ក្រុមសហជីពកម្មករក្នុងវិស័យកាត់ដេរ និងសំណង់ អតីតអ្នកបើកបរឲ្យក្រុមហ៊ុនដឹកជញ្ជូនកាពីតូល (CAPITOL) និងក្រុមគ្រួសារអ្នកជាប់ឃុំ ដែលមានចំនួនសរុបប្រមាណ ៣០០នាក់ នាំគ្នាតវ៉ានៅខាងមុខពន្ធនាគារព្រៃស និងនៅខាងមុខតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ។ ពួកគេទាមទារឲ្យតុលាការ ពិចារណាដោះលែងអតីតអ្នកបើកបររថយន្តក្រុងកាពីតូល ពីរនាក់ឲ្យមានសេរីភាព និងស្វែងរកយុត្តិធម៌សម្រាប់អ្នកដែលរងរបួស ស្របពេលសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចច្រានចោលសំណើសុំនៅឃុំរបស់អ្នកទាំងពីរ។
សំឡេងស្រែកតវ៉ានៅខាងមុខតុលាការ៖ «សូមសំពះអង្វរតុលាការ សូមតុលាការដោះលែងអ្នកទាំងពីរមកវិញមក...»។
អតីតអ្នកបើកបររថយន្តក្រុងកាពីតូល ទាំង ២នាក់ ដែលក្រុមអ្នកតវ៉ាទាមទារឲ្យដោះលែងនោះមាន លោក រស់ ស៊ីផៃ និងលោក នន វណ្ណា។ អ្នកទាំងពីរ ត្រូវបានគេបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៨ ខែកុម្ភៈ។
នៅរសៀលថ្ងៃទី២៣ កុម្ភៈ ដែលពួកគេកំពុងតវ៉ានេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក៏កំពុងសាកសួរជាថ្មីទៀតចំពោះអតីតអ្នកបើកបរឡានក្រុងម្នាក់ក្នុងចំណោមពីរនាក់ គឺលោក នន វណ្ណា។
នៅមុនពេលពួកគេទៅតវ៉ានៅខាងមុខសាលាដំបូងនេះ គឺនៅពេលព្រឹក ពួកគេបានទៅតវ៉ានៅខាងមុខពន្ធនាគារព្រៃស។
ក្រុមគ្រួសារអ្នកជាប់ឃុំ ក៏បានស្រែកទាមទារឲ្យអ្នកទាំង ២នាក់បាននៅក្រៅឃុំ ក្រោយចេញពីសួរសុខទុក្ខអ្នកទាំងពីរក្នុងពន្ធនាគារនៅព្រឹកថ្ងៃដដែលនេះ។
ម្ដាយរបស់ លោក នន វណ្ណា លោកស្រី អ៊ឹម សុខុម បានអំពាវនាវឲ្យតុលាការ ដោះលែងកូនប្រុសឲ្យមានសេរីភាព៖ « កូនខ្ញុំរងគ្រោះដោយអយុត្តិធម៌ កូនខ្ញុំតៃកុងឡាន កម្មករ កូនកសិករ រកស៊ីចិញ្ចឹមជីវិតដោយសុចរិតទៀងត្រង់។ ហេតុអ្វីកូនខ្ញុំត្រូវជាប់ឃុំដោយអយុត្តិធម៌ចឹង »។
ចំណែកម្ដាយរបស់ លោក រស់ ស៊ីផៃ គឺលោកស្រី សួន រី។ លោកស្រីបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ដោះស្រាយករណីនេះ៖ « ហួសចិត្តពេកអាណិតកូន។ សូមឲ្យអង្គការជួយ និងរដ្ឋាភិបាលគ្រប់ស្ថាប័នទាំងអស់ ជួយកូនខ្ញុំឲ្យឆាប់រួចផុតផង »។
លោក រស់ ស៊ីផៃ និងលោក នន វណ្ណា ត្រូវបានចោទប្រកាន់ចំនួន ៣បទល្មើស តាមក្រមព្រហ្មទណ្ឌ និងច្បាប់ចរាចរណ៍ គឺទី១ បង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ ទី២ ប្រឆាំងអ្នករាជការ មានស្ថានទម្ងន់ទោស និងបទចោទទី៣ បង្កឧបសគ្គរារាំងដល់សណ្ដាប់ធ្នាប់សាធារណៈ។
