាល់​នោះ​ឡើយ៖ «គាត់​ប្ដឹង​ថា គាត់​ហ្នឹង​ជា​សហគមន៍​ទន្លេ​ម្រេច ប៉ុន្តែ​ប្រធាន​សហគមន៍​អត់​បាន​ដឹង​ថា តើ​ក្រុម​នោះ​ទៅ​កាប់​បំផ្លាញ ឬ​ក៏​ធ្វើ​ផ្ទះ​នៅ​ទី​នោះ គឺ​ប្រធាន​អត់​ដឹង​ទេ»

រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ សហគមន៍​ទន្លេ​ម្រេច​បាន​ប្រឈមមុខ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ជា​ញឹកញាប់ ចាប់​តាំង​ពី​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ​មក។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ ក្រុម​ប្រជាពលរដ្ឋ​ចំនួន ១៣០​នាក់ ធ្លាប់​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ម្ដង​មក​ហើយ ដោយសារ​តែ​មន្ត្រី​បរិស្ថាន និង​ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​ម្នាក់ នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​រារាំង​អ្នក​ភូមិ​មិន​ឱ្យ​សង់​លំនៅឋាន ៩​ខ្នង នៅ​ទល់​មុខ​គ្នា​នឹង​ក្រុមហ៊ុន ទ្រី ភាព។ តំណាង​សហគមន៍​ទន្លេ​ម្រេច​ធ្លាប់​អះអាង​ថា ក្រុមហ៊ុន​ដី​សម្បទាន​របស់​លោក​ឧកញ៉ា ទ្រី ភាព ចេះ​តែ​រំកិល​ចូល​ទៅ​ក្នុង​ដែនដី​សហគមន៍​បន្តិច​ម្ដងៗ ហើយ​នៅ​ពេល​សហគមន៍​ព្រៃឈើ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ និង​តុលាការ គឺ​មិន​ដែល​ឃើញ​មាន​ការ​ដោះស្រាយ​ទេ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ប្រជា​សហគមន៍​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី ក៏​ទៅ​សង់ផ្ទះ​ការពារ បែរ​ជា​មន្ត្រី​ដឹកនាំ​សមត្ថកិច្ច​ចុះ​អនុវត្ត​ការ​បណ្ដេញ​ចេញ និង​ចាប់​ខ្លួន​អ្នក​ភូមិ​ទៅ​វិញ។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៥ កន្លង​ទៅ សហគមន៍​ទន្លេ​ម្រេច ក៏​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​ប្រធាន​ទីស្នាក់ការ​បរិស្ថាន ពី​បទ​យក​ម៉ាស៊ីន​ទៅ​កាត់​បំផ្លាញ​ទីស្នាក់ការ​របស់​ពួកគេ​ដែរ ប៉ុន្តែ​តុលាការ​ហាក់​មិន​មាន​ចំណាត់​ការ​អ្វី​ទេ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ឱ្យ​ដឹង​ថា ការ​ដែល​តុលាការ​បញ្ជា​ឱ្យ​សមត្ថកិច្ច​រុះរើ​ទីស្នាក់ការ​សហគមន៍​ការពារ​ព្រៃឈើ​ចោល​នោះ គឺ​មិន​សមស្រប​ទៅ​តាម​នីតិវិធី​ទេ ពីព្រោះ​លោក​ដឹង​ថា កន្លង​ទៅ​អាជ្ញាធរ​បាន​ប្រកាស​ប្រគល់​ព្រៃ​នោះ​ទៅ​ឱ្យ​សហគមន៍​ការពារ​រួច​ហើយ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន ទ្រី ភាព ចូល​ទៅ​កាន់កាប់​ដី​សម្បទាន​ក្បែរ​នោះ បែរ​ជា​សមត្ថកិច្ច ឬ​ក៏​អ្នក​អភិរក្ស​ព្រៃឈើ​មិន​ជួយ​ការពារ​សហគមន៍​ទេ ដោយ​ជួយ​ការពារ​ក្រុមហ៊ុន​ទៅ​វិញ៖ «យើង​មើល​ឃើញ​ថា សហគមន៍​គាត់​មាន​ការ​ភ័យ​ខ្លាច​បាត់បង់​ព្រៃ​សហគមន៍​របស់​គាត់ ដូច្នេះ​គាត់​ចេះ​តែ​ខំ​វាតទី​កន្លែង ឬ​ក៏​ការពារ​ព្រៃ ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​សមត្ថកិច្ច​ទៅ​វិញ»

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​បឹង​ទន្លេ​ម្រេច នៅ​តែ​បង្ហាញ​ជំហរ​ថា ពួកគេ​នៅ​តែ​ព្យាយាម​ធ្វើ​ពាក្យ​បណ្ដឹង​ដើម្បី​ការពារ​ព្រៃឈើ​ទីនោះ ក៏ប៉ុន្តែ​គេ​មិន​មាន​សង្ឃឹម​ថា អាច​មាន​យុត្តិធម៌​ឡើយ ពីព្រោះ​ជា​ច្រើន​លើក​មក​ហើយ គេ​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន ទ្រី ភាព និង​ប្ដឹង​ប្រឆាំង​មន្ត្រី​បរិស្ថាន​ផង ក៏​ប៉ុន្តែ​រាល់​ការ​ប្ដឹង​នោះ មិន​បាន​ទទួល​យុត្តិធម៌​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។