ប្រធានសហភាពការងារកម្ពុជា ហៅកាត់ថា ស៊ី.អិល.ស៊ី (CLC) លោក អាត់ ធន់ ថ្លែងថា ការចោទប្រកាន់លើអតីតអ្នកបើកបរឡានក្រុងទាំងពីររូប គឺជារឿងអយុត្តិធម៌៖ « វាសនាអនាគតរបស់គាត់សង្ឃឹមលើអី ? បើសិនជាសង្គមទាំងមូលមិនអាចរកយុត្តិធម៌ឲ្យគាត់បាន។ យើងមើលអំពើហិង្សាកណ្ដាលរាជធានីភ្នំពេញ មិនអាចចាប់ជនល្មើសបាន។ ជនល្មើសកាន់ដំបងដែក បំពង់ទីប រូបថតវីដេអូបង្ហោះគ្រប់មួយប្រទេស មិនអាចចាប់ជនល្មើសបាន។ តើយុត្តិធម៌កន្លែងណា ? មិនត្រឹមតែប៉ុណ្ណោះ គឺមន្ត្រីតុលាការ ចោទប្រកាន់ដោយមិនបានចុះស៊ើបអង្កេតឲ្យបានច្បាស់លាស់ »។
មន្ត្រីការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ដើម្បីរកឃើញយុត្តិធម៌ក្នុងសំណុំរឿងនេះ តុលាការត្រូវតែសាកសួរគ្រប់ភាគីពាក់ព័ន្ធ៖ « យើងត្រូវតែស្វែងរកនរណាជាអ្នកបង្កអំពើហិង្សា ? នរណាខ្លះដែលពាក់ព័ន្ធនឹងអំពើហិង្សា ? ត្រូវតែធ្វើការស៊ើបអង្កេត ហើយស្វែងរកចាប់ជនដៃដល់ទាំងអស់ហ្នឹងយកទៅផ្ដន្ទាទោសតាមច្បាប់ ហើយដោះលែងជនរងគ្រោះ »។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃដដែលនេះ បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់អ្នកជាប់ឃុំទាំងពីរនាក់។ ករណីនេះ មេធាវីការពារក្ដី នឹងបន្តទៅដាក់ពាក្យបណ្ដឹងទាស់ទៅសាលាឧទ្ធរណ៍ទៀតពីសំណើសុំនៅក្រៅឃុំនេះ។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានទេនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ។
ក្រុមអ្នកតវ៉ា បានរំសាយទៅវិញបន្ទាប់ពីស្រែកទាមទាររយៈពេលជាង ២ម៉ោង។ រីឯអតីតអ្នកបើកបរឡានក្រុង លោក នន វណ្ណា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ។
អតីតអ្នកបើកបររថយន្តក្រុងកាពីតូល បានតវ៉ាប្រមាណ ២ខែមកហើយ បន្ទាប់ពីថៅកែបញ្ឈប់អ្នកបើកបររថយន្តក្រុង ៤៥នាក់ ដោយចោទពីបទរំលោភកិច្ចសន្យាការងារជាមួយក្រុមហ៊ុន រំលោភបទបញ្ជាផ្ទៃក្នុងដែលបានលួចកិបកេងទ្រព្យសម្បត្តិក្រុមហ៊ុន និងរំលោភច្បាប់ការងារ។ ករណីអំពើហិង្សាកើតឡើងក្នុងពេលតវ៉ាកាលពីថ្ងៃទី៦ ខែកុម្ភៈ។
ក្រុមអ្នកតវ៉ា បានចោទប្រកាន់ថា អំពើហិង្សានោះផ្ដើមដោយសមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.ឌី.អេ (CCDA) ប៉ុន្តែត្រូវប្រធានសមាគមនេះបដិសេធ។ ក្រុមអ្នកតវ៉ាអះអាងថា អំពើហិង្សានេះបណ្ដាលឲ្យមនុស្សចំនួន ១៤នាក់រងរបួស រួមមានអតីតអ្នកបើកបររថយន្តក្រុង និងអ្នកគាំទ្រជាច្រើននាក់ អ្នកឃ្លាំមើលសិទ្ធិមនុស្សម្នាក់ និងមន្ត្រីនគរបាលម្នាក់ ដែលពួកគេខ្លះបានរបួសបាក់ដៃ និងច្រើននាក់ផ្សេងទៀតរងរបួសមុខ និងក្បាល។ ចំណែកប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោក ឯ សុភាស់ អះអាងថា អំពើហិង្សានោះបណ្ដាលឲ្យសមាជិកលោក ២០នាក់របួសដែរ។ ក្នុងសំណុំរឿងនេះ មានអ្នកដឹកនាំសហជីពចំនួន ៤រូបផ្សេងទៀត ត្រូវចោទប្រកាន់ចំនួន ៣បទចោទដូចអ្នកដែលកំពុងជាប់ឃុំទាំង ២នាក់ដែរ។
អង្គការសង្គមស៊ីវិលចំនួន ៥០ស្ថាប័ន គាំទ្រការមិនប្រើប្រាស់សេវាកម្មក្រុមហ៊ុនកាពីតូល
អង្គការសង្គមស៊ីវិលចំនួន ៥០ស្ថាប័ន ប្រកាសគាំទ្រក្រុមសហជីពកម្មករដែលអំពាវនាវឲ្យសាធារណជន ពហិការប្រើប្រាស់សេវាកម្មក្រុមហ៊ុនកាពីតូល ដឹកជញ្ជូនអ្នកដំណើរ។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដែលចេញនៅថ្ងៃទី២៣ ខែកុម្ភៈ បានថ្កោលទោសករណីអំពើហិង្សាលើអតីតអ្នកបើកបរឡាន និងសមាជិកសហជីព ថាជាអំពើឃោរឃៅ។ ពួកគេក៏ទទូចឲ្យសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់បទចោទចំពោះអ្នកគ្មានកំហុស និងស្វែងរកអ្នកបង្កហិង្សាមកផ្ដន្ទាទោស។ អង្គការសង្គមស៊ីវិល បានភ្ជាប់សមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ទៅក្នុងការបង្កអំពើហិង្សា ចំណែកកម្លាំងសមត្ថកិច្ច គឺពុំបានរារាំងបញ្ឈប់អំពើហិង្សា។
ជំនួយការអគ្គនាយកក្រុមហ៊ុនទេសចរណ៍កាពីតូល លោក ភូ កុកវ៉ាន់ មានប្រសាសន៍ឆ្លើយតបថា ការអំពាវនាវនេះ គឺជាសេរីភាពរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ ប៉ុន្តែសាធារណជនទូទៅ បានដឹងពីបញ្ហាដែលធ្លាប់កើតឡើងក្នុងសេវាកម្មរបស់ក្រុមហ៊ុនលោកនាពេលកន្លងទៅ៖ « សំខាន់ គឺឋិតនៅលើហេតុផល និងភស្តុតាងច្បាស់លាស់ថា អ្នកណាជាអ្នកខុស ? អ្នកណាជាអ្នកបំពានច្បាប់ ? ចឹងអតិថិជនគាត់ជាអ្នកដឹងច្បាស់ជាងក្រុមហ៊ុនទៀត ព្រោះថា អតិថិជនគាត់នៅជាមួយគាត់ ធ្វើដំណើរជាមួយតៃកុងឡានច្រើនជាងតៃកុងឡាននៅជាមួយក្រុមហ៊ុនទៅទៀត។ ចឹងអ្នកណាខូច មិនខូច ? អតិថិជនគាត់អាចដឹងច្បាស់ជាងគេ។ ចំពោះអ្នកដែលត្រូវបណ្ដេញចេញ គឺអ្វីៗយើងបានធ្វើតាមក្របខ័ណ្ឌច្បាប់អស់ហើយ។ យើងបណ្ដេញពួកគាត់ចេញដោយសារតែពួកគាត់បានប្រព្រឹត្តកំហុស »។
លើសពីនេះ ក្រុមអង្គការសង្គមស៊ីវិល បានជំរុញឲ្យក្រុមហ៊ុនកាពីតូល ទទួលយកអតីតអ្នកបើកបរទាំង ៤៥នាក់ ត្រឡប់ចូលធ្វើការវិញ និងទម្លាក់ចោលបទចោទលើអតីតអ្នកបើកបរឡានដែលកំពុងជាប់ឃុំ និងថ្នាក់ដឹកនាំសហជីពចំនួន ៤នាក់ផ្សេងទៀត ដែលត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធករណីអំពើហិង្សាដដែលនេះ។ ការទាមទារឲ្យទទួលយកអតីតអ្នកបើកបរឡាន ចូលធ្វើការឡើងវិញនេះ លោក ភូ កុកវ៉ាន់ ឆ្លើយថា ក្រុមហ៊ុនរក្សាជំហរដដែល ដ្បិតការបណ្ដេញចេញនោះ ក្រុមហ៊ុនឈរលើមូលដ្ឋានច្បាប់ត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។